សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ នាង​ខ្ញុង​តារា​កំប្លែង​កំពុង​ល្បី ឈ្មោះ និង​កញ្ញា​សិច​ស៊ី​បេ​នី​យ៉ាំ​ង​សហការ​សម្តែង​រួម​គ្នា​ជាមួយ​លោក​ទេព រិ​ន​ដា​រ៉ូ ក្នុង​ខ្សែភាពយន្ត​រឿង «​ក្រមុំ​៣១​កំលោះ​៥២» របស់​ផលិតកម្ម​រី​ដ​ឃី​ដ​មេ​ឌា ។ រឿង​នេះ​ដាក់​សម្ពោធ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ដោយ​មានការ​ចូលរួម​ពី​ទស្សនិកជន​ច្រើន​កុះករ និង​តារា​សម្តែង​ជា​ច្រើន​នៅ​ផ្សារ​ទំនើប​អីុ​អន​ម៉​ល ក្នុង​រោង​ភាពយន្ត​មេ​ជើ​ស៊ី​ណេ​ផ្លិ​ច ។

ក្នុង​ខ្សែភាពយន្ត​រឿង «​ក្រមុំ​៣១​កំលោះ​៥២» នាង​ខ្ញុង និង​បេ​នី​យ៉ាំ​ង មាន​ឈុត​ចាប់រំលោភ និង​ថើប​ជញ្ជក់មាត់​ជាមួយ​លោក​ទេព រិ​ន​ដា​រ៉ូ ។

នាង​ខ្ញុង​និយាយ​ប្រាប់​មហាជន​ក្នុង​ពិធី​សម្ពោធ​រឿង «​ក្រមុំ​៣១​កំលោះ​៥២» ថា​នាង​រីករាយ​ព្រោះ​បាន​ចូលរួម​សម្ពោធ​រឿង «​ក្រមុំ​៣១​កំលោះ​៥២» របស់​ផលិតកម្ម​រី​ដ​ឃី​ដ​មេ​ឌា ត្រូវ​ចំ​អាយុ​នាង​៣១​ឆ្នាំ ។

កាល​នៅ​ក្មេង​លួច​ស្រឡាញ់​ការ​សម្តែង ហើយ​តែង​ស្រមៃ​ចង់​សម្តែង​ជាមួយ​លោក​ទេព រិ​ន​ដា​រ៉ូ ឥឡូវ​នាង​ខ្ញុង​បាន​ដូច​បំណង​ធ្វើ​ឱ្យ​នាង​រំភើប​រីករាយ​បំផុត​ក្នុង​ជីវិត ។ «​រំភើប​រីករាយ​បំផុត​មាន​ឈុត​ចាប់រំលោភ និង​ថើប ពិតជា​សប្បាយ​ណាស់ ។ យ៉ាងណា​ក៏​ក្នុង​ឈុត​ឆាក​ចាប់រំលោភ​នេះ​មិន​មាន​ន័យ​ថា​ជា​រូបភាព​ជ្រុល​ហួសហេតុ​ពេក​ទេ ព្រោះ​យើង​បាន​គិតគូរ​ដល់​ទស្សនិកជន​មិន​ឲ្យ​មាន​ភាព​លើសលុប​ឡើយ​» ខ្ញុង​និយាយ​បែប​នេះ ។

នាង​ខ្ញុង​ចង់​ឲ្យ​ទស្សនិកជន​ចូលរួម​ទស្សនា​ភាពយន្ត​កំប្លែង​របស់​ផលិតកម្ម​រី​ដ​ឃី​ដ​មេ​ឌា​នេះ​ដែល​ជា​រឿង​ទី​២​បន្ទាប់​ពី​រឿង​«៧​ថ្ងៃ​» មាន​ទស្សនិកជន​រាប់​ពាន់​នាក់​គាំទ្រ ។
ចំពោះ​កញ្ញា​បេ​នី​យ៉ាំ​ង ដែល​កំពុង​ក្តាប់​តំណែង​តារា​សិច​ស៊ី​នា​ពេល​បច្ចុប្បន្ន​បញ្ជាក់​ថា​«​ក្នុង​រឿង «​ក្រមុំ​៣១​កំលោះ​៥២» មាន​ឈុត​លោក​ទេព រិ​ន​ដា​រ៉ូ ថើប​បឺត​មាត់ គឺ​បឺត​មាត់​យក​ម៉ា​ស្រួល​តែ​ម្តង​ពិតជា​មិនធម្មតា​ទេ ។​ក្នុង​រឿង​នេះ​ក៏​មាន​ឈុត​បែប​កម្សត់​លាយ​ខ្លះ​ដែរ និង​ចង់​អប់រំ​មនុស្ស​ឲ្យ​ចេះ​តស៊ូ ព្យាយាម​ខំធ្វើការ​ទោះជា​ការងារ​សំណង់ ការងារ​ជា​អ្នកបម្រើ​តាម​ផ្ទះ​ក៏​ដោយ ត្រូវ​តែ​ខំ​កុំ​គិត​ចង់​តែ​ធ្វើការ​ងារ​ណា​ឆបោក​គេ​» ។

