លោក សម រង្ស៊ី បញ្ជាក់ថា​អ្នក​គាបសង្កត់​មិន​ឲ្យ​លោក​ចូល​ប្រទេស​កម្ពុជា​ជា​ជន​កំសាក​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​បញ្ជាក់ថា ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​នៅពេល​បច្ចុប្បន្នេះ បាន​បង្ហាញថា​កម្លាំង​ដែល​អាចដឹកនាំ​ប្រទេស​កម្ពុជា​បាន​មានតែ​ពីរ​ភាគី​ប៉ុណ្ណោះ គឺ​កម្លាំង​អ្នកស្នេហាជាតិ​ពិតប្រាកដ និង​កម្លាំង​ដែល​បម្រើ​ផលប្រយោជន៍​របស់​ប្រជា​ពល​ដ្ឋ​កម្ពុជា និង​ប្រទេស​កម្ពុជា​ដោយស្មោះ​ស្ម័គ្រ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា អ្នកស្នេហាជាតិ​ដោយស្មោះ​ស្ម័គ្រ​នឹង​ទទួលបាន​ជ័យជំនះ​យ៉ាងពិត​ប្រាកដ ហើយ​អ្នក​ដែល​បម្រើ​ផលប្រយោជន៍​បរទេស​នឹង​ទទួលរង​នូវ​ភាពបរាជ័យ​ជាក់​ជាមិនខាន​នៅពេល​ខាងមុខនេះ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពេល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា កាលពីពេល​ថ្មីៗ​នេះ បាន​ថ្លែងថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្លាច​នឹង​ការ​សម្លុត ការទិញ និង​ការព្យាយាម​បំបែក​ពី​សំណាក់​គូបដិបក្ខ​នោះទេ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា លោក​ត្រូវគេ​ប្រើ​ប្រព័ន្ធតុលាការ​គាបសង្កត់​ជាប​ន្ត​បន្ទាប់​តាំងតែ​ពី​ពេលមុន តែ​លោ​កថា​ការព្យាយាម​ដាក់​សម្ពាធ​លើ​រូបលោក​មិនបាន​សម្រេច​ឡើយ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​ការបោះឆ្នោត​នៅ​កម្ពុជា​អាច​ទទួលយកបាន ទាល់​តែមាន​វត្តមានរ​បស់​ប្រធាន​គណបក្សជំទាស់​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់ថា អ្នកបម្រើ​ផលប្រយោជន៍​បរទេស ពួកគេ​មាន​តុលាការ មាន​កងកម្លាំងប្រដាប់អាវុធ មានអំណាច និង​មាន​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​យកទៅ​ធ្វើជា​ឧបករណ៍ ឬ​ជា​មធ្យោបាយ ដើម្បី​គាបសង្កត់ បំភិតបំភ័យ និង​ទិញ​ទឹកចិត្ត​ខ្មែរ​អ្នក​សេ្ន​ហា​ជាតិ តែ​ពួកគេ​មិនអាច​កាច់​បំបាក់​ខ្មែរ​អ្នកស្នេហាជាតិ​បានទេ ព្រោះ​ខ្មែរ​អ្នកស្នេហាជាតិ​មាន​ចំនួន​ច្រើន​លើសលប់ ដូច្នេះ​បើ​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ មានការ​បោះឆ្នោត​ត្រឹមត្រូវ ខ្មែរ​អ្នកស្នេហាជាតិ​នឹង​ឈ្នះ​ជាក់​ជាមិនខាន​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺ​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ គណបក្ស​សង្គ្រោះ​ជាតិ​ចូលក្នុង​សភា​ដើម្បី​ជជែក និង​ជំរុញ​ឲ្យ​មានការ​កែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ឯករាជ្យភាព​ពិតប្រាកដ ព្រមទាំង​ជំរុញ​ឲ្យ​មានការ​កែទម្រង់​ស្ថាប័ន និង​បង្កើត​ច្បាប់​សំខាន់ៗ​មួយចំនួនទៀត​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ចំណុច​អាទិភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​ថា​លោក​នឹង​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នៅមុន​ការបោះឆ្នោត​ខាងមុខនេះ​៕

12250102_992846517438748_6929195328708141917_n