កម្មករ​រោងចក្រ​ធាន​ធាន​ដែល​ថៅកែ​រត់​ចោល​រំពឹង​ថា​ទទួល​បាន​ការ​ទូទាត់​ប្រាក់​ខែ

តំណាង​សហជីព​កម្មករ​រោងចក្រ​កាត់​ដេរ​ឈ្មោះ ធាន ធាន (Thien Thien) នៅ​ខេត្ត​កណ្ដាល ដែល​ថៅកែ​រត់​ចោល នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ សប្ដាហ៍​ក្រោយ អំពី​បណ្ដឹង​ទាមទារ​ប្រាក់​ខែ​កម្មករ។ ទន្ទឹម​គ្នា​នេះ ខាង​តំណាង​កម្មករ​បារម្ភ​ថា កម្មករ​អាច​មិន​ទទួល​ប្រាក់​សំណង​ពេញលេញ។

ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី ឯករាជ្យ និង​ប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​៣១ មករា ថា លោក​រំពឹង​ថា​នឹង​បាន​ទទួល​ការ​សម្រេច​របស់​តុលាការ អំពី​ការ​ទូទាត់​ប្រាក់​ខែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ៖ «ថ្ងៃ​ទី​៣ ហ្នឹង ធ្វើ​សវនាការ​ហើយ​បង ធ្វើ​សវនាការ​សម្រេច បើ​តាម​ប្រធាន​មន្ទីរ គាត់​ប្រកាស​ប្រាប់​កម្មករ​ថា ដឹង​ស​ខ្មៅ​ហើយ​ថ្ងៃទី​៣ ហ្នឹង»

លោក យ៉ង់ ផាន្នី ឲ្យ​ដឹង​ដែរ​ថា ការ​ឡើង​ទៅ​បំភ្លឺ​នេះ គឺ​តាម​រយៈ​ដីកា​របស់​តុលាការ​ខេត្ត​កណ្ដាល ថ្ងៃ​ទី​២០ មករា ចុះ​ហត្ថលេខា​ដោយ​លោក​ចៅក្រម​ជម្រះ ផូង វណ្ណ ដែល​ឲ្យ​ពួក​លោក​ចូល​ទាញ​ហេតុផល​ផ្ទាល់​មាត់​អំពី​បណ្ដឹង​នេះ។ ទន្ទឹម​គ្នា​នេះ​ដែរ តុលាការ​ខេត្ត​កណ្ដាល ក៏​ចេញ​ដីកា​កោះ​ហៅ​ចុង​ចម្លើយ​ភាគី​ខាង​រោងចក្រ​ដែរ ដែល​មាន​ថៅកែ​ឈ្មោះ ចេង យូចេន (Zheng Yuzhen)

ទាក់ទង​នឹង​ដីកា​របស់​តុលាការ​ខេត្ត​កណ្ដាល នេះ អាជ្ញាធរ​ដែនដី មេ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល គឺ​លោក ពេញ ផល បញ្ជាក់​ថា លោក​បាន​ទទួល​ដីកា​នេះ​តាម​រយៈ​មន្ត្រី​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​២២ មករា៖ «ដីកា​ខាង​តុលាការ​ហ្នឹង ថ្ងៃ​ទី​២២ គេ​ឲ្យ​ខ្ញុំ​យក​ទៅ​បិទ​កន្លែង​រោងចក្រ​ហ្នឹង​បាទ»

លោក​មេ​ឃុំ ពេញ ផល ចារ​បញ្ជាក់​នៅ​លើ​ដីកា​កោះ​របស់​តុលាការ​ខេត្ត​កណ្ដាល ថា សាមី​ខ្លួន​ចុង​ចម្លើយ​ដែល​មាន​ឈ្មោះ ចេង យូចេន (Zheng Yuzhen) មិន​នៅ​រោងចក្រ​ទេ ហើយ​រត់​ចោល​រោងចក្រ​ជា​យូរ​មក​ហើយ។ លោក​មិន​ដឹង​ថា អ្នកស្រី ចេង យូចេន នៅ​ទីណា​ទេ។

ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី ឯករាជ្យ និង​ប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​កាត់​ដេរ ធាន ធាន បាន​រត់​ចោល​កម្មករ​ដោយ​មិន​បាន​ទូទាត់​ប្រាក់​ឈ្នួល ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៥។ លោក​ថា រោងចក្រ​នេះ​ជា​រោងចក្រ​មាន​លក្ខណៈ​តូច​ដូចជា​បើក​លួច​លាក់ ម៉ៅការ​ការងារ​បន្ត​ពី​គេ ហើយ​មិន​ស្ថិត​នៅ​ក្នុង​សមាគម​រោងចក្រ​ទេ។ កម្មករ​ចំនួន ១៦៤​នាក់ ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ ធាន ធាន នេះ​រយៈពេល​ជិត ២​ឆ្នាំ។ លោក យ៉ង់ ផាន្នី ប៉ាន់​ប្រមាណ​ថា ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​ទូទាត់​ជូន​កម្មករ ១៦៤​នាក់​នេះ មាន​ចំនួន ៥​ម៉ឺន​ដុល្លារ៖ «តែ​ខ្ញុំ​តាម​មើល​គ្រប់​មិន​គ្រប់​ទេ​មើល​ទៅ ព្រោះ​សរុប​ទឹក​លុយ​នៅ​ក្នុង​រោងចក្រ កម្មករ​សរុប​ទាំងអស់ ១៦៤​នាក់​ហ្នឹង គិត​ទៅ ៥​ម៉ឺន​ដុល្លារ​ជាង ហើយ​ម៉ាស៊ីន​សល់​តែ ៥០​ម៉ាស៊ីន​ជាង តាម​ខ្ញុំ​សរុប​ជាមួយ​ប្រធាន​មន្ទីរ​តុលាការ​អាជ្ញាធរ​ដែនដី មើល​ទៅ​ហាសិប​ប៉ុន្មាន​ម៉ាស៊ីន មិន​គ្រប់​ទេ។ យើង​តូតាល់ (សរុប) មើល​ទៅ មិន​សមាមាត្រ​នឹង​ប្រាក់​ខែ​របស់​គាត់។ យើង​មើល​ទៅ​បាន​ប្រហែល​ជា ២ ឬ ៣​ម៉ឺន​យ៉ាង​ច្រើន។ ម៉ាស៊ីន​វា​រាង​ចាស់ៗ​ដែរ​ហើយ»

ទាក់ទង​នឹង​ការ​ទទួល​ដីកា​កោះ​ឲ្យ​ភាគី​កម្មករ និង​រោងចក្រ ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កណ្ដាល លោក ថុល លាង បាន​ទេ នៅ​ថ្ងៃ​ទី​៣១ មករា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៤ មករា លោក​មាន​ប្រសាសន៍​ថា លោក​រង់ចាំ​នីតិវិធី និង​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត ដើម្បី​សម្រប​សម្រួល​បញ្ហា​កម្មករ​ទាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។