ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​វៀតណាម បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ រហូត​មាន​អត្រា​ដល់​ទៅ​១០១,២% គិត​ជា​ទឹកប្រាក់​ចំនួន​១,៣៣​ពាន់​លាន​ដុល្លារ​នៅ​ខែមករា​នេះ ។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​វិនិយោគ​បរទេស​បាន​ឲ្យ​ដឹង ។

ភ្នាក់ងារ​វិនិយោគទុន​បរទេស​បាន​បង្ហើប​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ជាង​១២៧​គម្រោង មាន​ទឹកប្រាក់​សរុប​ច្រើន​ជាង​១​ពាន់​លាន​ដុល្លារ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​នៅ​ថ្ងៃ​ទី​២០ មក​រា កន្លង​មកនេះ បាន​កើនឡើង​១៥៧,៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ខណៈ​ដែល​គម្រោង​កំពុង​ប្រតិបត្តិ​ចំនួន​៥៦​ផ្សេង​ទៀត បាន​ទទួល​អាជ្ញាប័ណ្ណ​បង្កើន​មូលធន​ចំនួន​៣២៣,៤​លាន​ដុល្លារ និង​កើនឡើង​១៩,២% ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ ។

លើស​ពី​នេះ​ទៀត ការ​បើកប្រាក់​ចំណាយ​លើ​ការ​វិនិយោគទុន​បរទេស​បាន​កើនឡើង ២៣,១% ក្នុង​ទឹកប្រាក់​ប្រមាណ​៨០០​លាន​ដុល្លារ ។

ក្នុងអំឡុងពេល​ត្រួតពិនិត្យ​ឡើង​វិញ វិនិយោគិន​បរទេស​បាន​បោះទុន​វិនិយោគ​ទៅ​លើ​១៦​វិស័យ ។ ក្នុង​នោះ​ដែរ វិស័យ​ផលិតកម្ម​បាន​នាំមុខ​គេ ដែល​មាន​ទឹកប្រាក់​ដល់​ទៅ​ជាង​៩០៥​លាន​ដុល្លារ ស្មើនឹង​៦៧,៨% នៃ​អត្រា​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ។

លើស​ពី​នេះ​ទៀត គម្រោង​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មាន​ទឹកប្រាក់​ប្រមាណ​២១១​លាន​ដុល្លារ គឺ​បាន​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​កម្សាន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដែល​មាន​អត្រា​១៥,៧% នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ខណៈ​ដែល​វិស័យ​ផលិត និង​ចែកចាយ​អគ្គិសនី ឧស្ម័ន ម៉ាស៊ីនទឹក​ក្តៅ ម៉ាស៊ីនត្រជាក់ គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ដែល​មាន​ទឹកប្រាក់​៥៩,២២​លាន​ដុល្លារ ឬ​ស្មើនឹង​៤,៤% ។

ជាក់ស្តែង ក្នុង​ចំណោម​២៤​ប្រទេស​ដែល​បាន​បោះទុន​វិនិយោគ​នៅ​ប្រទេស​វៀតណាម សិង្ហ​បុរី គឺជា​ប្រទេស​វិនិយោគ​ធំ​ជាងគេ​ជាមួយ​ទឹកប្រាក់​ចំនួន​២៩៥,៥​លាន​ដុល្លារ ស្មើនឹង​២២,១% នៃ​ការ​ចុះ​ឈ្មោះ​វិនិយោគ​សរុប ។ ជាមួយ​គ្នា​នេះ​ដែរ ម៉ា​ឡេ​ស៊ី ជា​ប្រទេស​ដែល​វិនិយោគ​ធំ​ជាងគេ​បន្ទាប់​ពី​សិង្ហ​បុរី ក្នុង​ចំនួន​ទឹកប្រាក់​២៤៣,៦​លាន ស្មើនឹង​១៨,២%​។ ចំណែក​ប្រទេស​ចិន​បាន​ដាក់​ទុន​វិនិយោគ​នៅ​វៀតណាម ចំនួន​១៧៩,៥​លាន ឬ​ស្មើនឹង​១៣,៤% ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ខែ​ដំបូង ទីក្រុង​ហាណូយ​បាន​ក្លាយជា​គោលដៅ​ដ៏​ក្តៅ​គគុក​របស់​វិនិយោគិន​បរទេស ពោល​គឺ​មូលធន​ក្នុង​ទីក្រុង​បាន​ទាក់ទាញ​ការ​វិនិយោគ​រហូត​ដល់​ទៅ ២៤៣,៥​លាន​ដុល្លារ និង​មាន​អត្រា​១៨,២% នៃ​ការ​វិនិយោគ​សរុប​ដោយ​ផ្ទាល់​ពី​បរទេស​ទាំងមូល ។

ដោយឡែក តំបន់​ដែល​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ទាប់​ពី​ទីក្រុង​ហាណូយ ដែល​មាន​ទឹកប្រាក់​វិនិយោគ​១៨៣​លាន​ដុល្លារ ស្មើនឹង​១៣,៧% គឺ​បាន​ទៅ​លើ​ខេត្ត Dong Nai ក្នុង​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​១៦៣,៤ លាន​ដុល្លារ ស្មើនឹង​១២,២% ។

ភ្នាក់ងារ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ឲ្យ​ដឹង​ទៀត​ថា វិស័យ​វិនិយោគ​បរទេស​នេះ គឺ​ត្រូវ​បាន​កត់ត្រា​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​ផល​លើស​១,៥៩​ពាន់​លាន​ដុល្លារ​នៅ​ខែមករា គឺ​មានការ​នាំ​ចេញ​ច្រើន​ជាង​៩,៧៤​ពាន់​លាន​ដុល្លារ និង​កើនឡើង​៣,២% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ការ​នាំ​ចេញ​របស់​វៀតណាម​បាន​ធ្លាក់​ចុះ​២,២% ឬ​ស្មើនឹង​៨,១៥​ពាន់​លាន​ដុល្លារ ៕