​ឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ លើកកម្ពស់​ជីវភាព ពលរដ្ឋ​ក្រីក្រ​កម្ពុជា​៖ ជីវិត​របស់​កម្មករ​រោងចក្រ​កាត់ដេរ​

ភ្នំពេញ​: អ្នក​មីង សំ រ៉ាវី ជា​អ្នករស់នៅ​ខេត្តកំពង់ស្ពឺ ហើយ​មានកូន​ចំនួន​បួន​នាក់ ដែល​កំពុង​រស់នៅ​ជាមួយ​។ ក្នុងនោះ មានកូន​ពីរ​នាក់ គឺ លីន​ដា និង វរ​ល័​ក្ខ ដែលជា​កម្មករ​ធ្វើការ នៅ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​ខេត្តកំពង់ស្ពឺ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា ១៥ គីឡូម៉ែត្រ​ពី​ផ្ទះ ។​

​មីង សំ រ៉ាវី បាន​និយាយថា​៖ “​យើង​គ្មាន​លទ្ធភាព​អី ធ្វើការ​ធំដុំ​នឹង​គេ​ទេ ។ បានកូន​ចូលធ្វើការ​រោងចក្រ​ប៉ុណ្ណឹង ជា​មោទនភាព​សម្រាប់​កូន​ដែរ​។ ចង់​មើល​កូន​ខំប្រឹង​ធ្វើការ ហើយ​ខ្ញុំ​ចេះតែ​ណែនាំ​កូន ឲ្យ​ឧស្សាហ៍​ព្យាយាម ។ ជីវភាព​យើង​ខ្វះខាត​អីចឹង យើង​ត្រូវតែ​ប្រឹង ហើយ​ខ្ញុំ​ណែនាំ​កូន កុំ​ឲ្យ​ខ្ជិលច្រអូស​” ។​

​ជា​រៀងរាល់​ព្រឹក វេលា​ម៉ោង​ប្រមាណ ៦ ព្រឹក លីន​ដា និង វរ​ល័​ក្ខ ត្រូវ​ចាកចេញ​ទៅធ្វើ​ការ ដោយមាន​កញ្ចប់​អាហារ ពេលព្រឹក ដាក់​តាម​ខ្លួន​ផង ហើយ​ទាំងពីរ​នាក់​បងប្អូន គឺ​ធ្វើការ​នៅ​រោងចក្រ ជាមួយគ្នា ។

​លីន​ដា បាន​និយាយថា​៖ “​ខ្ញុំ​គិតថា ការងារ​រោងចក្រ​គឺ​ល្អ ព្រោះ​ដូច​ខ្ញុំ​អីចឹង ខ្ញុំ​អត់​បាន​រៀន​ខ្ពង់ខ្ពស់​ដូច​គេ​ទេ ។ តែដោយសារ​រោងចក្រ​ហ្នឹង បានជា​ខ្ញុំ​មាន​ជីវភាព ដូច​រាល់ថ្ងៃ​ហ្នឹង​” ។​

​លីន​ដា ត្រូវបាន​ដំឡើង​តួនាទី ជា​ប្រធាន​ក្រុម កាលពី​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ ក៏ត្រូវ​ជួយ​ដេរ ម្ដងម្កាល​ដែរ ។ ចំណែកឯ វរ​ល័​ក្ខ ជា​ប្អូនស្រី គឺជា​កូនក្រុម​របស់​លីន​ដា​។ ជា​រៀងរាល់ ថ្ងៃ​ធ្វើការ ទាំងពីរ​នាក់​បងប្អូន មិនចាំបាច់​ទិញ ឬ​ខ្ចប់​បាយ​ថ្ងៃត្រង់ មក​តាម​ខ្លួន​ឡើយ ពីព្រោះ​រោងចក្រ ដែល​គេ​ធ្វើការ មាន​ផ្ដល់​ជា​អាហារ​ថ្ងៃត្រង់ ដល់​កម្មករ​ទាំងអស់ គឺ​ប្រមាណ​ជា ជាង ៦.០០០ នាក់ នៅ​រោងចក្រ ដែល​ពួកគេ​កំពុងធ្វើការ ។​
​ទាំងពីរ​នាក់ បងប្អូន បានធ្វើការ​នៅ​រោងចក្រ​នោះ ប្រមាណ​ជា ៨ ឆ្នាំ​មកហើយ ហើយ​ប្រាក់ខែ ដែល​ទទួលបាន ត្រូវបាន​យកទៅ​ប្រើប្រាស់ ដើម្បី​ផ្គត់ផ្គង់​ការចំណាយ របស់​ឪពុកម្ដាយ ក៏ដូចជា​ការសិក្សា​រប​ស់​ប្អូនៗ ។ សព្វថ្ងៃ ពួកគេ​ក៏​កំពុង​ជួយ​ប្អូនស្រី​ម្នាក់ ដែល​កំពុងតែ​សិក្សា នៅ​វិទ្យាល័យ​ជិត​ផ្ទះ និង​ប្អូនប្រុស ដែល​កំពុងតែ​សិក្សា នៅឯ​សកល​វិទ្យាល័យ ក្នុង​ក្រុងភ្នំពេញ ថែម​ទៀតផង ។ លើសពីនេះទៅទៀត កាលពី​ឆ្នាំ ២០១៣ ទាំងពីរ​នាក់​បងប្អូន ក៏បាន​ជួយ​បំពេញ​បំណង ឪពុកម្ដាយ​ទិញ​ដី​មួយ​ឡូត៍ ដែល​ពួកគាត់​ចង់បាន តាមរយៈ​ប្រាក់កម្ចី​ពី​ធនាគារ ។

