គួរឲ្យបារម្ភ! វីរុស Zika ធ្វើឲ្យ ប្រទេសអែលសាវ៉ាឌ័រ ប្រកាសមិនឲ្យ ប្រជាជនរបស់ខ្លួន ធ្វើការបង្កកំណើត រហូតដល់ឆ្នាំ២០១៨

អែលសាវ៉ាឌ័រ៖ វាជារឿងដ៏គួរឲ្យ ព្រួយបារម្ភជាខ្លាំងមួយ ជុំវិញវីរុស ដែលកំពុងរាតត្បាតយ៉ាងខ្លាំង មានឈ្មោះថា Zika រហូតដល់ធ្វើឲ្យ ប្រទេសអែលសាវ៉ាឌ័រ ប្រកាសហាមមិនឲ្យ ប្រជាជនរបស់ខ្លួន ជាពិសេសនារីៗ ធ្វើការពរពោះ ក្នុងរយៈពេលនេះ ពោលគឺពន្យារហូត ដល់ឆ្នាំ២០១៨។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រទេសអែលសាវ៉ាឌ័រ បានធ្វើការប្រកាស ហាមប្រជាជនរបស់ខ្លួន ជាពិសេសគឺនារីៗ ជៀសវាងធ្វើការបង្កកំណើត ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០១៨ ដើម្បីបង្ការពីវីរុស Zika ដែលអាចធ្វើឲ្យប៉ះពាល់ ដល់ការចាប់កំណើតរបស់ទារកក្នុងផ្ទៃ ស្របពេលដែលវីរុសប្រភេទនេះកំពុង រាតត្បាតយ៉ាងខ្លាំង នៅក្នុងបណ្តាប្រទេសមួយចំនួន ជាពិសេសនៅតំបន់ទ្វីបអាមេរិកតែម្តង។

គួរឲ្យបារម្ភ! វីរុស Zika ធ្វើឲ្យ ប្រទេសអែលសាវ៉ាឌ័រ ប្រកាសមិនឲ្យ ប្រជាជនរបស់ខ្លួន ធ្វើការបង្កកំណើត រហូតដល់ឆ្នាំ២០១៨
មូសខ្លា គឺជាភ្នាក់ងារដ៏សំខាន់ ក្នុងការចម្លងវីរុស Zika

ជុំវិញករណីនេះ លោក Eduardo Espinoza រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយថា “ពួកយើងសូមធ្វើការ ស្នើសុំឲ្យនារីៗទាំងអស់ ដែលគ្រប់អាយុអាចធ្វើការបង្កកំណើត គួរតែផ្អាកគម្រោងពរពោះសិន ក្នុងអំឡុងឆ្នាំនេះ និងឆ្នាំក្រោយ ដើម្បីជៀសវាងការរាតត្បាត នៃវីរុសប្រភេទ Zika”។

លោករដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា “មូលហេតុដែលជំរុញឲ្យរដ្ឋាភិបាល សម្រេចធ្វើសេចក្តីប្រកាសនេះ ក៏ព្រោះតែករណី ដែលវីរុស Zika បានឆ្លងទៅកាន់មនុស្ស នៅក្នុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ ឡើងដល់ ៥.៣៩៧ ករណី ទៅហើយ”។

នាពេលបច្ចុប្បន្ន វីរុស Zika កំពុងតែរាតត្បាតយ៉ាងខ្លាំង ជាពិសេសគឺនៅក្នុងប្រទេសប្រេស៊ីល និងប្រទេសជិតខាង ផងដែរ។ វីរុសប្រភេទនេះឆ្លងតាមរយៈមូសខ្លា ហើយវាអាចធ្វើឲ្យទារកនៅក្នុងផ្ទៃ ចាប់កំណើតមក មានភាពមិនប្រក្រតី ទាក់ទងនឹងប្រព័ន្ធប្រសាទ មានលលាដ៏ក្បាល និងខួរក្បាលតូចខុសពីមនុស្សធម្មតា ជាដើម។

គូសបញ្ជាក់ផងដែរថា ប្រទេសអែលសាវ៉ាឌ័រ គឺជាប្រទេសមួយ ដែលមានការគ្រប់គ្រងលើការពរពោះ និងបង្កកំណើត ដែលមានតម្លៃថ្លៃ និងហានិភ័យខ្ពស់ផងដែរ។ ម្យ៉ាងវិញទៀត ប្រទេសនេះក៏បានចាត់ទុកករណីពន្លូតកូន ថាជារឿងខុសច្បាប់ផងដែរ។ ហេតុនេះហើយ ទើបធ្វើឲ្យរដ្ឋាភិបាល មានក្តីព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញវីរុស Zika ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនេះ៕

គួរឲ្យបារម្ភ! វីរុស Zika ធ្វើឲ្យ ប្រទេសអែលសាវ៉ាឌ័រ ប្រកាសមិនឲ្យ ប្រជាជនរបស់ខ្លួន ធ្វើការបង្កកំណើត រហូតដល់ឆ្នាំ២០១៨
ផលប៉ះពាល់ របស់វីរុស Zika ដែលធ្វើឲ្យពិភពលោក កំពុងមានការព្រួយបារម្ភ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត