ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មានការ​អភិវឌ្ឍ​ប្រទេស និង​មានការ​ទទួលស្គាល់​ពី​បណ្តា​ប្រទេស​មហាអំណាច​មួយ​ចំនួន​ក្នុង​ការ​ដឹកនាំរបស់​ប្រមុខ​​រាជរដ្ឋាភិបាល​អស់​រយៈពេល​ជិត​៤០​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន​យ៉ាងណា​ក្តី ក៏​មេ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា កម្ពុជា​គឺជា​ប្រទេស​ក្រីក្រ​ជាងគេ​និង​ផ្តាច់​ការ​ជាងគេ​ក្នុង​ពិភពលោក ។

ការ​ខិតខំ​អភិវឌ្ឍ​ប្រទេស​នេះ​បាន​ធ្វើ​ឱ្យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹកឃើញ​ពី​ការ​កសាង​ប្រទេស​ពី​ចំណុចសូន្យ​ឬ​ពី​បាតដៃ​ទទេ ធ្វើ​ឱ្យ​ប្រទេស​មានការ​ចម្រើន​នា​ពេល​បច្ចុប្បន្ន​នេះ ។ ជាក់ស្តែង ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន សម្តេច​តេ​ជោ​បាន​ស​សេរ​ថា ទីក្រុង​ភ្នំពេញ​យើង​សព្វថ្ងៃ គឺ​ជនរួមជាតិ​ប្រាកដជា បានឃើញ​ពី​ការ​រីក​ចម្រើន​នៅ​នឹង​ភ្នែក​ស្រាប់ ។ ទន្ទឹម​នឹង​ការ​រីក​លូតលាស់ គឺ​រាជរដ្ឋាភិបាល​ខិតខំ​កែសម្រួល​រៀបចំ​ប្រព័ន្ធ​ទីក្រុង​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ តែ​ទោះបី​យ៉ាងណា ក៏​ការ​អភិវឌ្ឍ​នៅ​ក្នុង​ទីក្រុង គឺ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​កែ​លម្អ​ជា​បន្តបន្ទាប់​ទាំង​នៅ​ពេល​នេះ និង​ទៅ​អនាគត ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖«​ខ្ញុំ​ចង​ចាំ​បាន​ច្បាស់​ណាស់ កាលពី​យើង​រំដោះ​ទីក្រុង​ភ្នំពេញ​បាន​ពី​របប​ប៉ុ​ល​ពត នៅ​ឆ្នាំ​១៩៧៩ ដែល​ទី​នេះ​គឺជា​ទីក្រុង​ខ្មោច​ស្ងាត់ជ្រងំ​គួរ​ឱ្យ​ខ្លាច ។ ទីក្រុង​ដែល​ធ្លាប់​មាន​មនុស្ស​រស់នៅ​រាប់​លាន​នាក់ អ៊ូអរ មាន​រថយន្ត​តូច​ធំ​ធ្វើ​ដំណើរ និង​មាន​អាជីវករ ពាណិជ្ជករ និង​ទេសចរ បាន​ក្លាយជា​ទីក្រុង​ដែល​បោះបង់​ចោល​ទាំងស្រុង​ក្នុង​របប​ខ្មែរក្រហម ។ ខ្ញុំ​ឃើញ​គំនរ​ខ្មោច​រថយន្ត និង​ម៉ូតូ សៀវភៅ​សិក្សា និង​សម្ភារ​របស់របរ​ប្រើប្រាស់​ត្រូវ​បាន​គេ​យក​មក​គរ​ចោល​នៅ​តាម​ទីធ្លា​សាធារណៈ ។ ខ្ញុំ​ពិតជា​ស្លុត​ខ្លាំង​ណាស់ នៅ​ពេល​ឈាន​ជើង​ចូល​ដល់​រាជធានី​ភ្នំពេញ​ដំបូង​នៅ​ឆ្នាំ​១៩៧៩ ។ ទីក្រុង​វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម និង​សេដ្ឋកិច្ច​កម្ពុជា ដែល​ធ្លាប់​ល្បី​រន្ទឺ​កាលពីមុន គឺ​ត្រូវ​បាន​បំផ្លាញ​ចោល ។ ដូច​ចម្រៀង​មួយ​បទ​ដែល​ជនរួមជាតិ​បាន​ស្តាប់​ហើយ​រំជួលចិត្ត​នៅ​ពេល​នោះ​គឺ​បទ «​ឱ​ភ្នំពេញ​អើយ​!» ។ យើង​ក្រឡេក​មើល​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​ដែល​មាន​កំណើន​ប្រជាពលរដ្ឋ​ឡើង​ជិត​ដល់​២​លាន​នាក់ និង​កំណើន​លំនៅ​ឋាន យានយន្ត មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ធុន គ្រឹះស្ថាន​សិក្សាអប់រំ​គ្រប់​កម្រិត និង​កំណើន​មុខរបរ និង​ប្រាក់​ចំណូល​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ថ្នៃ​ថ្នូរ ។ កត្តា​ទាំង​អស់នេះ គឺ​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​មាន​សន្ទុះ​រីក​ចម្រើន​ព្រម​គ្នា »​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​សង្កត់ធ្ងន់​ថា​៖«​ទោះបី​ទីក្រុង​យើង​រីក​ចម្រើន​បែប​នេះ​ក្តី ក៏​ប៉ុន្តែ​ចំពោះ​បុគ្គល​មួយ​ចំនួន​តូច គឺ​មិន​បានឃើញ​ពី​ភាព​រីក​ច្រើន​នេះ​ទេ ។ ព្រោះ​ពួក​គេ​មិន​បាន​ឆ្លងកាត់​ការ​តស៊ូ​លំបាក​វេទនា​ក្នុង​ការ​កសាង​ទីក្រុង​ពីក្រោម​ចំណុចសូន្យ​រហូត​មក​ទល់​ពេល​នេះ ។ ម្យ៉ាងវិញទៀត ពួក​គេ​ក៏​មិន​ដែល​បាន​កសាង​ទីក្រុង​អ្វី​ដែរ ដូច្នេះ​គេ​មិន​បានដឹង​អំពី​ការ​រីក​ចម្រើន​ពិតប្រាកដ​មែន ។ ខ្ញុំ​បន្ត​ដឹកនាំ និង​ខិតខំ​កសាង​ទីក្រុង និង​ប្រទេស​ជាតិ​យើង​ទាំងមូល​ឱ្យ​កាន់តែ​រីក​លូតលាស់​លឿន​ទៅ​មុខ ជាមួយនឹង​ការ​ចូលរួម​របស់​ជនរួមជាតិ និង​យុវជន​ទូ​ទាំង​ប្រទេស​» ៕