លោក កឹម សុខា បញ្ជាក់ថា​នៅក្រៅ​រដ្ឋសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​មាន​សំឡេង​ភាគច្រើន​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​កាលពីពេល​ថ្មីៗ​នេះ​ថា បើទោះជា​នៅក្នុង​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​សំឡេង​ភាគតិច​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​គណបក្ស​សំឡេង​ភាគច្រើន​នៅក្រៅ​រដ្ឋសភា ហើយ​បញ្ហា​ខាងលើនេះ​បណ្តាលមកពី​ការលួចបន្លំ​សន្លឹកឆ្នោត​កាលពីពេល​កន្លងមក ខណៈ​បច្ចុប្បន្ននេះ​និន្នាការ​នៃ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​កាន់តែ​ច្រើនឡើងៗ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ពន្យល់ថា​តាមរយៈ​ការជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន​នានា លោក​សង្កេតឃើញថា​ពួកគាត់ បានសម្រេច​ចិត្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រួចទៅហើយ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាច់​ពិបាក​អី​នឹង​និយាយ​ពី​គេ​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​ផ្ដោតលើ​ការរៀបចំ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត និង​ឈានទៅ​ដឹកនាំ​ប្រទេស​។​

​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ត្រូវបាន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ពន្យល់ថា​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​មាន​កាតព្វកិច្ច​៣​សំខាន់​ក្នុងនោះ​រួមមាន ៖ ទី​១-​រៀបចំ​រចនាសម្ព័ន្ធ ពង្រឹង​រចនាសម្ព័ន្ធ បណ្ដុះបណ្ដាល​រចនាសម្ព័ន្ធ ទី​២-​រៀបចំ​គោលនយោបាយ​មូលដ្ឋាន និង​ទី​៣-​រៀបចំ​បេក្ខជន សម្រាំង​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​សម្រិតសម្រាំង​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​។ លោក  កឹម សុខា បាន​សង្កត់ធ្ងន់ថា​ចំណុចខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្ថិត​នៅត្រង់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ត្រឹមត្រូវ ស្គាល់​ពី​បញ្ហា​ពិតប្រាកដ​របស់​ជាតិ និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ប្រាប់​សកម្មជន និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បញ្ឈប់​ការរិះគន់​ទៅលើ​សកម្មភាព​អវិជ្ជមាន​នានា​របស់​មន្ត្រី​នៃ​គណបក្សកាន់អំណាច ដោយហេតុថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់ដឹង​នូវ​រាល់​ទង្វើ​ទាំងអស់នោះ​ហើយ​។ លោក កឹម សុខា បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀមខ្លួន​និង​ចាំ​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​សម្លឹង​ទៅរក​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​
​គួរ​កត់សម្គាល់ថា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បានបញ្ជាក់​ថា​លោក​បាន​ប្រាប់​រដ្ឋមន្ត្រីក្រសួង​ការ​ទេស​សហរដ្ឋអាមេរិក​លោក ច​ន ឃែ​រី ថា ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន​ការផ្លាស់ប្តូរ​មេដឹកនាំ​ដូច​ប្រជាពលរដ្ឋ​ប្រទេស​ភូមា​ដែរ ហើយ​ថា លោក​រដ្ឋមន្ត្រីការបរទេស​រដ្ឋ​អាមេរិក បានទទួល​ព័ត៌មាន​នៃ​បំណង់​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕

12642480_1276685525682077_5984773213228987540_n 12642645_1276686479015315_780442814651915496_n