ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​​ខ្លួន​​ប្រគល់​ឱ្យ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាពយក​ខ្សែ​ចង​ស្បែកជើងចង​រឹត​ក​អ្នក​រត់​ម៉ូតូឌុប​ប្លន់​យក​ម៉ូតូ​ តែ​មិន​បាន​សម្រេច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកុម្ភៈ ​២០១៦ នៅ​ទល់មុខ​ផ្ទុះ​លេខ​៦៨៦ ផ្លូវ​បេតុង​អត់លេខ ជិត​វត្ត​អង្គ​ពោធិញាណ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​។

ជនសង្ស័យ​​ឈ្មោះ សុខ ណា​ក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ស្ថានីយទូរទស្សន៍​CTN សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ ​​ចំណែក​ជន​រង​គ្រោះ​​ឈ្មោះ ចាន់ ឈឿ​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ​ជា​អ្នក​​​រត់​​ម៉ូតូ​ឌុ​ប ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ​៦២០ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

​បុរស​​រង​គ្រោះ បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ គាត់​​​អង្គុយ​រង់ចាំ​ឌុ​ប​ម៉ូយនៅ​ម្តុំ​គល់​ស្ពាន​៧​មក​រា ​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ខណៈនោះ​ស្រាប់តែ​មាន​ជន​​ម្នាក់ដើរមក​ហៅ​គាត់​ឱ្យ​​ឌុ​ប​ទៅ​ម្តុំ​វត្ត​អង្គ​ពោធិញាណ ក្នុង​តម្លៃ​១​ម៉ឺន​រៀល លុះ​ពេល​ឌុ​បដល់​កន្លែង​កើតហេតុ​​​ដែល​ជា​កន្លែង​ស្ងាត់ ស្រាប់តែ​ជនសង្ស័យ​​យក​ខ្សែ​មក​រឹត​ក​គាត់​ តែ​ដោយសារ​​គាត់​មាន​​កម្លាំង​ខ្លាំង​​ជាង​​ក៍រើរូច​​ហើយ​​​ក៏​វាយ​​ប្រវាយ​ប្រតប់​ជាមួយ​​ជន​ល្មើស​ ​និង​​បាន​​ស្រែក​​ថា «ចោរ​ៗប្លន់​» ​ផ្អើល​ដល់​ប្រជាពលរដ្ឋដែល​រស់នៅ​ក្បែរ​នោះ​នាំ​គ្នា​ចេញ​មក​ជួយ​ទាន់ និង​ចាប់​ជនសង្ស័យ​នោះ​ ​ហើយ​ក៏​នាំ​គ្នា​​ស្វាគមន៍ម្នាក់​មួយ​ដៃ​មួយ​ជើង ​​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ។

​​នៅ​ចំពោះ​​​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ខ្សែ​​ទាក់​ក​បំណង​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន ​។ ចំណែក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ ។​ ជន​សង្ស័យ​​ត្រូវ​បាន​​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​​ដំបូង​រាជ​ធានី​ ៕​