រដ្ឋមន្ត្រីក្រសួង​អប់រំ អំពាវនាវ​ឲ្យ​សិស្ស​មក​សាលារៀន ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​

ភ្នំពេញ: ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នៅថ្ងៃ៨ខែកុម្ភៈខាងមុខនោះ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អំពាវនាវ​ទៅ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​មក​សាលារៀន កុំ​គេចវេះ​ដើរលេង​មិន​ចូល​សាលា ជាពិសេស​ឪពុកម្តាយ ត្រូវ​តាមដាន​និង​ជំរុញ​ឲ្យ​កូន​មក​សាលារៀន​។ ការអំពាវនាវ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​អាំង​តែ​កុងទីណង់តាល់​។​
 
​ពាក់ព័ន្ធ​នឹង​សិស្ស​មិន​មក​រៀន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខ​នោះ លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា ក្រសួង​បាន​អំពាវនាវ​ទៅដល់​សិស្សានុសិស្ស​ទាំងអស់ និង​ជាពិសេស​អ​នា​ព្យាបាល​ទាំងអស់​ត្រូវ​ជំរុញ​ឲ្យ​កូន​មក​សាលារៀន​។ លោក​បាន​លើក​ជា​សំនួ​រថា មូលហេតុ​អ្វី​បានជា​សិស្ស​អត់​ទៅ​រៀន​?

 លោក​បាន​បញ្ជាក់ថា "​គឺ​ទាំងអស់គ្នា ស្រាប់តែ​បាត់​អស់ពី​ភ្នំពេញ ទៅ​ខេត្ត​ទាំងអស់គ្នា​។ អីចឹង​យើង​ឃើញ​ហើយ​ថា ចូលឆ្នាំ​ចិន​ទៅ​ខេត្ត​អស់រលីង ដូច្នេះ​យើង​ទៅ​បន្ទោស​សិស្ស​មិនកើត​ទេ គឺ​ម៉ែឪ​"​។​

​លោក​រដ្ឋមន្ត្រី ក៏​អំពាវនាវ​សូម​ឲ្យ​ចូលរួម​ទាំងអស់គ្នា ព្រោះ​វា​ជា​រឿង​របស់​យើង​អស់​គ្នា ដូច្នេះ​យើង​ត្រូវ​ចូល​អប់រំ​ទាំងអស់គ្នា​។

​ការអំពាវនាវ​ពី​សំណាក់​លោក​រដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​ស្របពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន នឹង​ខិតជិត​ចូល​មកដល់​នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហើយ​ជាមួយគ្នា​នោះដែរ ឲ្យ​តែ​ដល់​ថ្ងៃ​ចូលឆ្នាំ​ចិន សិស្ស​ភាគច្រើន​មិន​បានមក​រៀន​នោះទេ គឺ​ពួកគេ​បាននាំគ្នា​ដើរលេង ឬ​ទៅតាម​ឪពុកម្តាយ​ចូលរួម​បុណ្យចូលឆ្នាំ​ចិន​ដែរ​៕​

រដ្ឋមន្ត្រីក្រសួង​អប់រំ អំពាវនាវ​ឲ្យ​សិស្ស​មក​សាលារៀន ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​