ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​បាន​ធ្វើការ​បញ្ជូន​សព​ពលករ​ខ្មែរ​ម្នាក់​ត្រឡប់​ឱ្យ​សាច់ញាតិ​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោងជាង​០៥​ល្ងាច​ថ្ងៃ​ទី​៣១ មក​រា ២០១៦ ក្រោយ​ពី​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​កម្ពស់​៤​ជាន់ លើ​ទឹកដី​ថៃ​ខេត្ត​ប្រា​ធំ​ថា​នី ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អោ សន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កម្មករ​សំណង់​ក្នុង​ខេត្ត​កើតហេតុ និង​មាន​ទីលំនៅ​ក្នុងភូមិ​គោក​ធ្លក ឃុំ​គោក​ធ្លក លើ​ស្រុក​ជីក្រែង ខេត្តសៀមរាប មាន​ប្រពន្ធ​ឈ្មោះ​អ៊ុំ សន អាយុ​៣៧​ឆ្នាំ បានឱ្យ​ដឹង​ថា គាត់​ក៏​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាមួយ​ប្តី​ដែរ តែ​ពេល​កើតហេតុ គាត់​ធ្វើការ​ឆ្ងាយ​ពី​ប្តី ។

ស្ត្រី​ខាងលើ​បន្ត​ថា ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​នោះ គឺ​មាន​មនុស្ស​២​នាក់ ដោយ​ម្នាក់​ជា​ជនជាតិ​ថៃ​កំពុង​អង្គុយ​ក្នុង​ខ្សែ​យោង​ជាមួយ ហើយ​ប្តី​គាត់​ឡើង​ធ្វើការ​ជញ្ជាំង​អគារ ស្រាប់តែ​ដាច់​ខ្សែ​យោង​នោះ​ធ្លាក់​មក​ដី តែ​ប្តី​របស់​គាត់​ស្លាប់​នៅ​និង​កន្លែង ចំណែក​បុរស​ជា​ជនជាតិ​ថៃ បាន​តោង​ខ្សែ​យោង​បាន​ហើយ​ធ្លាក់​ត្រឹមតែ​ជាន់​ទី​៣ ត្រូវ​កម្មករ​រួម​អាជីព​ជួយ​ទាន់ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​បាន​បញ្ជូន​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត  ហើយ​ត្រូវ​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។