CPP ៖ អ្នកធ្វើបាតុកម្ម ប្រឆាំងសម្តេចតេជោ នៅអាមេរិក ជាសិទ្ធិរបស់គេ តែបើបក្សប្រឆាំង នៅពីក្រោយអាច មានបាតុកម្មក្នុង ប្រទេសវិញ

ភ្នំពេញ ៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា (CPP) បានថ្លែងឲ្យដឹងថា អ្នកណាចង់ ធ្វើបាតុកម្មក៏ធ្វើទៅជាសិទ្ធិរបស់ពួកគេ គ្មានអ្នកណាទៅហាមឃាត់ ពួកគាត់ឡើយ ប៉ុន្តែប្រសិនបើក្រុម គណបក្ស ប្រឆាំងគាំទ្រនៅពីក្រោយខ្នងវិញ នៅក្នុងប្រទេសកម្ពុជា ក៏នឹងអាចមាន បាតុកម្មប្រឆាំងវិញផងដែរ។

យោងតាមការផ្សព្វផ្សយ ពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ សម្ព័ន្ធខ្មែរអាមេរិកាំង នឹងធ្វើ បាតុកម្មនៅក្បែរបរិវេណ នៃកិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក-អាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា នាថ្ងៃទី១៥-១៦ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ដើម្បីឲ្យនាយករដ្ឋមន្រ្តីកម្ពុជា ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស។

បើតាមលោក សុខ ឥសាន្ត ក្រុមបាតុករក៏បានស្នើសុំទៅអាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ា ហើយអាជ្ញាធរក៏បាន អនុញ្ញាត ឲ្យរួចរាល់ហើយផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ថា “ហ្នឹងជាសិទ្ធិរបស់គេ ក្នុងនាមជាពលរដ្ឋម្នាក់ អាហ្នឹងច្បាប់អាមេរិកាំងគេឲ្យធ្វើក៏ធ្វើទៅ អាហ្នឹងមានអីឯណា  ព្រោះជាសិទ្ធិសេរីភាពរបស់គាត់ ក្នុងការសម្តែងមតិ ក្នុងការធ្វើបាតុកម្ម”។

លោកបន្តថា បើតាមការពិនិត្យជាក់ស្តែងហើយប្រសិនបើគណបក្សគាំទ្រឲ្យមានបាតុកម្មប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ពិតប្រាកដមែននោះ ក្រុមសមាជិក-សមាជិការរបស់គណបក្សប្រជាជនកម្ពុជា ក៏នឹងមានសិទ្ធិធ្វើ បាតុកម្មប្រឆាំងមេបក្សប្រឆាំងនៅកម្ពុជាផងដែរ។

កាលពីថ្ងៃទី២៥ មករា  account facebook ឈ្មោះ Brady Young បានគំរាមធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ នៅពេលដែលសម្តេចចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក-អាស៊ានដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ហើយលោកបារ៉ាក់ អូបាមា បានអញ្ជើញសម្តេចឲ្យចូលរួមកិច្ចប្រជុំនេះ។

ម្ចាស់អាខោនឈ្មោះ Brady Young បានលើកឡើងថា “សួស្តីសម្តេច, ខ្ញុំចង់ជំរាបសម្តេចថា ពួកយើងជាខ្មែរ អាមេរិកកាំង បានរៀបចំបាតុកម្មអហិង្សា សម្រាប់ទទួលស្វាគមន៍វត្តមានសម្តេច នៅ Palm Springer, Ca”។

សម្តេចតេជោក៏បានថ្លែងទៅតបទៅកាន់សកម្មជនបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសថា បើមានបាតុកម្មប្រឆាំង សម្តេច នៅអាមេរិក ចំណែកនៅក្នុងស្រុកវិញ ក៏អាចមានបាតុកម្មទប់ទល់មេបក្សប្រឆាំងផងដែរ។

ចំណែក ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិវិញកាលពីថ្ងៃទី៣០ ខែមករា បានលើកនៅ ចំពោះមុខសកម្មជនរបស់ខ្លួននៅខេត្តសៀមរាបថា “អត់មានទៅធ្វើបាតុកម្មនៅក្រៅប្រទេស និងក្នុងប្រទេសទេ ត្រូវស្ងៀមស្ងាត់ទាំងអស់គ្នា។  គោលដៅរបស់យើង គឺដំណើរឆ្ពោះទៅរកការបោះឆ្នោតនៅពេលខាងមុខ”។

ឯកឧត្តមបន្តថា មន្រ្តីគ្រប់ជាន់ថ្នាក់របស់គណបក្សសង្រ្គោះ មិនចាំបាច់ចំណាយពេលវេលាទៅឆ្លើយឆ្លង ឬឈ្លោះគ្នាជាមួយភាគីម្ខាងទៀតនោះទេ គួរយកពេលវេលារៀបចំគម្រោងធ្វើយ៉ាងណា ឲ្យឈ្នះការ បោះឆ្នោតនៅឆ្នាំ២០១៧-២០១៨ខាងមុខ។

ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ហេតុតែចង់ផ្តួលគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គណបក្សសង្រ្គោះជាតិ បានរៃអង្គាសប្រាក់គ្នា រាប់ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់សកម្មភាពធ្វើបាតុកម្មនានា ចាប់ពេលថ្ងៃក្រោយបោះឆ្នោត និងដំណើរទស្សនកិច្ចសម្តេចតេជោ ទៅកាន់បុរីញូវយ៉ក ៕

CPP ៖ អ្នកធ្វើបាតុកម្ម ប្រឆាំងសម្តេចតេជោ នៅអាមេរិក ជាសិទ្ធិរបស់គេ តែបើបក្សប្រឆាំង នៅពីក្រោយអាច មានបាតុកម្មក្នុង ប្រទេសវិញ

CPP ៖ អ្នកធ្វើបាតុកម្ម ប្រឆាំងសម្តេចតេជោ នៅអាមេរិក ជាសិទ្ធិរបស់គេ តែបើបក្សប្រឆាំង នៅពីក្រោយអាច មានបាតុកម្មក្នុង ប្រទេសវិញ