បួស​ដើម្បី​អ្វី​?

​អ្នកបួស​មាន​លក្ខណៈផ្សេង​ពីគ្នា ទៅតាម​សាសនា និង​ជាតិ​សាសន៍​នីមួយៗ​។ តួយ៉ាង​ដូចជា អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា អ្នកបួស​ក្នុង​សាសនា​គ្រិស្ត អ្នកបួស​ក្នុង​សាសនា​អ៊ិ​ស្លាម អ្នកបួស​ក្នុង​សាសនា​ព្រហ្ម​ណ៍ ជាដើម ដែល​ប្រតិបត្តិ​និង​ដើរ​តាម​គន្លង​ឱវាទ​សាសនា​របស់ខ្លួន​ផ្សេងៗ​ពីគ្នា​។ ចុះ​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា តើ​បួស​ដើម្បី​អ្វី​?

​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា មាន​កាតព្វកិច្ច​ធំៗ​ពីរ គឺ​បួស​ដើម្បី​បំពេញ​វិបស្សនាធុរៈ និង​បួស​ដើម្បី​បំពេញ​គន្ថធុរៈ​។ អ្វី​ជា​វិបស្សនាធុរៈ ហើយ​អ្វី​ជា​គន្ថធុរៈ​?

​វិបស្សនាធុរៈ គឺ​ការបំពេញ​នូវ​វិបស្សនា ការធ្វើ​សមាធិ ដើម្បី​ដុត​កម្លោច​នូវ​កិលេស ពោលគឺ​ការ​កម្ចាត់​ឲ្យ​អស់​ទៅ​នូវ លោភៈ ទោសៈ មោហៈ ដែល​ស្ថិតនៅក្នុង​ខន្ធ​សន្តាន​។ ជាទូទៅ វិបស្សនាធុរៈ​នេះ គឺជា​កាតព្វកិច្ច​របស់​ព្រះសង្ឃ ដែលមាន​ព្រះជន្ម​ច្រើន កម្លាំង​ពលំ​ចុះខ្សោយ បញ្ញា​អន់ថយ មិនអាច​សិក្សា​រៀនសូត្រ​ឲ្យ​ចេះ​ចាំ​និង​ស្ទាត់ជំនាញ នូវ​ព្រះ​ពុទ្ធោវាទ ឲ្យ​ដូច​ព្រះសង្ឃ​ក្មេងៗ ឡើយ​។ 

​ចំណែកឯ គន្ថធុរៈ ជាការ​បំពេញ​នូវ​ព្រះ​បរិយត្តិ ពោល​គឺជា​សិក្ខា​រៀនសូត្រ​នូវ ព្រះ​ត្រៃ​បិ​កដ ធម៌​វិន័យ ភាសាបាលី​-​សំស្ក្រឹត និង​វិទ្យា​ផ្សេងៗ ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពុទ្ធបរិស័ទ ឲ្យ​យល់​ពី​ព្រះពុទ្ធ​ឱវាទ និង​ខ្លឹមសារ​ជីវិត ដែលជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ដើរ​តាម​គន្លង​ផ្លូវ​សុច​រឹត ឆ្ពៅ​ទៅកាន់​សុខ​សុ​មង្គល​។ គន្ថធុរៈ​នេះ គឺ​សម្រាប់​ព្រះសង្ឃ​វ័យក្មេង ហើយ​បញ្ញា និង​កម្លាំងកាយ ក៏​នៅ​ខ្លាំងក្លា ដែល​អាច​តស៊ូ​នឹង​ភាពលំបាក​ក្នុងការ​ស្វែងរក​ចេះ​វិទ្យា យកទៅ​អប់រំ​និង​ដឹកនាំ​មនុស្ស ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​។

​យ៉ាងណាក៏ដោយ ព្រះពុទ្ធ​មិនបាន​បែងចែក ថា​ព្រះសង្ឃ​មាន​វ័យចាស់ ត្រូវតែ​ធ្វើ​វិបស្សនា ហើយ​ព្រះសង្ឃ​មាន​វ័យក្មេង​ត្រូវតែ​រៀនសូត្រ​នោះទេ​។ ប្រសិនបើ​ព្រះសង្ឃ​អាចបំពេញ​កាតព្វកិច្ច​ទាំងពីរ​ផ្នែក​នេះ​បាន គឺ​រឹង​តែ​ល្អប្រសើរ គ្រាន់តែ​ថា ប្រសិនបើ​ព្រះសង្ឃ​អង្គណា​មាន​វ័យ​ច្រើន មិនអាច​សិក្ខា​ឲ្យ​ចេះ​ចាំ​ទេ គប្បី​និមន្ត​ទៅធ្វើ​វិបស្សនា ទើប​ប្រសើរ​ជាង រីឯ​ព្រះសង្ឃ​ក្មេងៗ ដែល​ការចងចាំ​នៅ​ល្អ ហើយ​កម្លាំង​ក៏​នៅមាន គួរ​គប្បី​សិក្សា​រៀនសូត្រ​យកចំណេះ​ដឹង​ទៅ​ស្រោចស្រង់​មនុស្ស​ឲ្យ​ផុត​ទុក្ខ ទើប​ប្រពៃ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​