អនុប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច​ស្នើ​រៀបចំ​សិក្ខាសាលា​ដោះស្រាយ​ការ​ចោទ​ប្រកាន់

អនុប្រធាន​ទី​២ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស រៀបចំ​សិក្ខាសាលា​មួយ​ដោះស្រាយ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។

លោក ញឹក ប៊ុនឆៃ ជា​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ដើម្បី​ដោះស្រាយ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក គួរ​គណបក្ស​រៀបចំ​សិក្ខាសាលា​មួយ​ដែល​មាន​របៀបវារៈ​បី​សំខាន់ គឺ​អង្គ​ហេតុ​ដែល​នាំ​ឲ្យ​មាន​សមាជ​វិសាមញ្ញ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦ ការ​ដោះ​ដូរ និង​លក់​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​មូលហេតុ​ដែល​នាំ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​សូន្យ​កៅអី​នៅ​ឆ្នាំ​២០១៣ ហើយ​លទ្ធផល​សិក្ខាសាលា នឹង​បង្ហាញ​ការ​ពិត​ពី​បញ្ហា​ទាំង​នេះ ហើយ​ទុក​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​គណបក្ស។

ការ​ស្នើ​នេះ លោក ញឹក ប៊ុនឆៃ ហាក់​ចង់​វាយ​បក បន្ទាប់​ពី​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ចោទ​ប្រកាន់​មន្ត្រី​របស់​ខ្លួន​ថា ជា​អ្នក​ស៊ី​បាយ​បោក​ឆ្នាំង នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ មករា។

លោក ញឹក ប៊ុនឆៃ បាន​បំភ្លឺ​ទៅ​នឹង​បន្ទូល​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​នេះ​ថា លោក​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បង្កើត​ក្រុម​ប្រឹក្សា​វិន័យ​សម្រាប់​ដាក់​វិន័យ​លើ​សមាជិក​គណបក្ស ប៉ុន្តែ​សុំ​កុំ​យក​សមាសភាព​តែ​បក្ខពួក​ខ្លួន ហើយ​មក​ដាក់​វិន័យ​ដេញ​អ្នក​ហ៊្វុនស៊ិនប៉ិច ចាស់​ចេញ​ឲ្យ​សោះ។ លោក​បន្ត​ថា ក្រុម​ប្រឹក្សា​វិន័យ​គណបក្ស ត្រូវ​ទទួល​យក​ពាក្យ​សុំ​របស់​សមាជិក​គណបក្ស​គ្រប់​រូប ដើម្បី​យក​មក​វិនិច្ឆ័យ​ឲ្យ​ស្មើ​ភាព​គ្នា​នូវ​រាល់​កំហុស​របស់​បុគ្គល​ក្នុង​បក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។