​លីន​ដា បាន​និយាយថា​៖ “​នេះ​ជា​កាតព្វកិច្ច​របស់ខ្ញុំ ព្រោះ​ពេលដែល​ខ្ញុំ ជួយ​ឪពុកម្ដាយ​ខ្ញុំ បងប្អូន​ខ្ញុំ គឺ​ខ្ញុំ​មានចិត្ត​សប្បាយ ទោះបីថា រាល់ថ្ងៃ ខ្ញុំ​អត់​សល់​លុយកាក់​ច្រើន​មែន តែ​ខ្ញុំ​មានចិត្ត​សប្បាយរីករាយ​ដែរ ព្រោះ ខ្ញុំ​បាន​ឲ្យ​ប្អូន​ខ្ញុំ​រៀនសូត្រ ខ្ញុំ​បាន​ផ្គត់ផ្គង់​គ្រួសារ​ខ្ញុំ​” ។​

​ចំណែកឯ វរ​ល័​ក្ខ វិញ បាន​និយាយថា​៖ “​ពេល​បាន​ជួយ​ពួកគាត់​បែបនេះ ពួកគាត់​និយាយ​ល្អៗ​ជាមួយ​យើង គាត់​សប្បាយចិត្ត ដែល​យើង​បាន​ជួយ​គាត់ ។ ហើយ​ប្អូនៗ ខ្ញុំ គោរព​ខ្ញុំ គាត់​ស្ដាប់បង្គាប់​ពួក​ខ្ញុំ​”​។​

​ខណៈដែល វរ​ល័​ក្ខ មានបំណង​ចង់​បើក​អាជីវកម្ម នៅ​ថ្ងៃ​អនាគត លីន​ដា វិញ គឺមាន​បំណង​ចង់ បាន​តួនាទី​កាន់តែ​ខ្ពស់ ក្នុង​រោងចក្រ ដែល​គាត់​ធ្វើការ ។​

​លីន​ដា បាន​និយាយថា​៖ “​បើសិនជា​មានឱកាស ខ្ញុំ​នឹង​ចូលរៀន វគ្គ​បណ្ដុះបណ្ដាល​ដូច​គេ ដើម្បី​លូតលាស់ បាន​ថ្កុំថ្កើង​ជាង​មុន​។​”

​ចំណែក​អ្នកនាង ស៊ឹម ណៃ​គី ជា​កម្មករ​រោងចក្រ​កាត់ដេរ ដូច​វរ​ល័​ក្ខ និង លីន​ដា​ដែរ ។ ប្តី​របស់គាត់​ធ្វើការ នៅ​ក្រុមហ៊ុន​អគ្គិសនី ហើយ​ទទួលបាន​ប្រាក់ចំណូល ប្រមាណ​ជាង ២០០ ដុល្លារ គឺ​ទាប​ជាង ណៃ​គី បន្តិចបន្តួច ។ ទាំងពីរ​នាក់ មានកូន​ស្រី​ម្នាក់ និង​ម្ដាយ​ជា​ស្ត្រី​មេ​មា​យ​ម្នាក់ រស់នៅ​ជាមួយ ។​

​ណៃ​គី ធ្វើការ​រោងចក្រ​ប្រហែលជា ៩ ឆ្នាំ​មកហើយ ។ បន្ទាប់ពី​បាន​រៀបការ រយៈពេល​ប្រមាណ ៦ ឆ្នាំ ទាំងពីរ​នាក់ បាន​ក្រឡេក​វិល​ថយក្រោយ ហើយ​បាន​សង្កេតឃើញ ជីវភាព​ប្រសើរ​ជាង​មុន ។ លើសពីនេះ ប្ដី​របស់ ណៃ​គី ថែមទាំង​បាន​អរគុណ​ប្រពន្ធ ដែល​បាន​ជួយ​រួមចំណែក​ច្រើន ដល់​គ្រួសារ ។

