គោលដៅ៥ សម្រាប់​ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​យប់​នេះ

គោលដៅ៥ សម្រាប់​ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​យប់​នេះ

ប្រភព​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​បាន​បញ្ជាក់​ថា វេលា​ម៉ោង១១ យប់​ថ្ងៃ​ទី៣១ ខែ​មករា​នេះ​នឹង​មាន​ការ​ចុះ​ពិនិត្យ​ជាតិ​ស្រវឹង ៥​គោលដៅ​ផ្សេង​គ្នា ដើម្បី​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ឲ្យ​មាន​ប្រសិទ្ធភាព។

 

​​គោល​ដៅ​ទាំង៥ ដែល​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​នៅ​យប់​ថ្ងៃ​ទី៣១ ខែ​មករា​នេះ​មាន៖

១. ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ចំណុច​មុខCDC ខណ្ឌដូនពេញ
២. ផ្លូវព្រះមុនីវង្ស ចំណុច​ឃ្លាំង​សាលា​បឹងត្របែក ខណ្ឌ​ចំការមន
៣. ផ្លូវ ៦អា ចំណុច​គល់​ស្ពាន​ខាង​កើត ខណ្ឌ​ជ្រោយចង្វារ
៤. ផ្លូវព្រះសីហនុ ស្តុបវត្តមហាមន្រ្តី ខណ្ឌ ៧មករា
៥. ផ្លូវ ៥៩៨ មុខ​វិហារ​យេស៊ូគ្រិស្ត ខណ្ឌ​សែនសុខ

 

គោលដៅ៥ សម្រាប់​ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​យប់​នេះ

 

កង​កម្លាំង​ចម្រុះ​នឹង​ប្រជុំ​ជួរ​វេលា​ម៉ោង ១០:៣០​នាទី បន្ទាប់​មក​ទើប​ចាប់​ផ្ដើម​អនុវត្ត​ត្រួត​ពិនិត្យ​ចាប់​ពី​ម៉ោង ១១:០០​នាទី​តទៅ។ មន្ត្រី​ប៉ូលិស​មួយ​រូប​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​សម្រេច​ជ្រើស​រើស​ម៉ោង​នេះ ព្រោះ​ទុក​ពេល​ឲ្យ​បងប្អូន​ដែល​ចូល​រួម​សប្បាយ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ អាច​វិល​ត្រលប់​ទៅ​គេហដ្ឋាន​រៀង​ខ្លួន។

 

កាល​ពី​យប់​ថ្ងៃ​ទី៣០ ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ទាំង​រាជធានី-ខេត្ត​ចាប់​ពី​ម៉ោង ១១:០០​នាទី រហូត​ដល់​ម៉ោង ២:០០​នាទី ​រំលង​អាធ្រាត្រ បាន​ធ្វើ​ឡើង​លើ​យានយន្ត​សរុប ១៧៣៧​គ្រឿង ដែល​ក្នុង​នោះ​មាន​រថយន្ត ៦៦៤​គ្រឿង, ម៉ូតូ ១០៧៣​គ្រឿង។ លទ្ធផល ​រក​ឃើញ​ជាតិ​ស្រវឹង ៣៥៥​នាក់ ស្មើ​នឹង ២០​ភាគ​រយ។ មន្ត្រី​ប៉ូលិស​បាន​អប់រំលើអ្នក​បើកបរ​ ១៣៥​នាក់, ផាក​ពិន័យ ២០៦​នាក់ និង​ឃាត់​ខ្លួន ១៤​នាក់ ព្រោះ​មាន​ជាតិ​ស្រវឹង​ពី ០,៥២ ដល់ ១,២០​។

 

តាម​មាត្រា​៧៧ ជន​ណា​បើក​បរ​យានយន្ត​នៅ​ពេល​ដែល​ខ្លួន​ស្ថិត​ក្នុង​ភាព​ស្រវឹង ដោយ​មាន​ជាតិ​អាល់កុល​ចាប់​ពី ០,40 (សូន្យ​ក្បៀស​សែ​សិប) ​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឬ​ចាប់​ពី ​0,80 (សូន្យ​ក្បៀស​ប៉ែត​សិប) ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ ខែ ទៅ ៦ ខែ និង​ ពិន័យ​ជា​ប្រាក់​ ៨០០ ០០០ រៀល (ប្រាំ​បី​សែន​រៀល​) ទៅ ​៤០០០ ០០០ រៀល (បួន​លាន​រៀល)៕

 

ប្រភព៖ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