ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម​(Facebook) Page ​ផ្លូវការរបស់សម្តេច​​បង្ហោះ​នៅព្រឹកថ្ងៃទី ០១ កុម្ភៈ២០១៦មានខ្លឹមសារ​ទំាងស្រុងដូចតទៅ៖ ​"បន្តពីម្សិលមិញដែលខ្ញុំបានធ្វើដំណើរ​ពិនិត្យការរៀបចំសួនច្បារ ​ទីកន្លែងហាត់ប្រាណ ​កន្លែងដើរកំសាន្តរបស់​​ប្រជាជន​។ ទោះជាជីវិតខ្ញុំ​ពោពេញដោយទុក្ខសោកស្ទើរ​ស្លាប់ស្ទើររស់ ​ តែខ្ញុំពិតជាមានមោទនភាព​ដែលបានចូលរួមរំដោះប្រជាជន​ចេញពីរបប ប៉ុល ពត ដឹកនាំការ​ស្វែងរក​សន្តិភាព ​ពិសេសនយោបាយឈ្នះ​ៗ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង ​ដែលផ្តល់ឱកាសសំរាប់​ការអភិវឌ្ឍប្រទេសនិយាយរួម និងរាជធានីភ្នំពេញ​និយាយ​ដោយឡែក។

សុំអរគុណបងប្អូនជន​រួមជាតិដែលផ្តល់នូវការគាំទ្រ ​និងស្រឡាញ់រាប់អាន។ ​​យើងថតរូបជាមួយគ្នាយ៉ាងសប្បាយ។ ​ខ្ញុំបានសាកនំបញ្ចុក ​និង ផ្លែខ្នុរ និង​ បានពរចៅៗមួយ​ចំនួនដោយក្តីស្រឡាញ់ ​។ ខ្ញុំក៏សុំទោសបងប្អូនមួយចំនួន​ដែលចង់ថតរូបជាមួយ​ តែមិនបានថតដោយមនុស្សច្រើនពេក។​ បំផ្លាញសន្តិភាពវាងាយស្រួល​ តែការរកសន្តិភាព​និង​ថែរក្សាសន្តិភាពគឺជាកិច្ចការដ៏លំបាក។​ ខ្ញុំសង្ឃឹមថា ​ ជនរួមជាតិនឹងបន្តរួមដំណើរ​ជាមួយខ្ញុំដើម្បីរក្សាសន្តិភាព​ និងការអភិវឌ្ឍជាបន្តទៀត៕"