មេ​គយ​ខេត្តកោះកុង បើកដៃ​ឲ្យ​ម៉ែ​អា​ម៉េង នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ប៉ាក់​ខ្លង​ស្រេច​តែ​អំពើ​ចិត្ត​

លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ត្រូវបាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​នេះ​រិះគន់ថា កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​ម្នាក់​ឈ្មោះ ម៉ែ អា​ម៉េង នាំចូល​ទំនិញ​ចាប់ហួយ​គេចពន្ធ​និង​មាន​បង្កប់​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ខូចគុណភាព​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ​។ ភ្នាក់ងារ​គយ​តូចតាច​នៅ​ច្រក​ប៉ាក់​ខ្លង បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​ពី​លោក សំ កុសល ទើប​ឈ្មួញ​ឈ្មោះ ម៉ែ អា​ម៉េង អាច​នាំចូល​ទំនិញ​ចាប់ហួយ មាន​បង្កប់​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ពេញបន្ទុក​។

​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល បាន​ឲ្យ​ដឹងថា ម៉ែ​អា​ម៉េង ដឹកទំនិញ​ចាប់ហួយ​តាម​ទូក​ដែលមាន​ចំណុះ​៣០០​តោន​ក្នុង​មួយ​ជើង ហើយ​មាន​បង្កប់​ជង្គង់​មាន់ ស្លាប់មាន់ និង​ប្រហិត​ខូចគុណភាព​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ​។ សមត្ថកិច្ច​គយ​តូចតាច​នៅ​ច្រក​ប៉ាក់​ខ្លង មិន​ហ៊ាន​ប៉ះពាល់​ទំនិញ​របស់​ម៉ែ​អា​ម៉េង​ទេ ព្រោះ​គេ​ដឹងថា​ម៉ែ​អា​ម៉េង បង់លុយ​ឲ្យ​លោក សំ កុសល រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ​ដែល​បញ្ហា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​មន្ត្រី​គយ​ពុករលួយ​ដូចជា​លោក សំ កុសល បន្ត​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​ជាមិនខាន​។

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកោះកុង បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​ទំនិញ​ចាប់ហួយ​១​ទូក​ចំណុះ​៣០០​តោន​គឺ​ម៉ែ​អា​ម៉េង បង់​តែ​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក សំ កុសល​។ ម៉ែ​អា​ម៉េង ធ្លាប់បាន​ប្រាប់​មន្ត្រី​គយ​តូចតាច​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា មិន​ឲ្យ​គាត់​នាំចូល​ទំនិញគេចពន្ធ​និង​ឆ្អឹង​មាន់ ជង្គង់​មាន់ ប្រហិត​ខូចគុណភាព​យ៉ាង​មិច បើ​ក្នុង​មួយខែៗ​គាត់​ត្រូវ​ចំណាយលុយ​អស់​រាប់ម៉ឺន​ដុល្លារ​។ ម្យ៉ាងទៀត​ការនាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខូចគុណភាព​ត្រូវមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ក្នុងនោះ លោក សំ កុសល ជា​អ្នកទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​។

​ពាក់ព័ន្ធ​ទៅនឹង​ភាពមិនប្រក្រតី​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​នោះដែរ គឺ​ការបង្កើត​ប៉ុស្តិ៍​ជជុះ​របស់​គយ​នៅ​ចំណុច​អណ្ដូងទឹក ដែល​ផ្ទុយ​ពី​សេចក្ដីណែនាំ​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​។ ប៉ុស្តិ៍​ជជុះ​នោះ​មានការ​ចាត់តាំង​មន្ត្រី​គយ​ម្នាក់​ឈ្មោះ នេ​ត ចន្ថា ប្រចាំការ​ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​តំបន់​នោះ ហើយ​សូម្បីតែ​ទំនិញ​ដឹក​តាម​ម៉ូតូ​និង​រថយន្ត​តូចៗ​ក៏ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ប៉ុស្តិ៍​ជជុះ​នោះដែរ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក សំ កុសល មេ​គយ​ខេត្តកោះកុង​ជាបន្ទាន់​៕

2015_07_23_03_57_50_3 paklan1