ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​លោក ជុំ សុន្ទរី ចុះ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៦ បានឱ្យ​ដឹង​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​ចំនួន​០២​រូប ដែល​បាន​ទៅ​ធ្វើការ​ជា​អ្នក​បោសសម្អាត និង​ធ្វើការ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​ជួប​ប្រទះ​នឹង​ការ​លំបាក​ក្នុង​ការងារ ឱ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។

ពល​ការិនី​ទាំង​ពីរ​រូប មានឈ្មោះ​ដូច​ខាងក្រោម​៖
-​យី ចាន់​ហួច អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី តាំងពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥  និង​បាន​មក​ស្ថានទូត កាលពី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៦ សុំ​ជួយ​ឱ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ ។

-​ភឹ​ម រ៉ា​ឌី អាយុ​២៧​ឆ្នាំ នៅ​ភូមិ​តា​ឡោ​ន ឃុំ​ស្ពឺ​«​ក​» ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី តាំងពី​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១១ និង​បាន​មក​ស្ថានទូត​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦ សុំ​ជួយ​ឱ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ ។

កំឡុង​ពេល​រង់ចាំ​ការ​ត្រឡប់​មក​កម្ពុជា​វិញ ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ ការ​ហូប​ចុក និង​បាន​ចេញ​លិខិត​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន ជូន​ដល់​ពល​ការិនី​ទាំង​ពីរ​រូប​នេះ ។

ពល​ការិនី យី ចាន់​ហួច និង ភឹ​ម រ៉ា​ឌី  ត្រូវ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​និង​៥០​នាទី​ព្រឹក តាម​ជើង​យន្តហោះ​AK ៥៣៦ ។

ជាមួយ​គ្នា​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សហការ​ជាមួយ​ប៉ូលិស​ក្រុង​ប៉េ​កាំ​ង អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​រង​គ្រោះ​១​រូប ឈ្មោះ វ៉ែ​ង សុ​ភ័​ក្ត អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទៀន​ភ្លើង ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង ដែល​ត្រូវ​បាន​មេខ្យល់​បោក នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន កាលពី​ឆ្នាំ​២០១២ ឲ្យ​បាន​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ ។

ស្ត្រី​ឈ្មោះ វ៉ែ​ង សុ​ភ័​ក្ត នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​យប់ តាម​ជើង​យន្តហោះ CA ៨២៥ ៕