អធិការ​នគរបាល​ស្រុក​ម្នាក់​លើកឡើង​ថា ការ​បណ្តេញ​រូបលោក​ចេញ​មិន​យុត្តិធម៌ឡើយ

​អធិការ​នគរ​បាល​ស្រុក​​ម្នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​បាន​​តប​ត​កាល​ពី​ម្សិលមិញ​ បន្ទាប់ពី​ថ្នាក់​លើ​​បាន​បណ្ដេញ​រូបលោក​ចេញ​កាលពី​ថ្ងៃ​សុក្រ​ ចំពោះ​​ការ​មិនមាន​វត្តមាន​​នៅ​ក្នុង​ខេត្ត​​នៅ​ពេល​​មាន​ការ​​​ចូលប្លន់​ក្នុង​​ផ្ទះ​មួយ​ដ៏សាហាវ​​​ដែល​បាន​កើត​ឡើង​​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។

លោក ផាន់ ចាន់ណារ៉ា ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​របស់​​​លោក​ជា​អធិការ​នគរ​បាល​ស្រុក​កំរៀង ​ដោយ​ក្រុម​​​​​មន្ត្រី​និយាយ​ថា វា​មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន​ទេ​ដែល​លោក​មិន​មាន​វត្ត​​មាន​​​នៅ​ពេល​អំពើ​​ប្លន់​ប្រដាប់​អាវុធ​​ដែល​​បាន​បណ្ដាល​ឲ្យ​​​​មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​​ទៀត​រង​របួស​ធ្ងន់។

លោក សាន ហាក់ ​ស្នងការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក ចាន់ណារ៉ា ​ត្រូវ​បាន​ដក​ចេញពីព្រោះ​នៅ​ពេល​មាន​បទ​ល្មើស​កើត​ឡើង ”​​យើង​មិន​ដឹង​ថា គាត់នៅ​ឯណា​ឡើយ”​​។

លោក​​ថ្លែង​ថា ”​នេះ​គឺ​ជា​ករណី​ពិសេស​ ពីព្រោះ​​ធម្មតា​​​ [នាយ​នគរ​បាល​] ទាំង​អស់​ត្រូវ​​នៅ​​​អង្គភាព​របស់​ខ្លួន​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​ ដើម្បី​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ភ្លាមៗ”។

​លោក​បាន​មាន​ប្រសាសន៍​ថា លោក ឈ គឿន ​ជា​អធិការ​រង​​ត្រូវ​បាន​ដំឡើង​​តួនាទី​​ជា​អធិ​ការ​ស្ដីទី​ ហើយ​​ពួកគេ​មិន​​ទាន់​សម្រេច​​អំពី​​​​អ្នក​ជំនួស​អចិន្ត្រៃយ៍​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​នោះ​​ដែរ​ លោក ចាន់ណារ៉ា ត្រូវ​បាន​បញ្ចុះ​ឋានៈ​​​ទៅជា​ ”មន្ត្រី​តូចតាច” នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​។

លោក ចាន់ណារ៉ា​ បាន​ថ្លែង​ថា លោក​បាន​​ទៅ​​ចូល​រួម​​ពិធី​​​របស់​មិត្តភក្ដិ​ដែល​ជា​មន្ត្រី​គយ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែតក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យក្បែរនោះ ហើយ​បាន​ចាត់​តាំង​ឲ្យ​អនុ​ប្រធាន​របស់​លោក​ទទួល​បន្ទុក​កិច្ច​ការ​នៅ​ពេល​លោក​អវត្តមាន​។ ប៉ុន្តែ​​បើ​ទោះ​ជា​លោក​​​​ទៅ​ឆ្ងាយ​ក៏ដោយ ក៏​លោក​អះអាង​ថា លោក​បាន​ធ្វើ​ដំណើរ​មក​​​​ដល់​ស្រុក​កំណើត​វិញ​ហើយ​​​​​នៅ​ពេល​ទទួល​បាន​ទូរស័ព្ទ ដោយ​មក​ដល់​​បន្ទាប់ពី​​ក្រុម​ចោរ​ប្លន់​បាន​ចាក​ចេញ​បន្តិច​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា ”​ខ្ញុំ​បាន​មក​ដល់​ប្រហែល​២០​នាទី​បន្ទាប់​​​ពី​ហេតុការ​ណ៍កើត​ឡើង ​ហើយ​បើ​ទោះ​​ជា​មុន​ខ្ញុំ​មក​ដល់​កន្លែង​កើត​ហេតុ ក៏​ខ្ញុំ​បាន​រាយការណ៍​ទៅ​លោក​ស្នងការ​ខេត្ត​រួច​ហើយ​ ហើយ​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្ញុំ​ទៅ​ស៊ើបអង្កេត​នៅ​កន្លែង​កើត​ហេតុ​ដែរ”។

លោក​បាន​ថ្លែង​ថា ”​​​វា​មិន​មែន​មាន​ន័យ​ថា នៅ​ពេល​អំពើ​ប្លន់​កើត​ឡើង​ ខ្ញុំ​កំពុង​​ផឹក​ស៊ី​​នៅ​ក្រុង​ប៉ោយប៉ែតនៅឡើយ​ឯណា។ ខ្ញុំ​បាន​​​ចាក​ចេញ​ហើយ ហើយ​មក​ជិត​ដល់​អធិការ​ដ្ឋាន​នគរ​បាល”។

លោក ចាន់ណារ៉ា បាន​លើក​ឡើង​ថា ​មិត្ត​រួម​ការ​ងារ​​ “ដែល​ច្រណែន​​” បាន​បំផ្លើស​ស្ថាន​​​ការណ៍​នេះ​ ដោយ​កុហក​ថ្នាក់​លើ​ថា ​លោក​បាន​ទៅ​ក្រុង​ប៉ោយប៉ែត “ទៅ​ដើរ​លេង ​ហើយ​​​​ដេក​ជាមួយ​ស្រី​”។

អធិការ​នគរ​បាល​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​រូប​នេះក៏​​​បាន​បង្ហាញ​ថា លោក​បាន​ធ្វើ​ការ​ងារ​យ៉ាង​ច្រើន​នៅ​ក្នុង​ស្រុក​ចាប់តាំងពី​លោក​ត្រូវ​បាន​តែង​តាំង​​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ រួមទាំង​ការ​ស្វែង​រក​មូលនិធិ​សប្បុរស​​​​​ធម៌​បាន​​៤០.០០០​ដុល្លារ​ ដើម្បី​សាង​សង់​អធិការដ្ឋាន​ថ្មី​ជាដើម។

លោក​​ថ្លែង​ថា “​ខ្ញុំ​ចង់​ឲ្យ​ថ្នាក់​លើ​ពិចារណា​​ឡើង​វិញ ពីព្រោះ​ខ្ញុំ​បាន​ជួយ​អង្គភាព​ច្រើន​ណាស់​។ ប៉ុន្តែ​នៅពេល​ខ្ញុំ​មាន​បញ្ហា​បន្តិច​បន្តួច​​ ​​ពួកគេ​បែរ​ជា​ដាក់​ទោស​ខ្ញុំ​ធ្ងន់ធ្ងរ​ទៅ​វិញ”។

​បន្ទាប់ពី​កើត​មាន​អំពើ​ប្លន់​​ប្រដាប់​អាវុធ​ជាច្រើន​ក្នុង​ខែធ្នូ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​​មហា​ផ្ទៃ បាន​បញ្ជា​​ឲ្យ​ស្នងការ​នគរ​បាល​​​​ខេត្ត​ទាំង​អស់​បង្កើន​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ស៊ើប​អង្កេត​​រក​ចាប់​ខ្លួន​ជនល្មើស​ បើ​មិន​ដូច្នោះ​ទេ​ប្រឈម​នឹង​ការ​ដក​ចេញពី​តួនាទី ឬ​បក​ស័ក្ដិ​។

កាលពី​ថ្ងៃ​អង្គារ លោក នេត សាវឿន ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​កោះ​ប្រជុំ​​ពិភាក្សា​អំពី​ការ​កើន​ឡើង​នូវ​អំពើ​ប្លន់​​​ប្រដាប់​អាវុធ ដែល​អំឡុង​ពេល​នោះ បទ​បញ្ជា​របស់​រដ្ឋ​មន្ត្រី​ក្រសួង​​មហាផ្ទៃ​ត្រូវ​​បាន​ដាក់​ចេញ​ជាថ្មី​។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា លោក​គិត​ថា ការ​បណ្ដេញ​លោក ​​​ចាន់ណារ៉ា ចេញ​ទំនង​ជា​ជំរុញ​​ដោយ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ដែល​បារម្ភ​​ខ្លាច​​គេ​មើល​មក​ថា ខ្លួន​មិន​បាន​​ចាត់វិធានការ​​តាម​បញ្ជា​របស់​លោក ស ខេង។

លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​គិត​ថា ពួកគេ​បាន​ដក​អធិការ​នគរ​បាល​ស្រុក​រូប​េនះ​ ពីព្រោះ​ពួកគេ​​​​បារម្ភ​ថា ថ្នាក់​ខេត្ត​​នឹង​ត្រូវ​ដក​ចេញ​”។ លោក​​បន្ថែមថា “​អធិការ​នគរ​បាល​ស្រុក​រូប​នេះ​ស្ថិត​ក្រោម​បញ្ជា​របស់​​​ស្នងការ​នគរ​បាល​ខេត្ត។ ប្រសិន​បើ​មាន​បទ​ល្មើសច្រើន​​កើត​ឡើង​នៅ​ថ្នាក់​ស្រុក វា​ជា​ការ​​ទទួល​ខុស​ត្រូវ​​​របស់​​ស្នងការ​នគរ​បាល​ខេត្ត​ដែរ​។ ប៉ុន្តែ​ប្រសិន​បើ​លោក ចាន់ណារ៉ា ​ទៅ​​ណា​ដោយ​មិន​បាន​ជូន​ដំណឹង​នរណា​ម្នាក់ ហើយ​ធ្វេស​ប្រហែស​ជាមួយ​​ការ​ងារ​ វា​ជា​កំហុស​របស់​គាត់​”។

គេ​មិន​អាច​ទាក់​ទង​លោក ស ថេត ​ស្នង​ការ​​នគរ​បាល​ខេត្ត​​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ៕ សារុន​​​​​​

The post អធិការ​នគរបាល​ស្រុក​ម្នាក់​លើកឡើង​ថា ការ​បណ្តេញ​រូបលោក​ចេញ​មិន​យុត្តិធម៌ឡើយ appeared first on ខេមបូឌា ដេលី.