មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​រឿង​ក្រុមហ៊ុន​ទ្រី​ភាព ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ​នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ

បើទោះបី​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព បដិសេធ​ម្តង​ហើយ​ម្តង​ទៀតថា មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង នៅតែ​បញ្ជាក់ថា​ក្រុមហ៊ុន​ទ្រី​ភាព មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​តាំងពី​ឆ្នាំ​២០១៣​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ភូមិ​នានា​ក្នុង​ឃុំ​ព្រែ​កមាស បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ទ្រី​ភាព មាន​ឃ្លាំង​ស្តុក​ឈើ​២​កន្លែង គឺ​ទី​១​នៅ​ចំណុច​ព្រលានយន្តហោះ​នៃ​ឃុំ​សេកុង និង​ទី​២​មាន​ទីតាំង​ក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង​។

​ប្រជាពលរដ្ឋ​ដែលជា​សាក្សី​រស់ក្នុង​ភូមិ​ព្រែ​កមាស ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹងថា ពួកគាត់​មិន​អស់ចិត្ត​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​បកស្រាយ​ពី​ភាពត្រឹមត្រូវ​របស់​ក្រុមហ៊ុន​ទ្រី​ភាព ថា​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​ទ្រី​ភាព បាន​បដិសេធ​នូវ​ការលើកឡើង​ដែរ​ថា​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប ហើយ​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ក្រុមហ៊ុន​ណា​ដែល​រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់ ហើយ​យកឈ្មោះ​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​ទៅប្រើ​ប្រាស់​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង ជាប់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ នៅតែ​បញ្ជាក់ថា​ក្រុមហ៊ុន​ទ្រី​ភាព កាប់​ឈើ​ប្រណីត​ក្នុង​តំបន់​នេះ យ៉ាង​អនាធិបតេយ្យ​ជាច្រើន​ឆ្នាំ​មកហើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ព្រែ​កមាស បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទ្រី​ភាព បាន​សម្រុក​ទិញ​ឈើ​និង​បាន​ជួល​កម្មករ​កាប់​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​តាំងពី​ឆ្នាំ​២០១៣ ព្រមទាំង​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ដើម​ភាគតិច បន្ទាប់ពី​ព្រៃឈើ​ច្រើន​កន្លែង​សុទ្ធតែជា​របស់​ក្រុមហ៊ុន​ទ្រី​ភាពផ្ដាច់មុខ​។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​លើ​ក្រុម​ឈ្មួញ​ដែល​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​តាមច្បាប់ មិនត្រូវ​លើកលែង​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​គឺជា​សាក្សី​ដែល​ឃើញ​ក្រុមហ៊ុន​ទ្រី​ភាព កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​បានធ្វើ​ឲ្យ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​អភិរក្ស​នេះ ស្ទើរ​រលត់រលាយ​អស់​ទៅហើយ​៕

TP_Thai_Ubon-Ethanol_T-00671cf85db9-fd98-4839-955e-499ead81053a