វិចារណកថាៈ រឿងផ្លាស់ប្តូរមេដឹកនាំ ត្រូវគិតនៅឆ្នាំ ២០១៨

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បណ្តាញព័ត៌មានមួយចំនួន បានធ្វើការវិភាគ និងចុះផ្សាយជាបន្តបន្ទាប់ពីរឿងការចុះចេញ ពីតំណែងរបស់មេដឹកនាំ។ ប្រការនេះ បានបង្ហាញថា មានការយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា ប៉ុន្តែតាមពិនិត្យជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ការផ្លាស់ប្តូរមេដឹកនាំ ឬការចុះចេញពីអំណាច របស់មេដឹកនាំត្រូវគិតនៅឆ្នាំ២០១៨ ដែលជាដំណាក់កាល នៃការបោះឆ្នោតជាតិលើកទី ៦ ។ មានន័យថា ការផ្លាស់ប្តូរមេដឹកនាំ ឬការចុះចេញពីអំណាចរបស់មេដឹកនាំ មិនគួរលើកយកមកនិយាយក្នុងពេលនេះទេ ព្រោះប្រជាពលរដ្ឋម្ចាស់ឆ្នោតបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ឆ្នាំ២០១៨ ។ ប្រជាពលរដ្ឋតាមដានយ៉ាងច្បាស់ ចំពោះរាល់សកម្មភាពរបស់អ្នកនយោបាយ និងមេដឹកនាំនៅកម្ពុជា ដូច្នេះការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត គឺជារឿងត្រឹមត្រូវ ដើម្បីរក្សាទុក ឬផ្លាស់ប្តូរមេដឹកនាំតាមឆន្ទៈរៀងៗខ្លួន ស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ។

 តាមការវិភាគមួយចំនួន បានលើកឡើងថា មេដឹកនាំដែលឆ្លាត ជាមេដឹកនាំដែលរៀបចំគោលការណ៍ ដើម្បីចុះចេញពីតំណែងពីអំណាច នៅពេលដែលខ្លួននៅមានអំណាច និងមានប្រជាប្រិយភាព។ គេបានលើកឡើងទៀតថា មេដឹកនាំដែលស្រឡាញ់អំណាចមួយចំនួន មិនងាយបោះបង់អ្វីៗ ដែលមាននៅក្នុងកណ្តាប់ដៃរបស់ខ្លួនទេ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ និងមានទុក្ខលំបាកដល់ខ្លួន។ នេះជាសិទ្ធិរបស់អ្នកវិភាគ ចំពោះស្ថានការណ៍នយោបាយ និងបញ្ហាផ្សេងៗ ដែលកើតឡើងនៅកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក ។ ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ការផ្លាស់ប្តូរមេដឹកនាំតាមរយៈការបោះឆ្នោត គឺជារឿងសំខាន់ណាស់ ដើម្បីបង្ហាញពីឆន្ទៈប្រជាពលរដ្ឋ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ការចុះចេញពីតំណែង ឬអំណាចគឺជាការសម្រេចចិត្ត របស់មេដឹកនាំ ហើយប្រជាពលរដ្ឋអាចប្រើសិទ្ធិរបស់ខ្លួន ស្របទៅតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាស់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។

 អ្នកសង្កេតការណ៍ឯករាជ្យ ដែលតាមដានយ៉ាងដិតដល់ ចំពោះស្ថានភាពនយោបាយ ក្នុងប្រទេសកម្ពុជា បានលើកឡើងថា ការចុះចេញពីអំណាចរបស់អ្នកនយោបាយ និងមេដឹកនាំគួរគិតគូនៅឆ្នាំ២០១៨ ខាងមុខ មិនមែននៅពេលនេះទេ ព្រោះពេលវេលាមិនទាន់មកដល់។ អ្វីដែលសំខាន់ចាំបាច់បំផុតនាពេលនេះ គឺត្រូវធ្វើឲ្យស្ថាប័ន រៀបចំការបោះឆ្នោតមួយ ដែលមានភាពឯករាជ្យពិតប្រាកដ ដើម្បីឲ្យការបោះឆ្នោតអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ កន្លងមកការតវ៉ាទាំងឡាយ ដែលកើតមានក្រោយពេលបោះឆ្នោត គឺមកពីម្ចាស់ឆ្នោតពុំមានជំនឿ និងទំនុកចិត្តទៅលើស្ថាប័នរៀបចំការបោះឆ្នោត ។ ដូច្នេះការធ្វើឲ្យស្ថាប័នរៀបចំការបោះឆ្នោតមានភាពឯករាជ្យ អព្យាក្រឹតពិតប្រាកដ គឺជាប្រការសំខាន់បំផុត ដើម្បីចៀសវាងភាពមិនប្រក្រតី នៅពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត ពេលប្រកាសលទ្ធផលឆ្នោត ពេលបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាល។

