ឧស្សាហកម្មកាត់ដេរ ជួយបង្កើនកម្រិត ជីវភាពកម្មករ បានមួយកម្រិតទៀត

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី មួយចំនួននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអះអាងថា វិស័យឧស្សាហកម្មកាត់ដេរ ជាវិស័យចំបងដែល បានធ្វើឲ្យជីវភាពរបស់ពួកគាត់រីកចម្រើន បានមួយកម្រិត ទៀតផងដែរ។

អ្នកស្រី សំ រ៉ាវីរស់នៅខេត្តកំពង់ស្ពឺ ហើយមានកូនចំនួន បួននាក់ក្នុងបន្ទុក ក្នុងនោះ មានកូនពីរនាក់ គឺ លីនដា និងវរល័ក្ខ ដែលជាកម្មករធ្វើការ នៅរោងចក្រកាត់ដេរមួយ ក្នុងខេត្តកំពង់ស្ពឺ ដែលស្ថិតនៅចម្ងាយ ប្រមាណជា ១៥គីឡូម៉ែត្រពីផ្ទះ មីង សំ រ៉ាវី បានថ្លែងថា “យើងគ្មានលទ្ធភាពអី ធ្វើការធំដុំនឹងគេទេ ។ បានកូនចូលធ្វើការ រោងចក្រប៉ុណ្ណឹង ជាមោទនភាព សម្រាប់កូនដែរ។ ចង់មើលកូនខំប្រឹងធ្វើការ ហើយខ្ញុំចេះតែណែនាំ កូនឲ្យឧស្សាហ៍ព្យាយាម ។ ជីវភាពយើងខ្វះខាតអ៊ីចឹង យើងត្រូវតែប្រឹង ហើយខ្ញុំណែនាំកូន កុំឲ្យខ្ជិលកុំច្រអូស” ។

ជារៀងរាល់ព្រឹក វេលាម៉ោងប្រមាណ ៦ ព្រឹក លីនដា និងវរល័ក្ខ ត្រូវចាកចេញទៅធ្វើការ ដោយមានកញ្ចប់អាហារ ពេលព្រឹកដាក់តាមខ្លួនផង ហើយទាំងពីរនាក់បងប្អូនគឺធ្វើការនៅរោងចក្រជាមួយគ្នា ។

លីនដា បាននិយាយថា“ខ្ញុំគិតថា ការងាររោងចក្រគឺល្អ ព្រោះដូចខ្ញុំអ៊ីចឹង ខ្ញុំអត់បានរៀនខ្ពង់ខ្ពស់ដូចគេទេ ។ តែដោយសាររោងចក្រ ហ្នឹងបានជាខ្ញុំមានជីវភាព ដូចរាល់ថ្ងៃហ្នឹង” ។

លីនដា ត្រូវបានដំឡើងតួនាទី ជាប្រធានក្រុមកាល ពីប៉ុន្មានឆ្នាំមុន ប៉ុន្តែ ក៏ត្រូវជួយដេរម្ដងម្កាលដែរ ។

ចំណែកឯ វរល័ក្ខ ជាប្អូនស្រី គឺជាកូនក្រុមរបស់លីនដា។ ជារៀងរាល់ថ្ងៃធ្វើការ ទាំងពីរនាក់បង ប្អូនមិនចាំបាច់ទិញ ឬខ្ចប់បាយថ្ងៃត្រង់ មកតាមខ្លួនឡើយ ពីព្រោះរោងចក្រដែលគេធ្វើការមាន ផ្ដល់ជាអាហារថ្ងៃត្រង់ ដល់កម្មករទាំងអស់ គឺប្រមាណជា ជាង ៦.០០០ នាក់នៅរោងចក្រដែល ពួកគេកំពុងធ្វើការ ។

ទាំងពីរនាក់បងប្អូន បានធ្វើការនៅរោងចក្រ នោះប្រមាណជា ៨ ឆ្នាំមកហើយ ហើយប្រាក់ខែដែលទទួលបាន ត្រូវបានយកទៅប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ការចំណាយរបស់ឪពុកម្ដាយ ក៏ដូចជាការសិក្សារបស់ប្អូនៗ ។

សព្វថ្ងៃ ពួកគេក៏កំពុងជួយប្អូនស្រីម្នាក់ ដែលកំពុងតែសិក្សា នៅវិទ្យាល័យជិតផ្ទះ និងប្អូនប្រុសដែលកំពុងតែ សិក្សានៅឯសកលវិទ្យាល័យ ក្នុងក្រុងភ្នំពេញថែមទៀតផង ។
លើសពីនេះទៅទៀត កាលពីឆ្នាំ ២០១៣ ទាំងពីរនាក់បងប្អូនក៏បាន ជួយបំពេញបំណងឪពុកម្ដាយ ទិញដីមួយឡូដែលពួក គាត់ចង់បាន តាមរយៈប្រាក់ កម្ចីពីធនាគារ ។

លីនដា បាននិយាយថា៖ “នេះជាកាតព្វកិច្ចរបស់ខ្ញុំ ព្រោះពេលដែល ខ្ញុំជួយឪពុកម្ដាយខ្ញុំ បងប្អូនខ្ញុំ គឺខ្ញុំមានចិត្តសប្បាយ ទោះបីថា រាល់ថ្ងៃខ្ញុំអត់សល់ លុយកាក់ច្រើនមែន តែខ្ញុំមានចិត្តសប្បាយ រីករាយដែរ ព្រោះ ខ្ញុំបានឲ្យប្អូនខ្ញុំរៀនសូត្រ ខ្ញុំបានផ្គត់ផ្គង់គ្រួសារខ្ញុំ” ។

