បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង រាលដាល​កាន់តែខ្លាំង​

ប្រជា​នេសាទ​នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង​ឆ្នាំង បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ប្រើ​កម្លាំង​ទូក​ម៉ាស៊ីន​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​អំពិល​ទឹក ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញាធរ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា បទល្មើស​នេសាទ​ក្នុង​ឃុំ​អំពិល​ទឹក បានកើត​ឡើង​យ៉ាង​អនាធិបតេយ្យ​តាំងពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​រហូតមក​ដល់ពេលនេះ​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក និង​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ហេតុនេះហើយ​ទើប​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​បែក​ចាន ភូមិ​ក្អែ​កពង ភូមិ​ស្ទឹង​ស្ងួត និង​ភូមិ​ឪម៉ាល់ កំពុង​រង​ការរំខាន​ពី​សំឡេង​ទូក​ម៉ាស៊ីន​ធំៗ​ដែល​ធ្វើ​សកម្មភាព​ចាត់​ត្រី​ខុសច្បាប់​ជា​រៀងរាល់​យប់​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​តាម​បណ្ដា​ភូមិ​ដូច​រៀបរាប់​ឈ្មោះ​ខាងលើ​បាន​ឲ្យ​ដឹងថា ទីតាំង​ដែលមាន​បទល្មើស​ច្រើនជាងគេ គឺ​តាម​បណ្ដោយ​ដង​ទន្លេ​ចាប់ពី​ចំណុច​ព្រែក​ស្ទឹង​ស្ងួត រហូតដល់​ចំណុច​មុខ​សាលា​រៀនភូមិ​ឪម៉ាល់​។ ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​និង​ទូក​ម៉ាស៊ីន​ធំៗ​មាន​ទាំង​ជនជាតិ​វៀតណាម ជនជាតិ​ចាម និង​ជនជាតិខ្មែរ ហើយ​ភាគច្រើន​ពួកគេ​មកពី​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ក្នុង​មួយ​យប់ៗ​មាន​ទូក​ម៉ាស៊ីន​អូស​ចៃរ៉ា​យ៉ាង​ទិច​៧​គ្រឿង ហើយ​ឧបករណ៍​ចៃរ៉ា​នេះ ប្រើ​សាច់​សំណាញ់​ក្រឡា​ល្អិត​ឬ​ធំ​មាន​មុខកាត់​ប្រមាណ​១០​ម៉ែត្រ និង​អាច​ចាប់​ត្រី​បាន​ងាយស្រួល​ជាង​ការប្រើ​សំណាញ់​។

បើទោះបី​បទល្មើស​នេសាទ​នៅក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​ក៏ដោយ ក៏​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​កូនចៅ​ក្រោម​ឱវាទ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជាងនេះទៅទៀត​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ចាត់វិធានការ​លើ​ភាព​អសកម្ម​របស់លោក សោម ភា​រុណ នោះទេ​ទោះបី​មាន​ប្រភព​ខ្លះ​រិះគន់ថា លោក សោម ភា​រុណ ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ឆ្នាំង យ៉ាងណាក៏ដោយ​។ ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​រឿងរ៉ាវ​ខាងលើនេះ​ផងដែរ ព្រោះ​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ស្រុក​កំពង់ត្រឡាច កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ហើយ​មន្ត្រីរដ្ឋបាល​ជលផល គិតតែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​បណ្ដោយ​ឲ្យ​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ច្រើន​ប្រភេទ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​៕

944394_1649370668645760_1819513700297178555_nលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ki-fish-chnang1 ki-fish-chnang