បុរសម្នាក់ បានស្លាប់ភ្លាមៗ និងពីរនាក់ទៀត បានរងរបួសធ្ងន់

បាត់ដំបង៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងពីរទៀតបានរងរបួសធ្ងន់ ខណៈកំពុងរើធ្យូងចេញពីក្នុងឡ ហើយត្រូវភ្លើងឆាបឆេះ ប្រកាច់ស្លាប់ភ្លាមៗ បើទោះជាប្រពន្ធ និងកូនជួយទាញចេញពី ឡ ដើម្បីសង្គ្រោះក៍មិនទាន់។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ ជនរងគ្រោះជាមួយប្រពន្ធ និងកូនប្រុសម្នាក់ បានទៅបើកឡ ក្នុងគោលបំណងប្រមូលធ្យូងចេញមកខាងក្រៅ ច្រកការ៉ុងលក់អោយម៉ូយ ដូចរាល់ដង ប៉ុន្តែពេលដែលកំពុងប្រមូលធ្យូងបានជិតពាក់កណ្តាល រងឺកភ្លើង ដែលនៅឆេះងំបានប៉ះ ជាមួយអុសដែលមិនទាន់ឆេះសប់ ក៍ឆាបឆេះរាលឡើងពេញរណ្តៅឡ ដែលមានជម្រៅជាង១ម៉ែត្រ និងទំហំ ៣ x ៤ម៉ែត្រ ធ្វើអោយជនរងគ្រោះគេច មិនទាន់ក៍ប្រកាច់ចូល ក្នុងភ្នក់ភ្លើងស្លាប់តែម្តង។

ជុំវិញទៅនឹងករណី គួរអោយរន្ធត់នេះផងដែរ លោក សន និល អធិការនគរបាលរង ស្រុករតនៈមណ្ឌល បានបញ្ជាក់ថា បន្ទាប់ពីជនរងគ្រោះជា ប្តីត្រូវបានភ្លើងឆាបឆេះដួលប្រកាច់ ភ្លាមៗនោះប្រពន្ធ និងកូនក៏បានព្យាយាមជួយសង្គ្រោះដែរ តែមិនបានសម្រេចថែមទាំង រងរបួសខ្លួនឯងទៀតផង។

ហេតុការណ៍ដែលកើតឡើង ខាងលើនេះស្ថិតក្នុង ភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។ សមត្ថកិច្ចប្រាប់ថាជនរងគ្រោះ ដែលត្រូវភ្លើងឆេះស្លាប់ មានឈ្មោះ យួន ស៊ត ភេទប្រុស អាយុ៤៨ឆ្នាំជាប្តី ប្រពន្ធឈ្មោះឆែម ដេត អាយុ៤៥ឆ្នាំ រងរបួសឆេះដងខ្លួននិងខ្នង និងម្នាក់ទៀតឈ្មោះ យួន វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ រងរបួសដែរត្រូវបាន រថយន្តសង្គ្រោះ របស់អធិការដ្ឋាន នគរបាលស្រុករតនៈមណ្ឌល ដឹកយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យស្រុកភ្លាមៗផងដែរ៕

បុរសម្នាក់ បានស្លាប់ភ្លាមៗ និងពីរនាក់ទៀត បានរងរបួសធ្ងន់

បុរសម្នាក់ បានស្លាប់ភ្លាមៗ និងពីរនាក់ទៀត បានរងរបួសធ្ងន់