ភ្លើង​ឆេះ​ព្រៃ​លេប​ត្របាក់​ផ្ទះ​6​ខ្នង​ជាប់​ព្រំដែន​ប្រទេស​វៀតណាម

ភ្លើង​ឆេះ​ព្រៃ​លេប​ត្របាក់​ផ្ទះ​6​ខ្នង​ជាប់​ព្រំដែន​ប្រទេស​វៀតណាម

ខេត្តក្រចេះ ៖ អគ្គិភ័យ​ដែល​នគរបាល​កំណត់​ថា​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​ស្បូវ​និង ព្រៃ​ត្រែង​ខាងក្រោយ​ផ្ទះ បាន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ឈើ​ចំនួន​៦​ខ្នង នៅ​ភូមិ​ជាប់​ព្រំដែន​វៀតណាម​ក្នុងស្រុក​ស្នួល កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា មិន​មាន​ម្ចាស់​លំនៅ​ឋាន ឬ​អ្នក​ភូមិ​ណា​ម្នាក់​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ ដែល​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ទាំង​កណ្តាល​ថ្ងៃនេះ​ទេ ។ ប៉ុន្តែ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​៦​ខ្នង ដែល​ម្ចាស់ផ្ទះ​សុទ្ធ​សឹង​ប្រកប​របរ​លក់​គ្រឿងទេស នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង ។
អធិការ​នគរបាល​ស្រុក​ស្នួល លោ​វរសេនីយ៍ទោ ចាន់ សុ​គី​ម ថ្លែង​ថា កងកម្លាំង​នគរបាល​ស្រុក និង​នគរបាល​វរ​ការពារ​ព្រំដែន​ជា​ច្រើន​នាក់ បាន​ចុះ​ជួយ​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​មិន​ឱ្យ​មានការ​ឆេះ​រាលដាល​បន្ត និង​សង្គ្រោះ​ពលរដ្ឋ​កុំឱ្យ​មាន​គ្រោះថ្នាក់​ក្នុង​អគ្គិភ័យ​នេះ​។ លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ការ​សាកសួរ​រក​មូលហេតុ​បាន​រក​ឃើញ​ថា អគ្គិភ័យ​នេះ​ផ្តើម​ចេញ ដោយសារ​តែ​ការ​ឆេះ​រាលដាល​ពី​ភ្លើង​ឆេះ​ព្រៃ​ស្បូវ ព្រៃ​ត្រែង នៅ​ខាងក្រោយ​ភូមិ ដោយ​គ្មាន​នរណា​ដឹង​មុន ។

លោក​អធិការ​បន្ត​ថា លំនៅ​ឋាន​ទាំង​៦​ខ្នង​ផ្ទះ និង​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​ត្រូវ​ឆេះ​ទាំងស្រុង ប៉ុន្តែ​មិន​ទាន់​អាច​ប៉ាន់​ប្រមាណ​បាន​ពី​ទំហំ​គិត​ជា​ទឹកប្រាក់​ថា​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​។

ពេល​ព្រឹក​ម្ចាស់ផ្ទះ​ចេញ​ទៅ​ស្រែ ពេល​ល្ងាច​វិល​វិញ​ផ្ទះ​ឆេះ​ហ្មត់

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​១​ខ្នង​សាងសង់​អំពី​ឈើ​ជញ្ជាំង​បាំង​ស្លឹក​ប្រក់​ក្បឿង​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពាម​ក្នុង ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​ហ្មត់​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ មក​រា ក្នុង​ពេល​ដែល​ម្ចាស់​ចេញ​ទៅ​ស្រែ​បាត់ តែ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ ។
នាយការិយាល័យ​ពន្លត់អគ្គីភ័យ​ខេត្ត​លោក​វរសេនីយ៍ទោ យ៉​ន ឌី​ន បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​នោះ​មាន​ទំហំ​៦​ម៉ែត្រ​X៨​ម៉ែត្រ​ជា​របស់​ឈ្មោះ ណោ ស្រ៊ី​ម ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ដោយ​បាន​ឆេះ​អស់ទ្រព្យ​សម្បត្តិ​ក្នុង​នោះ​ដូច​ជា​មាស​៥​ជី លុយ​៣​លាន​រៀល ស្រូវ​៦​បាវ វិទ្យុ​១​គ្រឿង អា​គុយ​១​គ្រឿង ព្រមទាំង​សម្ភារ​មាន​សម្លៀក​បំពាក់​ផង​ដែរ គឺ​អ្វី​ដែល​មាន​ក្លាយជា​ចំណី​ភ្លើង​គ្មាន​សល់ ។

លោកនាយ​ការិយាល័យ​ពន្លត់អគ្គីភ័យ​ខេត្ត​រូប​នេះ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ផ្ទះ​របស់​ខ្លួន​ដោយ​បាន​ចេញ​ទៅ​ស្រែ​ដើម្បី​បង្កបង្កើន​ផល ។ បន្ទាប់​មក​ស្រាប់តែ​ភ្លើង​បាន​ឆេះ​ចេញពី​ចង្ក្រាន​បាយ​រាលដាល​មក​ខាង​មុខ ចេញ​ជា​អណ្ដាតភ្លើង​សន្ធោសន្ធៅ ហុយផ្សែង​ខ្មួលខ្មាញ់ ទៅ​លើ​អាកាស  ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ត​ទុយោ​ទឹក​មក​បាញ់​ពន្លត់ភ្លើង ។ ប៉ុន្តែ​មិន​អាច​ពន្លត់​បាន​នោះ​ទេ ព្រោះតែ​ភ្លើង​ឆេះ​ខ្លាំង​ពេញបន្ទុក​ទៅ​ហើយ ដោយ​គ្រាន់តែ​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ការពារ មិន​ឱ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ ។

រហូត​ដល់​ពេល​ល្ងាច​ទើប​ម្ចាស់ផ្ទះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ បានឃើញ​ផ្ទះ​របស់​ខ្លួន​ឆេះ​ហ្មត់​ក៏​ស្រឡាំងកាំង​រន្ធត់​ចិត្ត​ស្ទើរ​សន្លប់ ។ ម្ចាស់ផ្ទះ​បាន​ប្រាប់​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ថា ផ្ទះ​នេះ​ពេល​ថ្ងៃ​មិន​បាន​នៅទេ ភាគច្រើន​នៅ​តែ​ពេល​យប់ ព្រោះ​ពេល​ថ្ងៃ​នៅ​ជាមួយនឹង​កូន​ៗ​ដែល​មានផ្ទះ​ចម្ងាយ​ពី​គ្នា​ប្រហែល​១​គីឡូម៉ែត្រ ។

លោក អ៊ុ​ន វណ្ណៈ ប្រធាន​ភូមិ​ពាម​ក្នុង​វិញ​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​ខាងលើ​នេះ អភិបាលស្រុក​កងមាស​ក៏​ដូច​ជា​សប្បុរសជន​នានា បាន​ចលនា​មនុស្សធម៌​ជួយ​ផ្ដល់​អំណោយ​បាន​ដែក​ស័ង្កសី មី ថវិកា ព្រមទាំង​របស់​ផ្សេង​ទៀត​ជូន​ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ​នា​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ផង​ដែរ ៕