​ប្ដី​របស់គាត់ បាន​និយាយថា​៖ “​គាត់​មាន​ប្រាក់ខែ​ច្រើនជាង​ខ្ញុំ ។ ...​គាត់​ជួយ​សម្រាល​បាន​ច្រើន និយាយ​រួម គាត់​ចំណាយ​លើ​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ថ្លៃ​ម្ហូប ។ គាត់​ចំណាយ​បែប​ហ្នឹង ។ បើ​ខ្ញុំរ​កមក ខ្ញុំ​ចំណាយ​លើ​កូន​វិញ ជួយ​ទប់​ថ្លៃ កូន​ទៅ​រៀន​”​។​

​ណៃ​គី បាន​និយាយថា​៖ “​ការងារ​ខ្ញុំ សព្វថ្ងៃ ហ្នឹង ជួយ​លើកស្ទួយ​ជីវភាព​ខ្ញុំ ឲ្យ​វា​រៀង​រុងរឿង​បន្តិច​ដែរ មិន​ដុនដាប​ដូច​មុន​។​”​ណៃ​គី បាន​និយាយថា គាត់​ស្រឡាញ់​ការងារ ហើយក៏​មិនមាន​ភាព​ទោមនស្ស​អ្វី ចំពោះ​កន្លែងធ្វើការ​នោះដែរ ។​“​ខ្ញុំ​អត់​មាន​ស្អប់ខ្ពើម ការងារ​កាត់ដេរ​ទេ គឺ​ចង់​និយាយថា ខ្ញុំ​អត់​មាន​ជំនាញ ធ្វើ​អ្វី​ផ្សេងៗ​ទេ​។ ខ្ញុំ​មានតែ​ជំនាញ ខាង​ផ្នែក​កាត់ដេរ​នឹង គឺ​ខ្ញុំ​អត់​ស្អប់ខ្ពើម ផ្នែក​កាត់ដេរ​នឹង​ទេ ព្រោះ​អី​នៅ​នេះ ដូច​ថា​យើង​រៀន​អត់​បាន​ជ្រៅជ្រះ យើង​មានតែ​ការងារ​នឹង​ហើយ ការងារ​នឹង​សម្រាប់​ខ្ញុំ គឺ​ល្អ​ហើយ​។​”

​បច្ចុប្បន្ន ឧស្សាហកម្ម​កាត់ដេរ ជា​វិស័យ​ធំជាងគេ បំផុត​របស់​កម្ពុជា ដែល​ផ្ដល់​ការងារ​ធ្វើ ដល់​មនុស្ស​ប្រមាណ​ជា ៧០ ម៉ឺន​នាក់ ភាគច្រើន ជា​ស្ត្រី ហើយ​អ្នក​ទាំងនោះ គឺ​រស់នៅ​ទីជនបទ ។  វិស័យនេះ បាន​ដើរតួនាទី យ៉ាងសំខាន់ ក្នុង​ការជួយ​គាំទ្រ ដល់​ការរស់នៅ​របស់ ប្រជាជន​កម្ពុជា ជាច្រើន​នាក់ មិន​ថា​ជួយ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​នោះទេ ។  ក្នុង​មួយខែៗ វិស័យនេះ បានផ្ដល់​ប្រាក់ខែ​សរុប​ប្រមាណ​ជា ១២០ លាន​ដុល្លារ ។

​ជាមួយនឹង​ប្រាក់ខែដែលមាន​ភាព​ស្ថិតស្ថេរ បាន​ជួយ​ឲ្យ​កម្មករ​កាត់ដេរ ដូចជា  វ័រ​ល័​ក្ខ និង​លីន​ដា ជួយ​ដល់​ក្រុមគ្រួសារ និង​កសាង​ផែនការទៅ​ថ្ងៃ​អនាគត ៕V/S

​ឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ លើកកម្ពស់​ជីវភាព ពលរដ្ឋ​ក្រីក្រ​កម្ពុជា​៖ ជីវិត​របស់​កម្មករ​រោងចក្រ​កាត់ដេរ​

​ឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ លើកកម្ពស់​ជីវភាព ពលរដ្ឋ​ក្រីក្រ​កម្ពុជា​៖ ជីវិត​របស់​កម្មករ​រោងចក្រ​កាត់ដេរ​

​ឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ លើកកម្ពស់​ជីវភាព ពលរដ្ឋ​ក្រីក្រ​កម្ពុជា​៖ ជីវិត​របស់​កម្មករ​រោងចក្រ​កាត់ដេរ​

​ឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ លើកកម្ពស់​ជីវភាព ពលរដ្ឋ​ក្រីក្រ​កម្ពុជា​៖ ជីវិត​របស់​កម្មករ​រោងចក្រ​កាត់ដេរ​