ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

សហរដ្ឋអាមេរិក ៖ កំណើនសេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៥ ក្នុង​អត្រា​០,៧% នៃ​អត្រា​ប្រចាំឆ្នាំ ។ ការ​ចុះ​ខ្សោយ​នេះ បណ្តាល​មក​ពី​ការ​កាត់​បន្ថយ​ការ​ចំណាយ ការ​វិនិយោគ​ធ្លាក់​ចុះ រួម​ទាំង​ការ​នាំ​ចេញ​សកល​ធ្លាក់​ចុះ ។

ការ​ព្យាករ​របស់​រដ្ឋាភិបាល​ទៅ​លើ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅ​អំឡុង​ខែតុលា​-​ធ្នូ គឺ​មាន​អត្រា​តិច​ជាង​២% នៃ​អត្រា​ប្រចាំឆ្នាំ បើ​ធៀប​នឹង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ។ ក្នុង​នោះ​ដែរ វា​ជា​អត្រា​ដែល​ទាប​ជាងគេ​បំផុត ចាប់តាំងពី​មានការ​វាយប្រហារ​ដោយ​ព្រិល​ធ្លាក់​នៅ​សហរដ្ឋអាមេរិក​ដ៏​ខ្លាំង ក្នុង​កំណើន​០,៦% នៅ​ត្រីមាស​ទី​១ កាលពី​ឆ្នាំ​មុន។

ទោះជា​យ៉ាងណា កំណើនសេដ្ឋកិច្ច​គួរតែ​រើប​ឡើង​វិញ​នា​អំឡុង​ខែមករា​-​មីនា ទោះបីជា​ក្រុម​សេដ្ឋវិទូ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច​ចិន ការ​ធ្លាក់​ចុះថ្លៃ​ប្រេង និង​ភាគហ៊ុន​ក្តី ។

កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​កើនឡើង​ដោយសារ​តែ​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់ ដែល​ចូលរួម​ចំណែក​៦៦% នៃ​សកម្មភាព​សេដ្ឋកិច្ចជាតិ​សរុប ។

ធនាគារ​បម្រុង​អា​មេ​រិ​ក​នៅ​តែ​វាយតម្លៃ​យ៉ាង​ប្រុង​ប្រយ័ត្ន​ចំពោះ​សេដ្ឋកិច្ច​របស់​ខ្លួន​នា​ស​ប្តា​ហ៍​នេះ ។ ធនាគារ​បម្រុង​អា​មេ​រិ​កបាន​រក្សា​ការ​ប្រាក់​ឲ្យ​នៅ​ដដែល បន្ទាប់​ពី​បាន​ដំឡើង​អត្រា​ការ​ប្រាក់​សកល​នៅ​ក្នុង​ខែធ្នូ កន្លង​មក ។ ជាមួយ​គ្នា​នេះ​ដែរ អ្នកវិភាគ​ជា​ច្រើន​បារម្ភ​ថា សេដ្ឋកិច្ច​ចុះ​ខ្សោយ អត្រា​អតិផរណា​លើស​ពី​ការ​រំពឹង​ទុក និង​សម្ពាធ​សេដ្ឋកិច្ច​សកល អាច​នឹង​ធ្វើ​ឲ្យ​ធនាគារ​បម្រុង​មាន​អត្រា​ចុះ​ខ្សោយ​ក្នុងឆ្នាំនេះ ដែល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ។

ជាក់ស្តែង នៅ​ឆ្នាំ​២០១៥ សេដ្ឋវិទូ​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កើនឡើង​២,៣% ពោល​គឺ​មាន​អត្រា​ប្រហាក់ប្រហែល​នឹង​២,៤% នៅ​ឆ្នាំ​២០១៤ ។ ទោះជា​យ៉ាងណា នៅ​ឆ្នាំ​២០១៦ សេដ្ឋវិទូ​បាន​ព្យាករ​ថា នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​២% ។

ក្រុម​អ្នក​សេដ្ឋវិទូ​ជា​ច្រើន​រំពឹង​ថា សេដ្ឋកិច្ច​ក្នុងស្រុក​ខ្លាំង​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ធ្លាក់​ចុះ ហើយ​វិស័យ​ថាមពល​ដែល​ធ្វើ​ឲ្យ​ការ​វិនិយោគ​ធ្លាក់​ចុះ​ជា​ខ្លាំង ដោយសារ​តែ​ប្រេង​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ។ ទន្ទឹម​នឹង​នេះ​ដែរ សេដ្ឋកិច្ច​កាលពី​ឆ្នាំ​មុន ហាក់​គ្មាន​កំណើន​អ្វី​បន្តិច​សោះ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ​មាន​អត្រា​ទាប ស្មើនឹង​៥%  ។

សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន Moody លោក Mark Zandi រំពឹង​ថា ៖ « កំណើន​ការងារ​នៅ​សហរដ្ឋអាមេរិក នឹង​ធ្វើ​ឲ្យ​អត្រា​អត់​មានការ​ងារ​ធ្វើ​ធ្លាក់​ចុះ ក៏​ដូច​ជា​ការ​ដំឡើង​ប្រាក់ខែ​ផង​ដែរ​។ កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​អាច​មាន​សេដ្ឋកិច្ច​រើប​ឡើង​វិញ​បាន ។ ការ​ចំណាយ​បន្ថែម​របស់​អ្នក​ប្រើប្រាស់ អាច​នឹង​ចូលរួម​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច​មាន​អត្រា​២,៥% នៅ​ក្នុង​ឆ្នាំ​២០១៥ » ៕