លោក​ទេព រិ​ន​ដា​រ៉ូ ជា​តារា​សម្តែង​មិន​ចេះ​រីងស្ងួត និង​ពូកែ​មិន​ថា​ស្ទីល​សម្តែង​បែប​ណា​នោះ​ទេ ពិតជា​រំភើប​ខ្ញុំ​បាន​សម្តែង​ជាមួយ​តារា​មាន​ទេព​កោសល្យ​រូប​នេះ ។ រឿង​នេះ​ជា​លើក​ទី​១​ហើយ​ដែល​នាង​ខ្ញុំ​បាន​សម្តែង​ដែល​បាន​ចូលរួម​ដើម្បី​លើកកម្ពស់​វិស័យ​ខ្សែភាពយន្ត​ខ្មែរ និង​ក៏​សូម​អរគុណ​ដល់​ខាង​ក្រុមការងារ​របស់​ផលិតកម្ម​រី​ដ​ឃី​ដ​មេ​ឌា​ទាំងអស់​បាន​យកចិត្តទុកដាក់​តួ​សម្តែង​ដើម្បី​បាន​ជោគជ័យ ។ នា​ពេល​ខាង​មុខ​មានរឿង ថ្មី​ៗ​ទៀត ហើយ​បញ្ចេញ​ឈុត​ថើប​បឺត​មាត់​ឲ្យ​ច្រើន​ឈុត​បន្ត​ទៀត ព្រោះ​នាង​ខ្ញុំ​ពេញចិត្ត ហើយ​ខំ​សម្តែង​ឱ្យ​សមជា​តារា​គេ​ហៅ​ថា​សិច​ស៊ី យេ​ៗ» ។

លោក​ទេព រិ​ន​ដា​រ៉ូ ជា​តួអង្គ​ឯក​វ័យ​៥២​ឆ្នាំ​ក្នុង​រឿង «​ក្រមុំ​៣១​កំលោះ​៥២» និយាយ​ថា​រយៈ​ជិត​១០​ឆ្នាំ​ហើយ​ដែល​លោក​សម្តែង​ជា​តួ​ឪពុក​គេ​រហូត ប៉ុន្តែ​ពេល​នេះ​ផលិតកម្ម​រី​ដ​ឃី​ដ​មេ​ឌា​ផ្តល់​ឱកាស​ជូន​លោក​សម្តែង​ជា​តួឯក ។ ជា​ពិសេស​អរគុណ​ដល់​ផលិតករ​វ័យក្មេង​ចាន់​ណា រ៉ូ​ណា​ន់ សរសេរ​រឿង​តាម​រយៈ​ការ​បង្ហើប​ប្រាប់​ពី​ថ្នាក់ដឹកនាំ​សម្តេច​តេ​ជោ​ហ៊ុន សែន ហើយ​ឲ្យ​លោក​សម្តែង​ជា​តួឯក​ទៀត ។ «​ខ្ញុំ​ក្រ​យកប្រពន្ធ ហេតុ​អ្វី​នៅ​តែ​កំលោះ​ទើប​គេ​បង្កើត​រឿង​នេះ​ឡើង ។ នេះ​ជា​រឿង​បែប​កំប្លែង​ដែល​ខ្ញុំ​សម្តែង និង​អរគុណ​ដល់​ក្រុមការងារ​រី​ដ​ឃី​ដ​មេ​ឌា​ដែល​បាន​ឲ្យ​ខ្ញុំ​ថត បាន​ឱប​ថើប​តារា​ស្រី ក្មេង​ៗ ស្អាត ល្បី​ៗ​ធ្វើ​ឲ្យ​រំភើប​មិន​ថា​ទាំង​នៅ​ក្នុង​កុន ឬ​ក្រៅ​កុន​ទេ គឺ​រំភើប​តែ​ម្តង​» ។

លោក Jimi Roy អ្នកដឹកនាំ​ផលិត​រឿង​«​ក្រមុំ​៣១​កំលោះ​៥២» បញ្ជាក់​ថា ចំណុច​សំខាន់​គឺ​ក្នុង​ខ្សែ​រឿង​នេះ​មាន​អ្នកដឹកនាំ​រឿង​ជា​ព្រឹទ្ធាចារ្យ​បញ្ចប់​ការ​សិក្សា​ផ្នែក​កុន​ពី​ប្រទេស​​ជិតខាង​ជូន​ជា​ដំបូន្មាន​អ្នក​រលក​ក្រោយ ។ អរគុណ​ដល់​រ៉ូ​ណា​ន់​ជា​អ្នកនិពន្ធ​វ័យក្មេង និង​ជា​អ្នកដឹកនាំ​រឿង​បាន​ជួយ​គ្នា​ផ្សំ​ជាមួយ​ជើង​ចាស់​និង​អ្នក​ថ្មី គឺ​ផលិត​មក​ល្អ។

ទន្ទឹម​នេះ​លោក Jimiroy អំពាវនាវ​ឱ្យ​ទស្សនិកជន​ជួយ​គាំទ្រ​ខ្សែភាពយន្ត​ខ្មែរ​ដែល​កំពុង​តស៊ូ​ផលិត​ចែក​ជូន​ប្រិ​យ​មិត្ត​ទស្សនា ។ រឿង​នេះ​មាន​អ្នកដឹកនាំ​រឿង​ល្អ សំខាន់​ជាង​នេះ​មាន​លោក​ទេព រិ​ន​ដា​រ៉ូ ជាតា​រា​ល្បីឈ្មោះ ហើយ​១០​ឆ្នាំ​មក​ហើយ​សម្តែង​ជា​តួ​ឪពុក​មិន​បានជា​តួឯក ទើបតែ​ពេល​នេះ​បាន​សម្តែង​ជាមួយ​អ្នក​នាង​ខ្ញុង និង​កញ្ញា​បេ​នី​យ៉ាំ​ង តារា​សិច​ស៊ី ធានា​ថា​អ្នក​ទស្សនា​នឹង​បាន​សើច​សប្បាយ ៕