កាន់តែអស្ចារ្យ! ពាន Khmer Real Estate Cup-2016 នឹងមានមូលនិធិ ជួយមន្ទីរពេទ្រ គន្ធបុប្ឋា

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ មិនអាជីព Khmer Real Estate Cup រដូវកាលទី៥ គ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ ខាងមុខនេះ ហើយ ។ នេះបើតាមការឲ្យដឹងពី លោក គីម ហ៊ាង អ្នកផ្ដួចផ្ដើមគំនិតរៀបចំ ព្រឹត្តិការណ៍នេះ ហើយលោកក៏នឹងបង្កើតមូលនិធិមួយ ដើម្បីប្រមូល ថវិការសប្បុរសធម៌ជួយដល់ មន្ទីរពេទ្រគន្ធបុប្ឋា ។

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានថ្លែងឲ្យដឹងថា តាមគម្រោងឆ្នាំនេះ លោកអនុញ្ញាតឲ្យក្រុមបាល់ទាត់ មិនអាជីព មកពីស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា ចំនួន ២០ក្រុម ចូលរួមដដែល ដោយត្រូវប្រកួតលើទីលាន ចំនួន ២ផ្សេងគ្នា គឺទីលានដំរីស និងទីលាន Son Bosco ។ ប៉ុន្ដែការដាក់ពាក្យ ចូលរួមឆ្នាំនេះ ក្រុមនីមួយៗ ត្រូវបង់ប្រាក់ចំនួន ១០០ដុល្លារ ដើម្បីដាក់បញ្ចូលក្នុងមូលនិធិ ជួយដល់មន្ទីរពេទ្រ គន្ធបុប្ឋា ដោយគ្មានការដកយក មកប្រើប្រាស់អ្វីឡើយ ។

លោក គីម ហ៊ាង បានបញ្ជាក់ថា «ដោយក្ដីស្រលាញ់វិស័យបាល់ទាត់ ខ្ញុំបានចំណាយថវិការ ផ្ទាល់ខ្លួនបង្កើតពាន Khmer Real Estate Cup ចំនួន ៤លើករួចមកហើយ (២០១២-២០១៥) ប៉ុន្ដែខ្ញុំមិនធ្លាប់តម្រូវឲ្យក្រុមចូលរួម ទាំងអស់បង់ប្រាក់ ឬយកប្រាក់ទាំងនោះ ជួយដល់សង្គមឡើយ គ្រាន់តែតម្រូវឲ្យមានការបង់ប្រាក់ តម្កល់ប៉ុណ្ណោះ» ។

ឆ្នាំ២០១៦នេះ ខ្ញុំចង់ផ្សាភ្ជាប់សកម្មភាពកីឡា ទៅនឹងសង្គម ដោយខ្ញុំតម្រូវឲ្យ ក្រុមចូលរួមទាំងអស់ ត្រូវបង់ប្រាក់ ១០០ដុល្លារក្នុងមួយក្រុម ។ បើ ២០ក្រុមចូលរួម គឺទទួលបាន ២ពាន់ដុល្លារ ហើយខ្ញុំនឹងបន្ថែម ៥០០ដុល្លារទៀត បញ្ចូលក្នុងមូលនិធិ សម្រាប់រួមចំណែកជួយដល់ មន្ទីរពេទ្រគន្ធបុប្ឋា ប៉ុន្ដែបើសិនកីឡាករណាម្នាក់ ឬក្រុមណាមួយមានលទ្ទភាព គឺអាចចូលរួមបន្ថែមបាន។ នេះបើតាមការបញ្ជាក់របស់លោក គីម ហ៊ាង ។

អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេតរូបនេះ បានបន្ថែមថា ក្រៅពីបន្ថែមសកម្មភាពមនុស្សធម៌ គោលដៅនៃការប្រកួតពាន Khmer Real Estate Cup គឺរក្សានៅដដែល មានន័យថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិនអាជីពនេះ គឺដើម្បីរឹងចំណងសាមគ្គីភាព មិត្តភាព និងបង្កើតទំនាក់ទំនងល្អ រវាងបុគ្គលិកក្រុមហ៊ុន និងស្ថាប័នរដ្ឋនានា ហើយក៏ដើម្បីអនុញ្ញាតឲ្យយុវជន បានបញ្ចេញសមត្ថភាពក្នុងវិស័យកីឡា ដើម្បីទទួលបានសុខភាពល្អ ផងដែរ ។

សូមរំឮកថា ពានរង្វាន់ Khmer Real Estate Cup បានបង្កើនឡើងក្នុងឆ្នាំ២០១២ មាន ១៤ក្រុមចូលរួម ជើងឯកបានទៅលើក្រុមរុក្ខកីឡា ។ ឆ្នាំបន្ទាប់ (២០១៣) មាន ១៦ក្រុមចូលរួម ជើងឯកបានទៅលើក្រុម Christianai FC និងឆ្នាំ២០១៤ មាន ១៦ក្រុមចូលរួម ជើងឯកបានទៅលើក្រុម Amru FC រីឯជើងឯកឆ្នាំ២០១៥ បានទៅលើក្រុម Christianair FC ដោយមានក្រុមចូលរួមប្រកួត ប្រជែងចំនួន ២០ក្រុម ។ ក្នុងរយៈពេល ៤ឆ្នាំ ពាននេះ បានទទួលការ ចាប់អារម្មណ៍ និងមានការគាំទ្រយ៉ាងច្រើន ទោះបីមិនមែនជាពាន អាជីពក៏ដោយ ៕

កាន់តែអស្ចារ្យ! ពាន Khmer Real Estate Cup-2016 នឹងមានមូលនិធិ ជួយមន្ទីរពេទ្រ គន្ធបុប្ឋា

កាន់តែអស្ចារ្យ! ពាន Khmer Real Estate Cup-2016 នឹងមានមូលនិធិ ជួយមន្ទីរពេទ្រ គន្ធបុប្ឋា