ចំណែកឯ វរល័ក្ខ វិញ បាននិយាយថា “ពេលបានជួយពួកគាត់បែបនេះ ពួកគាត់និយាយល្អៗជាមួយយើង គាត់សប្បាយចិត្ត ដែលយើងបានជួយគាត់ ។ ហើយប្អូនៗ ខ្ញុំ គោរពខ្ញុំ គាត់ស្ដាប់បង្គាប់ពួកខ្ញុំ”។

ខណៈដែលវរល័ក្ខ មានបំណងចង់បើកអាជីវកម្ម នៅថ្ងៃអនាគត លីនដាវិញ គឺមានបំណងចង់បាន តួនាទីកាន់តែខ្ពស់ក្នុងរោង ចក្រដែលគាត់ធ្វើការ ។
លីនដា បាននិយាយថា “បើសិនជាមានឱកាស ខ្ញុំនឹងចូលរៀនវគ្គ បណ្ដុះបណ្ដាលដូចគេ ដើម្បីលូតលាស់ បានថ្កុំថ្កើងជាងមុន។”

ចំណែកអ្នកនាង ស៊ឹម ណៃគី ជាកម្មកររោងចក្រ កាត់ដេរដូចវរល័ក្ខ និងលីនដាដែរ ។ ប្តីរបស់គាត់ធ្វើការនៅ ក្រុមហ៊ុនអគ្គិសនី ហើយទទួលបានប្រាក់ ចំណូលប្រមាណជាង ២០០ ដុល្លារ គឺទាបជាងណៃគីបន្តិចបន្តួច ។ ទាំងពីរនាក់ មានកូនស្រីម្នាក់ និងម្ដាយជាស្ត្រីមេមាយ ម្នាក់រស់នៅជាមួយ ។

ណៃគី ធ្វើការរោងចក្រ ប្រហែលជា ៩ ឆ្នាំមកហើយ ។ បន្ទាប់ពីបានរៀបការ រយៈពេលប្រមាណ ៦ ឆ្នាំ ទាំងពីរនាក់បាន ក្រឡេកវិលថយក្រោយ ហើយបានសង្កេតឃើញជីវភាពប្រសើរជាងមុន ។ លើសពីនេះ ប្ដីរបស់ណៃគី ថែមទាំងបានអរគុណ ប្រពន្ធដែលបានជួយរួម ចំណែកច្រើនដល់គ្រួសារ ។

ប្ដីរបស់គាត់បាននិយាយថា “គាត់មានប្រាក់ខែច្រើនជាងខ្ញុំ ។ ...គាត់ជួយសម្រាលបានច្រើន និយាយរួម គាត់ចំណាយលើថ្លៃទឹកថ្លៃភ្លើង ថ្លៃម្ហូប ។ គាត់ចំណាយបែបហ្នឹង ។ បើខ្ញុំរកមក ខ្ញុំចំណាយលើកូនវិញ ជួយទប់ថ្លៃកូនទៅរៀន”។

ណៃគី បាននិយាយថា “ការងារខ្ញុំសព្វថ្ងៃហ្នឹង ជួយលើកស្ទួយជីវភាពខ្ញុំ ឲ្យវារៀងរុងរឿងបន្តិចដែរ មិនដុនដាបដូចមុន។”

ណៃគី បាននិយាយថា គាត់ស្រលាញ់ការងារ ហើយក៏មិនមានភាព ទោមនស្សអ្វីចំពោះ កន្លែងធ្វើការនោះដែរ ។

“ខ្ញុំអត់មានស្អប់ខ្ពើម ការងារកាត់ដេរទេ គឺចង់និយាយថាខ្ញុំអត់មាន ជំនាញធ្វើអ្វីផ្សេងៗទេ ខ្ញុំមានតែជំនាញខាង ផ្នែកកាត់ដេរនឹង គឺខ្ញុំអត់ស្អប់ខ្ពើម ផ្នែកកាត់ដេរនឹងទេ ព្រោះអីនៅនេះដូចថា យើងរៀនអត់បានជ្រៅជ្រះ យើងមានតែការងារនឹងហើយ ការងារនឹងសម្រាប់ខ្ញុំគឺល្អហើយ។”

បច្ចុប្បន្ន ឧស្សាហកម្មកាត់ដេរ ជាវិស័យធំជាង គេបំផុតរបស់កម្ពុជា ដែលផ្ដល់ការងារធ្វើដល់ មនុស្សប្រមាណជា ៧០ ម៉ឺននាក់ ភាគច្រើនជាស្ត្រី ហើយអ្នកទាំងនោះ គឺរស់នៅទីជនបទ ។

វិស័យនេះបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការជួយគាំទ្រ ដល់ការរស់នៅរបស់ ប្រជាជនកម្ពុជាជាច្រើននាក់ មិនថាជួយដោយផ្ទាល់ ឬដោយប្រយោលនោះទេ ។ ក្នុងមួយខែៗ វិស័យនេះ បានផ្ដល់ប្រាក់ខែ សរុបប្រមាណជា ១២០លានដុល្លារ រួមជាមួយនឹងប្រាក់ខែ ដែលមានភាពស្ថិតស្ថេរ បានជួយឲ្យកម្មករកាត់ដេរ ដូចជា វ័រល័ក្ខ និងលីនដា ជួយដល់ក្រុមគ្រួសារ និងកសាងផែន ការទៅថ្ងៃអនាគត៕