​បាល់ទាត់​រីកចម្រើន​ ជា​កត្តា​ឱ្យ ទុំ សារ៉ាយ ​វិល​ចូល​ទីលាន​វិញ

​បាល់ទាត់​រីកចម្រើន​ ជា​កត្តា​ឱ្យ ទុំ សារ៉ាយ ​វិល​ចូល​ទីលាន​វិញ

ទុំ សារ៉ាយ ​បាន​ប្រាប់​មូលហេតុ​ដែល​ខ្លួន​វិល​ត្រលប់​មក​ចូល​ទីលាន​បាល់ទាត់​វិញ ​ថា​មក​ពី​ឃើញ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​រីកចម្រើន​ខ្លាំង ស្រប​ពេល​ដែល​ក្នុង​ចិត្ត​ក៏​នៅ​តែ​ស្រលាញ់​បាល់ទាត់​ដែរ​នោះ ទើប​សម្រេច​និយាយ​ជាមួយ​គ្រួសារ​វិល​មក​ខ្មែរ​វិញ។

 

​បាល់ទាត់​រីកចម្រើន​ ជា​កត្តា​ឱ្យ ទុំ សារ៉ាយ ​វិល​ចូល​ទីលាន​វិញ

​បាល់ទាត់​រីកចម្រើន​ ជា​កត្តា​ឱ្យ ទុំ សារ៉ាយ ​វិល​ចូល​ទីលាន​វិញទុំ សារ៉ាយ (លេខ​១៩)​កាល​លេង​ឲ្យ​ព្រះ​ខ័នរាជ

 

ទុំ សារ៉ាយ ​បោះ​បង់​អាជីព​បាល់ទាត់​ចោល បន្ទាប់​ពី​រៀបការ​រួច​ហើយ​ក៏​តាម​ប្រពន្ធ​ទៅ​រស់​នៅ​ប្រទេស​ថៃ រក​ស៊ី​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ។ អតីត​កីឡាករ​ស្វាយរៀង​រូប​នេះ ​បញ្ជាក់​ទៀត​ថា ​ត្បិត​តែ​ឈប់​លេង​បាល់​ទៅ​ថៃ​មែន ប៉ុន្តែ​រូបគេ​នៅ​តែ​តាម​ដាន​វិស័យ​កីឡា​នៅ​កម្ពុជា​ជា​និច្ច ដោយ​តែងតែ​មើល​ទូរទស្សន៍​នៅ​ពេល​មាន​ប្រកួត​ធំ​ៗ​របស់​កម្ពុជា​ម្ដង​ៗ។

 

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ខ្លួន ត្រលប់​មក​ចូល​លេង​បាល់​វិញ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​និយាយ​ថា​៖ “​វិស័យ​បាល់ទាត់​យើង មាន​ការ​រីក​ចម្រើន​ច្រើន ដូច្នេះ​វា​ជា​កត្តា​មួយ​ជំរុញ​ឱ្យ​ខ្ញុំ​ចង់​លេង​បាល់​វិញ។ ដោយសារ​តែ​ខ្ញុំ​ឈប់​យូរ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ពេល​ហ្វឹកហាត់​ឱ្យ​ច្រើន​បន្តិច​ដើម្បី​ឱ្យ​មាន​ទម្រង់​លេង​ឡើង​វិញ ហើយ​រំពឹង​ថា​នឹង​លេង​បាន​ល្អ អាច​ជួយ​ណាហ្គាវើល​បាន​សម្រាប់​រដូវ​កាល​ខាង​មុខ”។

 

ការ​វិល​ត្រឡប់​ចូល​​កាន់​អាជីព​បាល់ទាត់​វិញ​នេះ ទុំ សារ៉ាយ បាន​ចុះ​កុង​ត្រា​រយៈ​ពេល​មួយ​ឆ្នាំ​ជា​មួយ​ក្លឹប​ណាហ្គាវើល ប៉ុន្តែ​មុន​ពេល​ចុះ​កុងត្រា​នេះ រូប​គេ​បាន​ហ្វឹកហាត់​ជា​មួយ​ក្លឹប​មួយ​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។
 

ទុំ សារ៉ាយ បាន​​បាត់​មុខ​ពី​វិស័យ​បាល់ទាត់​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​រូប​គេ​រួម​ជា​មួយ​កីឡាករ​ សុខ រិទ្ធី និង​ កែវ សុខង៉ន ត្រូវ​បាន​សហព័ន្ធ​ព្យួរដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​សកម្មភាព​បាល់ទាត់​ជាតិ​​រយៈ​ពេល​៦​ខែ និង​អន្តរជាតិ​រយៈ​ពេល​១២​ខែ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៤៕
 
ខាង​ក្រោម​នេះ​ជា​វីដេអូ​ ទុំ សារ៉ាយ ​រៀបរាប់​អារម្មណ៍​ពេល​ចូល​លេង​បាល់​វិញ និង​ជីវិត​រស់​នៅ​ប្រទេស​ថៃ៖

 

 
អត្ថបទ៖ មុន្នី រម្យ