ឆ្នាំ​២០១៥​រោងចក្រ​វិនិយោគ​-​ឧស្សាហកម្ម​ខ្នាតតូច​-​មធ្យម និង​សិប្បកម្ម​នៅ​ភ្នំពេញ​កើន​៧៩​ទីតាំង កម្មករ​សរុប​ជាង​៥១​ម៉ឺន​នាក់​

ភ្នំពេញ:  ក្នុង​ឆ្នាំ​២០១៥​កន្លងមក នៅ​រាជធានី​ភ្នំពេញ​រោងចក្រ​វិនិយោគ​ធំៗ​-​ឧ​ស្សហកម្ម​ខ្នាតតូច មធ្យម និង​សិប្បកម្ម​កើនឡើង​ចំនួន​៧៩​ទីតាំង ចំណែកឯ​កម្មក​សរុប​មាន​ចំនួន​៥១១.៤៨៩​នាក់ និង​តម្លៃ​បរិមាណ​ផ​លលិត​ផល​សរុប​អនុវត្តបាន​ចំនួន​២០៧.៣០៧​លាន​រៀល កើន​១៨,៥១% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​កន្លងទៅ ។

​របាយការណ៍​របស់​ម​ន្ទីរ​ឧស្សាហកម្ម រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​អាន​ដោយ​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅក្នុង​ពិធី​បើក​សន្និបាត បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៨​មករា​២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ ស្ថិតក្នុង​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។​
       

​របាយការណ៍​របស់​ម​ន្ទីរ​ឧស្សាហកម្ម ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ នៅ​រាជធានី​ភ្នំពេញ រោងចក្រ​វិនិយោគ​ធំៗ​មាន​ចំនួន​៦២២​រោងចក្រ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​កើនឡើង​៧៩​រោងចក្រ មាន​ពលករ​សរុប​៥១១.៤៨៩​នាក់ កើន​លើស​ឆ្នាំ​កន្លងទៅ ។ ចំណែកឯ​ឧស្សាហកម្ម​ខ្នាតតូច និង​សិប្បកម្ម មាន​ចំនួន​២៧៥៣​ទីតាំង ពលករ​សរុប​៥១.៩១១​នាក់ ក្នុងនោះ​ស្រី​៣១.១២៣​នាក់ និង​បរិមាណ​ផ​លលិត​ផល​សរុប​រួម​អនុវត្តបាន ចំនួន​២០៧.៣០៧​លាន​រៀល កើន​១៨,៥១% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​កន្លងទៅ ។​
      

 ទាក់ទិន្ន​ទៅនឹង​បញ្ហា​ខាងលើនេះ មន្ត្រី​របស់​មន្ទីរ​ឧស្សាហកម្ម រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​ភ្នំពេញ​រយៈពេល​មួយឆ្នាំ គឺ​ឆ្នាំ​២០១៥​កន្លងមកនេះ ទាំង​រោងចក្រ​ខ្នាត​ធំ ឧស្សាហកម្ម​ខ្នាតតូច​និង​មធ្យម និង​សិប្បកម្ម បើ​យើង​ធ្វើការ​បូកសរុប​នោះ​មានការ​កើនឡើង​ចំនួន​៧៩​ទីតាំង ចំណែកឯ​កម្មករ​ក៏មាន​ការកើនឡើង​ផងដែរ ។ នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញថា ព្រះរាជាណាចក្រ​កម្ពុជា អ្នកវិនិយោគ​ជាតិ និង​បរទេស​មាន​ជំនឿ​ទុកចិត្ត​យ៉ាងច្បាស់ និង​មុតមាំ ទៅលើ​រាជ​រដ្ឋា​របស់​យើង​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​៕