នៅឆ្នាំ២០១៨ខាងមុខ គឺជាដំណាក់កាល ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោត ត្រូវសម្រេចរក្សាទុក ឬផ្លាស់ប្តូរមេដឹកនាំ ព្រោះពេញមួយអាណត្តិទី ៥ ពួកគាត់បានមើលឃើញយ៉ាងច្បាស់រាល់សកម្មភាព និងទង្វើររបស់មេដឹកនាំ ក៏ដូចជាអ្នកនយោបាយសំខាន់ៗ។ ការចុះចេញពីអំណាច ឬការចុះចេញពីតំណែងរបស់មេដឹកនាំ អាស្រ័យទៅតាមឆន្ទៈរបស់ម្ចាស់ឆ្នោត ព្រោះកម្ពុជាប្រកាន់យកនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ចំណុចនេះហើយ ដែលធ្វើឲ្យមេដឹកនាំ ឬអ្នកនយោបាយត្រូវយកចិត្តទុកដាក់កាន់តែខ្លាំង ក្នុងការបម្រើប្រយោជន៍ជាតិ បម្រើប្រយោជន៍ប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ ការពារបូរណភាពទឹកដី និងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។ ការលុបបំបាត់អំពើពុករលួយ ឬភាពសកម្មទាំងឡាយ គឺជាបញ្ហាសំខាន់បំផុត របស់អ្នកនយោបាយ និងមេដឹកនាំ ព្រោះរយៈពេល ៥ឆ្នាំ ក្នុងមួយអាណត្តិ គឺប្រជាពលរដ្ឋម្ចាស់ឆ្នោត បានដឹងរាល់បញ្ហាទាំងឡាយ ដែលកើតមានក្នុងសង្គម។

សរុបសេចក្តីមក ការចុះចេញពីអំណាច ឬបន្តកាន់អំណាចរបស់មេដឹកនាំ ឬអ្នកនយោបាយក្នុងប្រទេសកម្ពុជា ត្រូវយកមកគិតនៅឆ្នាំ២០១៨ខាងមុខ មិនមែននៅក្នុងដំណាក់ការនេះទេ។ អ្នកវិភាពនយោបាយ អ្នកបញ្ហាសង្គមក្នុងប្រទេសកម្ពុជា គួរពិនិត្យទៅលើស្ថានភាពជាក់ស្តែង និងគោរពសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ ស្របទៅតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកអ្នកនយោបាយ ឬមេដឹកនាំត្រូវពិនិត្យមើលរាល់សេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងបម្រើប្រជាពលរដ្ឋឲ្យបានល្អទៅតាមតួនាទីរបស់ខ្លួន ទើបជារឿងប្រសើរ។ ការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពង្រឹងសន្តិសុខសង្គម ការពារធនធានធម្មជាតិ ដោះស្រាយបញ្ហាជាតិសំខាន់ៗ សុទ្ធតែជាគោលដៅដែលប្រជាពលរដ្ឋ តាមដានដោយយកចិត្តទុកដាក់បំផុត។ ដូច្នេះនៅឆ្នាំ២០១៨ខាងមុខ ប្រជាពលរដ្ឋអាចប្រើសិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើសមេដឹកនាំតាមឆន្ទៈរបស់ខ្លួន ហើយលទ្ធផលនៃការបោះឆ្នោតស្របតាមឆន្ទៈម្ចាស់ឆ្នោតជាមិនខាន៕