អំពើ​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្តកណ្ដាល កើត​ឡើងជា​បន្តបន្ទាប់​សមត្ថកិច្ច​បាន​ត្រឹម​តាម​ចាប់ខ្យល់​

​អំពើ​ប្លន់​ប្រដាប់អាវុធ​ក្នុងស្រុក​កណ្ដាលស្ទឹង និង​ស្រុក​ពញាឮ ខេត្តកណ្ដាល ជា​បន្តបន្ទាប់​កន្លងទៅ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ហើយ​បង្ហាញថា​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល គ្មាន​សមត្ថភាព​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ ចោរ​មួយក្រុម​ប្រដាប់​ដោយ​កាំភ្លើង​វែង​និង​កាំភ្លើងខ្លី​២​ដើម ភ្ជង់​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ចំណុច​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ក្រុមចោរ​បាន​យកលុយ​និង​ទ្រព្យសម្បត្តិ​មាស​ពេជ្រ​សរុប​ជាង​១​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​តាម​ការអះអាង​របស់​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​គ្នា​២​នាក់ ទី​១​ឈ្មោះ តេង រ៉ា​ន់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ទី​២​ឈ្មោះ ព្រីង ស៊ឹម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ អ្នក​ទាំង​២​រស់នៅក្នុង​ផ្ទះកើតហេតុ​ជាមួយគ្នា​ពុំមាន​រងរបួស​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម និង​កាំភ្លើង​វែង​១​ដើម ធ្វើដំណើរ​ដោយ​ថ្នើ​រ​ជើង​មក​ប្លន់​នៅផ្ទះ​ជនរងគ្រោះ​។ ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន លុយ​ដុល្លារ​១១០០​ដុល្លារ លុយ​ខ្មែរ​២០​ម៉ឺន​រៀល ចិញ្ចៀនពេជ្រ​របស់​ប្ដី​១​វង់​តម្លៃ​៣​ពាន់​ដុល្លារ ចិញ្ចៀនពេជ្រ​របស់​ប្រពន្ធ​២​វង់​តម្លៃ​៣​ពាន់​ដុល្លារ ចិញ្ចៀនពេជ្រ​របស់​កូន​២​វង់​តម្លៃ​២​ពាន់​ដុល្លារ ព្រមទាំង​ខ្សែដៃ​៤​ខ្សែ ខ្សែក​៤​ខ្សែ និង​សម្ភារៈ​មានតម្លៃ​ជាច្រើន​ទៀត​សរុប​ជាង​១​ម៉ឺន​ដុល្លារ​។

សកម្មភាព​ចោរប្លន់​ប្រដាប់អាវុធ​នៅ​ឃុំ​ឈ្វាំង ស្រុក​ពញាឮ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ករណី​ប្លន់​បាញ់សម្លាប់​ម្ចាស់ផ្ទះ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយ​ក្រុមចោរ​អាច​គេចខ្លួន​ដោយ​សុវត្ថិ​ភាពមិន​រំខាន​ភាព​សុខ​ស្រួល​របស់​សមត្ថកិច្ច​។ អ្វីដែល​ប្រជាពលរដ្ឋ​កំពុង​ភ័យខ្លាច​នោះ គឺ​ក្រោយពេល​ចោរប្លន់​គេចខ្លួន​បាត់អស់​ទើប​ស​ម​ត្ថ​កិច្ច​ទៅដល់​កន្លែងកើតហេតុ ហើយ​អះអាង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​តាម​ចាប់ខ្យល់​។ បញ្ហា​នេះ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​នោះទេ ព្រោះ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ពុំមាន​សមត្ថភាព​បង្ក្រាប​ក្រុមចោរប្លន់ ល្បែងស៊ីសង និង​បទល្មើស​គ្រឿងញៀន ដែល​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នោះឡើយ​៕

indexលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល 172 173 174