ចុងក្រោយ​សភា​មី​យ៉ាន់​ម៉ា បើក​សម័យប្រជុំ​នីតិកាល​ថ្មី​ដោយ​សន្តិវិធី

រូបភាពពីហ្វេសប៊ុក Irrawaddy​ដើម​ថ្ងៃ​ដំបូង​នៃ​ខែកុម្ភៈ​នេះ សភា​សហភាព​មី​យ៉ាន់​ម៉ា បើក​សម័យប្រជុំ​ពេញអង្គ​នៃ​នីតិកាល​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​(NLD)​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​។ នេះ​គឺជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​នយោបាយ​ថ្មី​របស់​មី​យ៉ាន់​ម៉ា​ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​នៃ​លទ្ធិ​ប្រជា​ធិ​ប​ត្យេ​ដែល​ធា្ល​ប់​តែ​ចាក់​ឬ​ស​ដោយ​មេដឹកនាំ​យោធា​ជាច្រើន​ទសវត្ស​រ៍ហើយ​នោះ ជំនួស​ដោយ​មេដឹកនាំ​ស៊ីវិល​វិញ​ម្តង​។

​ខុសពី​អាណត្តិ​មុនៗ សម័យប្រជុំ​នៃ​សភា​មី​យ៉ាន់​ម៉ា​ក្នុង​នីតិកាល​ថ្មី​ដែល​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែ កុម្ភៈ នេះ ក្នុង​រដ្ឋធានី​ណៃ​ពី​ដោរ គឺ​ភាគច្រើន​ជា​តំណាងរាស្ត្រ​ដែល​ចេញពី​ជន​ស៊ីវិល​នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី (Aung San Suu kyi)​។  តំណាងរាស្ត្រ​បក្ស​លោកស្រី​ស៊ូ​ជី មាន​សមាសភាព​សរុប​នៅក្នុង​រដ្ឋសភា​២៥៥​នៃ​អាសនៈ​សរុប​៤៤០ និង​សមាសភាព​ក្នុង​ព្រឹទ្ធិ​សភា​១៣៥​នៃ​អាសនៈ​សរុប​២២៤​។​

​បើ​យោងតាម​ភា្ន​ក់​ងារ​ព័ត៌មាន Xinhua របៀបវារៈ​សំខាន់​នៃ​សម័យប្រជុំ​ដំបូង​ក្នុង​នីតិកាល​ថ្មី​នេះ នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធានសភា​ទាំងពីរ​ជាន់​។

​សម្រាប់​តំណែង​ជាន់ខ្ពស់​សភា​ទាំងពីរ​ជាន់ ក៏ត្រូវ​បាន​មេបក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី តែងតាំង និង​រៀបចំ​រួចជាស្រេច​ហើយ​។  តាម​ការអះអាង​កន្លង​មករ​បស់​អ្នកនាំពាក្យ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ Nyan Win បក្ស​ឈ្នះឆ្នោត បានតែងតាំង​អ្នកតំណាងរាស្ត្រ​ចេញពី​បក្ស​ពីររូប​ដែលមាន​លោក Win Myint ជា​ប្រធានរដ្ឋសភា និង​លោក Win Khain Than ជា​ប្រធានព្រឹទ្ធសភា​។​

​ជាមួយគ្នានេះដែរ បក្ស​ឈ្នះឆ្នោត ក៏បាន​តែងតាំង​តំណាងរាស្ត្រ​ជនជាតិភាគតិច​ពីររូប​ជា​អនុ​ប្រធានសភា​ទាំងពីរ​ជាន់​ផងដែរ​។ នោះ​គឺ​តំណាងរាស្ត្រ​ជនជាតិ​អា​រ៉ា​ខាន (Akaran) ដែល​ចេញពី​បក្ស​ជាតិ​អា​រ៉ា​ខាន (ANP) ជា​អនុប្រធានរដ្ឋសភា និង​តំណាងរាស្ត្រ​ជនជាតិ​កា​ឆិ​ន ដែល​ចេញ​បក្ស​សហភាព​រួបរួម និង អភិវឌ្ឍន៍​(USDP) របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ លោក ថេ​ន សេន ជា​អនុប្រធាន​រដ្ឋ​ព្រឹទ្ធសភា​។​

​គោលនយោបាយ​នៃ​ការដាក់បញ្ចូល​សមាជិក​បក្សនយោបាយ​ក្រៅពី​បក្ស​ខ្លួន និង​តំណាង​ជនជាតិភាគតិច​ក្នុង​តំណែង​កំពូល​របស់​រដ្ឋាភិបាល​ថ្មី គឺជា​ជំ​ហ៊ាន​វិជ្ជមាន​មួយ​នៃ​ការកសាង​លទ្ធិប្រជាធិបតេយ្យ ដែល​ធា្ល​ប់​តែ​ចាក់​ឬ​ស​ដោយ​មេដឹកនាំ​យោធា​ជាច្រើន​ទសវត្សរ៍​ហើយ​នោះ​។ ហើយ​នេះ​ក៏​ជា​គោលនយោបាយ​មួយ​ក្នុងការ​លើកកម្ពស់​ការ​ផ្សះផ្សា​ជាតិ​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​យោធា មកកាន់​មេដឹកនាំ​ស៊ីវិល​វិញ​ម្តង​។​

​ជុំវិញ​ដំណើរការ​នេះដែរ គេ​មិនអាច​ប្រកែក​បាន​ថា វា​ក៏​ជា​ចំណែក​មួយ​នៃ​ការប្រើប្រាស់​វប្បធម៌​សន្ទនា​ក្នុង​ការចរចា​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​លោកស្រី បាន​ប្រឹងប្រែង​តាំងពី​បានដឹងថា​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ បានឈ្នះ​ឆ្នោត​ភា្ល​ម​។ ក្រោយ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត ត្រូវបាន​ប្រកាសថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​នាំមុខ​ក្នុងការ​បោះឆ្នោត លោកស្រី ស៊ូ​ជី បាន​ជួប សន្ទនា និង​ចរចា​ជាមួយនឹង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ដឹកនាំ​ក្នុង​អាណត្តិ លោក​ថេ​ន សេន ដើម្បី​ជជែក​ពី​ការ​ផ្ទេរតំណែង​ដោយ​សន្តិវិធី​។​

​មួយវិញទៀត​នោះ នេះ ក៏​ជា​ចំណែក​មួយ​នៃ​ភាពចាស់ទុំ​របស់​អ្នកនយោបាយ និង​មេដឹកនាំ​កំពូលៗ​មី​យ៉ាន់​ម៉ា ក្នុង​ការចេះ​ទទួលស្គាល់​នៃ​ការចង់បាន​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្តែង​ចេញពី​ការបោះឆ្នោត​បែប​លទ្ធិប្រជាធិបតេយ្យ​ដែល​ប្រព្រឹត្ត​ឡើងជា​លើកដំបូង​ក្នុង​ប្រវត្តិ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នា​២០១៥៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​