មានការ​រិះគន់​អភិបាល​ខេត្តតាកែវ រឿង​បិទបាំង​អំពើ​ឈ្លានពាន​របស់​យួន​

ថ្មីៗ​នេះ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ព្រមាន​ដល់​អ្នកណា​ដែល​ហ៊ាន​និយាយថា ដី​នៅ​បរិវេណ​តំបន់​ថ្ម​៣​ដុំ​ក្នុង​ខេត្តតាកែវ ត្រូវ​យួន​គ្រប់គ្រង​ទៅហើយនោះ​។ ជាងនេះទៅទៀត​លោក ឡាយ វណ្ណៈ បាន​ព្រមាន​វ៉ៃខ្នោះ​អ្នក​ដែល​ដើរ​និយាយថា ដី​បរិវេណ​ថ្ម​៣​ដុំ​នៅ​ស្រុក​បុរី​ជលសា ជាប់​ព្រំដែន​យួន​ជា​កម្មសិទ្ធិ​របស់​យួន​។ ការព្រមាន​របស់​អភិបាល​ខេត្តតាកែវ​ដូចខាងលើ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​រិះគន់​យ៉ាងខ្លាំង​ក្លា ព្រោះ​លោក ឡាយ វណ្ណៈ ហាក់ដូច​ជាមាន​ចេតនា​ជួយ​បិទបាំង​អំពើ​ឈ្លានពាន​របស់​យួន ហើយ​ព័ត៌មាន​នេះ​ត្រូវបាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​ក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​។

ទាក់ទង​បញ្ហា​ខាងលើនេះ លោក អ៊ូ ច័ន្ទ​រ័ត្ន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា ការព្រមាន​របស់​អភិបាល​ខេត្តតាកែវ គឺជា​ការ​បំបិទ​សិទ្ធិ​ដែល​អនុវត្តន៍​ផ្ទុយទៅនឹង​ច្បាប់​។ លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​មានប្រសាសន៍ថា ថ្វីបើ​នៅពេលនេះ​ដី​នៅ​តំបន់​ថ្ម​៣​ដុំ​និង​ទីតាំង​ផ្សេងទៀត​ជិតៗ​នោះ ពុំទាន់​អាច​បញ្ជាក់បាន​ថា​ជា​របស់​កម្ពុជា​ឬ​វៀតណាម​ក្ដី ជាក់ស្តែង​ការចេញចូល​ទៅកាន់​តំបន់​ថ្ម​៣​ដុំ គឺ​ពុំ​ត្រូវបាន​អនុញ្ញាត​ដោយ​ងាយស្រួល​ឡើយ​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សង្កត់ធ្ងន់ថា​ការព្រមាន​ប្រើ​ប្រព័ន្ធតុលាការ​ប្រឆាំង​សកម្មជន​ព្រំដែន​និង​អ្នកតំណាងរាស្ត្រ ដោយ​គ្រាន់តែ​ពិនិត្យ​ទីតាំង​បោះបង្គោល​បែរជា​ចាត់ទុកថា ជា​កំហុសឆ្គង​ទៅវិញ​នោះ​បានន័យថា ជាការ​ប្រើប្រាស់​អំណាច​លើសលប់​ផ្ទុយ​ពី​ច្បាប់​។

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ព្រមាន​ចាត់វិធានការ​ប្រឆាំង​អ្នក​ដែល​រិះគន់​ដី​នៅ​តំបន់​ថ្ម​៣​ដុំ​ថា​បាត់ទៅ​យួន គឺ​ត្រូវ​ប្រឈមមុខ​ជាប់ពន្ធនាគា​រ​និង​វ៉ៃខ្នោះ​ថែមទៀត​ផង មិន​ថា​អ្នកនោះ​ជា​តំណាងរាស្ត្រ​ឡើយ​។ ការព្រមាន​របស់លោក ឡាយ វណ្ណៈ ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ព្រោះ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បុរី​ជលសា បាន​បញ្ជាក់ថា​មួយផ្នែក​នៃ​តំបន់​ថ្ម​៣​ដុំ​ត្រូវ​យួន​គ្រប់គ្រង​រួចទៅហើយ​។ សកម្មជន​ព្រំដែន​និង​ក្រុម​សង្គម​ស៊ីវិល​បាន​បញ្ជាក់ថា ការ​ខ្វល់ខ្វាយ​រឿង​ព្រំដែន​ប្រជាពលរដ្ឋ​ធម្មតា​ក៏មាន​សិទ្ធិ ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន​ដែរ ហើយ​ការព្រមាន​របស់លោក ឡាយ វណ្ណៈ ហាក់ដូច​ជាមាន​ចេតនា​បិទបាំង​អំពើ​ឈ្លានពាន​របស់​យួន​យ៉ាង​គឃ្លើន​៕

Lay Vannakលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ 819c3f92-b65a-4f74-9249-fe926fa925abតំបន់ថ្ម៣ដុំដែលគេហាមមិនឲ្យប្រជាពលរដ្ឋខ្មែរចូលទៅពិនិត្យព្រំដែន