ប៉ុនប៉ង ​រំលោភ​កូនស្រី​ចុង​ ហើយ​ពន្យុះ ​ឲ្យ​​ប្តឹង​ទៀត ត្រូវ​ឃាត់ខ្លួន

ខេត្តកំពត ៖ បុរស​ម្នាក់​ ត្រូវ​បាន​កម្លាំង​ កងរាជអាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន​ នាំ​មកកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ កាលពី​វេលា​ម៉ោង ​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៦ ដោយ​រង​ការ​ប្តឹង​ ចោទប្រកាន់​ថា បាន​ប៉ុនប៉ង​ រំលោភ​កូនស្រី​ចុង​ របស់​ខ្លួន​ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៦ កន្លង​មកនេះ នៅផ្ទះ​របស់​ខ្លួន​ ស្ថិត​ក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ។

យោង​តាម​សំដី ​ស្ត្រី​ជា​ម្តាយបង្កើត​ របស់​ក្មេង​ស្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា​បុរស​ឈ្មោះ ជិន សេង​ថុ​ល អាយុ​៤៩​ឆ្នាំ ដែល​ត្រូវជា​ប្តី​ក្រោយ ​របស់​ខ្លួន កាលពី​ព្រលប់ ​មាន​បងប្រុស​បង្កើត ​របស់​ខ្លួន​ មក​លេង​ផ្ទះ រួច​បាន​ហូប​ចុក និង​ផឹកស្រា​បៀរ​ អស់​២​កេះ​ គ្នា​៣​នាក់ ។ បន្ទាប់​ពី​ឈប់​ហូប បង​ៗ​ក៏​បើករថយន្ត​ ចេញ​ទៅ​ដេក​ផ្ទះសំណាក់​អស់​ទៅ ដោយឡែក​ប្តី​របស់​ខ្លួន​ ដែល​ប៉ុន្មាន​ថ្ងៃមុន​នេះ​ បាន​ទាស់​សំដី​គ្នា​ ជាមួយខ្លួន​ ក៏​បាន​ចូល​ទៅ​ដេក​ ក្នុង​បន្ទប់​មួយ​ ជា​មួយកូនស្រី​ពៅ​បង្កើត​ អាយុ​៣​ ឆ្នាំ ឯ​ខ្លួន​ដេក​ក្នុង​បន្ទប់​ផ្សេង ។ ស្រាប់តែ​នៅ​វេលា​កើតហេតុ ​ប្តី​ខ្លួន​បាន​លួច​ចេញពី​បន្ទប់ដេក ទៅ​គោះ​ទ្វា​ បន្ទប់​កូនស្រី ។ ដោយ​ស្មានថា ​បងស្រី​វា​គោះ​ទ្វា កូនស្រី​ដែល​ទើបតែ ​មាន​អាយុ​១៤​ឆ្នាំ​ក៏​បើកទ្វា​ឲ្យ ស្រាប់តែ​ឪពុកចុង ​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់ ​រួច​ចាប់​ឱប​បម្រុង​រំលោភ តែ​កូនស្រី​រើបម្រះ រួច​ស្រែក​ប្រាប់​ខ្លួន​ជា​ម្តាយ ពេល​ខ្លួន​ទៅ​ជួយ​កូន​ហើយ បាន​ស្តីបន្ទោស​ឲ្យ​ប្តី ពេល​នោះ​ត្រូវ​ប្តី ​រូប​នេះ​ ទះ​ចំ​កណ្តាល​មុខ​ខ្លួន​ ២-៣​ដៃ​ទៀត​ផង មិនតែប៉ុណ្ណោះ ​ថែម​ទាំង​ពន្យុះ​ ឲ្យ​ខ្លួន​ទៅ​ប្តឹង​សមត្ថកិច្ច​ទៀត​ផង ។

ស្ត្រី​ជា​ប្រ​ព​ន្ឋ​បាន​បន្ត​ថា ខ្លួន​មិន​ចង់​ប្តឹង​ ឲ្យ​វែង​ឆ្ងាយ​ទេ គិត​ថា​ប្តី​ប្រ​ព​ន្ឋ​ មានរឿង​ផ្ទៃក្នុង​គ្រួសារ ​អាច​និយាយ​អប់រំ​គ្នា​ឲ្យ​ ឈប់​ប្រព្រឹត្ត​អំពើ​ មិន​គប្បី​នេះ​ ទៅ​លើ​កូន និង​ប្រ​ព​ន្ឋ​ តទៅ​ទៀត​បាន​ហើយ បើ​ប្តឹង​ទៅ​នាំ​តែ​គេ​ដឹង​ខ្មាស់​គេ ប៉ុន្តែ​នៅ​យប់​នោះ ក្រោយ​ពេល​រូប​គាត់ ​ប្រព្រឹត្ត​ហើយ គាត់​មិន​ត្រឹមតែ​វាយ​ខ្លួន​ ជា​ប្រ​ព​ន្ឋ​នោះ​ទេ គាត់​ថែម​ទាំង​ជំរុញ​ឲ្យ​ខ្លួន​ប្តឹង​សមត្ថកិច្ច ​ឲ្យ​មក​ចាប់​គាត់​ទៀត​ផង ដោយ​ជំរុញ​ញឹកញាប់​ពេក​ ខ្លួន​ទ្រាំ​លែង​បាន ​ក៏​ទូរស័ព្ទ​ប្តឹង​នគរបាល​ ព្រហ្មទណ្ឌ​ក្រុង ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ក្រុង ​ប្រាប់​វិញ​ថា ថ្មើ​នេះ​នគរបាល​ ដេក​អស់ហើយ គ្មាន​កម្លាំង​ មក​ធ្វើការ​ឲ្យ​ទេ ។

មួយសន្ទុះ​ក្រោយមក​ បានឃើញ​អនុប្រធាន​ប៉ុស្តិ៍​ សង្កាត់​ក្រាំង​អំពិល​ មក​ដល់​ ផ្ទះ ។ ប៉ុន្តែ​មិន​បាន​ណែនាំ​អ្វី​ដល់​ប្តី​ខ្លួន​ទេ ឃើញ​អង្គុយ​និយាយ​គ្នា​ ជា​ធម្មតា រួច​ហើយ​ប្តី​ខ្លួន​ បាន​ជំរុញ​ខ្លួន​ទៀត​ថា ម៉េច​មិនឃើញ​ អាណា​មក​ចាប់​អញ​ទៅ ? ឮ​ពាក្យ​ប្តី​ដុត​កំ​ដៅ​ថែម​ដូច្នេះ ខ្លួន​ក៏​ទូរស័ព្ទ​ប្តឹង ​ទៅ​កងរាជអាវុធហត្ថ​ខេត្ត ​តែ​ម្តង ។ ក្រោយមក​កម្លាំង​មន្ទីរ​ស្រាវជ្រាវ​ កងរាជអាវុធហត្ថ​ខេត្ត ដោយ​បាន​បញ្ជា​ពី​ លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​លោក​វរសេនីយ៍ឯក សៀ​ក អាង បញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ ចុះ​មក​អន្តរាគមន៍​ ឃាត់ខ្លួន​ជនសង្ស័យ ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិវិធី ៕

ប៉ុនប៉ង ​រំលោភ​កូនស្រី​ចុង​ ហើយ​ពន្យុះ ​ឲ្យ​​ប្តឹង​ទៀត ត្រូវ​ឃាត់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត