ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ឈប់​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រង់ចាំ​មិត្តភក្តិ​ជិះ​ម៉ូតូ​មក​ពី​ក្រោយ ក៏​ត្រូវ​ចោរ​មួយ​ក្រុម​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១ កុម្ភៈ ២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២៦១ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ។

បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ​ច្រឹង ដា​រ៉ូ អាយុ​២១​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២៣ ផ្លូវ​លេខ​៣៣៦ ភូមិ​៣ សង្កាត់​បឹង​សាង ខណ្ឌ​ទួល​គោក​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១១០ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ BJ -6988 ដោយ​ឌុ​ប​មិត្តភក្តិ​ស្រី​២​នាក់​ទៀត​ចេញពី​ញ៉ាំ​អាហារ​នៅ​ហាង​១០៣ ម្តុំ​ផ្សារ​សំណង់​១២ ម៉ូតូ​ក្នុង​បំណង​ជូន​មិត្តភក្តិ​ស្រី​ទាំង​២​នាក់​ទៅ​ផ្ទះ ខណៈ​ដែល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ក៏​បាន​ឈប់​ម៉ូតូ​រង់ចាំ​មិត្តភក្តិ ដែល​ជិះ​មក​ពីក្រោយ​ទៀត ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ប្រាំមួយ​នាក់ ជិះ​ម៉ូតូ​ទំនើប​ៗ​បី​គ្រឿង បាន​ជិះ​ចេញពី​ផ្លូវ​លេខ​៣៣៦ មក​ឈប់​ក្បែរ​រូប​ខ្លួន (​ជន​រង​គ្រោះ​) ហើយ​ជនសង្ស័យ​នោះ​ក៏​ស្រែ​កថា «​វៃ​វា​ទៅ​ៗ​អាហ្នឹង​ឈ្លើយ ដោយ​ឮ​បែប​នេះ ជន​រង​គ្រោះ​ក៏​ភិតភ័យ ក៏​លោត​ចេញពី​ម៉ូតូ​របស់​គេ​រត់គេច​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​» ។

ក្រុម​ចោរ​ទាំងនោះ ក៏​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ក៏​រត់​ចូល​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក សុំ​អោយ​សមត្ថកិច្ច​ជួយ តែ​គួរ​សោកស្តាយ​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ឆ្ងាយ
ហើយ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​តែ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ឱ្យ​សមត្ថកិច្ច ស្រាវជ្រាវ​រក​ម៉ូតូ និង​ចាប់​ជនសង្ស័យ​យក​ផ្តន្ទាទោស​តាម​ច្បាប់ ។