ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ផលិតផល​កៅស៊ូ​របស់​ចិន និង​កៅស៊ូ​គុណភាព​អន់​របស់​មី​យ៉ា​ន់​ម៉ា កំពុង​តែ​អូស​ទាញ​ចំណូល​ដែល​បាន​មក​ពី​ដំណាំ​នេះ​ឱ្យ​កាន់តែ​ដុនដាប ដែល​បាន​ដាក់​សម្ពាធ​លើ​ការ​វិនិយោគ និង​ធ្វើ​ឲ្យ​អ្នកធ្វើការ​ដែល​មាន​ជំនាញរ​ត់ទៅ​រក​ការងារ​នៅ​កន្លែង​ផ្សេង​ទៀត ។

ម្ចាស់​ចម្ការ​កៅស៊ូ លោក HKyin Tein បាន​ឲ្យ​ដឹង​ថា ៖ « ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កៅស៊ូ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា ។ កាលពីមុន ពួក​យើង​លក់​វា​ក្នុង​តម្លៃ​មួយ​គួរ​ឲ្យ​ពេញចិត្ត ខណៈ​ដែល​ប្រាក់​ដុល្លារ​ឡើងថ្លៃ ប៉ុន្តែ​ពេល​នេះ​ប្រាក់​ដុល្លារ​នៅ​តែ​ថ្លៃ រីឯ​តម្លៃ​កៅស៊ូ​បែរជា​មាន​តម្លៃ​ថោក ។ បញ្ហា​ចម្បង គឺ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ពី​ប្រទេស​ចិន​តែ​ម្តង » ។

លោក​បន្ថែម​ថា ៖ « ការ​ធ្លាក់​ថ្លៃ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះទង្គិច​ទាំង​ម្ចាស់​កសិដ្ឋាន និង​កម្មករ ព្រោះ ពួក​គេ​ទទួល​បាន​តែ​៤០%​ប៉ុណ្ណោះ ខណៈ​ដែល​ម្ចាស់​ចម្ការ​ទទួល​បាន​៦០% ។ រីឯ​ដី​ក្នុង​មួយ​ហិ​កតា​មាន​ដើម​កៅស៊ូ​តែ​៧០០​ដើម ដូច្នេះ​ពួក​គេ​ទទួល​បាន​ផល​តែ​១០​ផោន​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ គិត​ជា​ទឹកប្រាក់​ប្រមាណ​៥.០០០​ខ្យា​ដ » ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​កៅស៊ូ​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​តាំងពី​ឆ្នាំ​មុន ក្រោយ​ពី​បាន​ឡើងថ្លៃ​ខ្លាំង​នៅ​ឆ្នាំ​២០១២ ដែល​មាន​តម្លៃ​ដល់​ទៅ​៩០០​ខ្យា​ដ​ឯណោះ​ក្នុង​មួយ​ផោន ។ នេះ​បើ​តាម​សម្តី​របស់​ឈ្មួញ​ជួញដូរ​កៅស៊ូ​មួយ​រូប​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៃ​ទីក្រុង Myawady មាន​ព្រំប្រទល់​ជាប់​នឹង​តំបន់ Mae Sot ប្រទេស​ថៃ ។

លោក Nyan Htun ជា​ឈ្មួញ​ជួញដូរ​កៅស៊ូ ម្នាក់ បាន​មាន​ប្រសាសន៍​ថា ៖ « កៅស៊ូ​មី​យ៉ា​ន់​ម៉ា​ភាគច្រើន គឺជា​ពូជ​របស់​ថៃ ដូច្នេះ​គុណភាព​កៅស៊ូ​របស់​មី​យ៉ា​ន់​ម៉ា គឺ​ល្អ​ដូច​គ្នា ។ ប៉ុន្តែ​សម្រាប់​ការ​ដាំ​នៅ​មី​យ៉ា​ន់​ម៉ា​វិញ ប្រហែលជា​មានគុណ​ភាព​ជាង​ថៃ​បន្តិច ព្រោះ​ជីគីមី​មិន​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​ដូច​នៅ​ប្រទេស​ថៃ​ទេ » ។

ចំណែក​ការ​ប្រតិបត្តិការ​ប្រមូល​ផល និង ការ​ប្រើប្រាស់​ឧបករណ៍​វិញ គឺ​គ្មាន​អនាម័យ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​កៅស៊ូ ។ ដូច្នេះ​ហើយ​បានជា​កៅស៊ូ​របស់​មី​យ៉ា​ន់​ម៉ា​មានគុណ​ភាព​អន់​ជាង​កៅស៊ូ​នៅ​ថៃ ទោះបីជា​មានពូជ​ដូច​គ្នា​នឹង​ប្រទេស​ថៃ​ក្តី ។

អគ្គលេខាធិការ​ទូទៅ​នៃ​សមាគម​ដំណាំ​កៅស៊ូ​មី​យ៉ា​ន់​ម៉ា លោក Khaing Myint  បាន​ឲ្យ​ដឹង​ថា ៖ « ម្ចាស់​ចម្ការ​កៅស៊ូ​ទូ​ទាំង​មី​យ៉ា​ន់​ម៉ា កំពុង​តែ​រង​នូវ​ភាព​រង្គោះរង្គើ ដោយ​ត្រូវ​បិទ​ចម្ការ​កៅស៊ូ​ម្តង​មួយ​ៗ ។ ប្រសិនបើ​ពួក​គេ​ឲ្យ​ថ្លៃ​កម្មករ​លើ​ការ​ចៀរ​ជ័រកៅស៊ូ​នោះ ម្ចាស់​ចម្ការ​ប្រាកដជា​ខាតបង់​ប្រាក់​ចំណេញ ប៉ុន្តែ​ពួក​គេ​គ្មាន​លទ្ធភាព​លើ​ជំនួញ​កៅស៊ូ​សម្រាប់​ឧស្សាហកម្ម​ផ្សេង​ទៀត​ឡើយ » ។

លោក​បន្ថែម​ថា ៖ « ការ​ផ្លាស់​ប្តូរ​ការ​ដាំ​ដំណាំ មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ ពីព្រោះ​ការ​ដាំ​ដុះ​ថ្មី​នេះ​មិនមែន​ចំណាយ​ប្រាក់​តិចតួច​ទេ ពោល​គឺ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់ ក៏​ពី​២,៣ ទៅ​៣​ពាន់​លាន​ខ្យា​ដ​ដែរ​សម្រាប់​ដំណាំ​កៅស៊ូ​១​ហិ​កតា ។ ដូច្នេះ ម្ចាស់​ចម្ការ​កៅស៊ូ គួរតែ​អត់ធ្មត់​បន្តិច​ក្នុង​ក្តី​សង្ឃឹមថា កៅស៊ូ​នឹង​ឡើងថ្លៃ​វិញ » ៕