ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា មនុស្ស​យ៉ាងតិច​៧០​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​៣១ មក​រា ក្នុង​ការ​ផ្ទុះ​៣ នៅ​ជិត​ទីតាំង​ស៊ី​អីុ​ត​មួយ​នា​ជាយក្រុង​ដា​ម៉ាស់ ដែល​នេះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ការ​វាយប្រហារ​នេះ​កើត​មាន​ខណៈ​ការ​ចរចា​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ប៉ុនប៉ង​ស្វែងរក​ដំណោះស្រាយ​មួយ​ចំពោះ​ជម្លោះ​នៅ​ស៊ី​រី​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហ្សឺ​ណែវ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី SANA រាយការណ៍​ថា​កាលពី​វេលា​ថ្ងៃត្រង់ រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​បាន​ផ្ទុះ​នៅ​ជិត​ចំណតរថយន្ត​បឺស​មួយ​កន្លែង​នៅ​ក្បែរ​ទីតាំង​គោរព​បូជា SAYEDA ZEINAB របស់​ពួក​ស៊ី​អីុ​ត ដែល​នៅ​ទីនោះ​មាន​កន្លែង​តម្កល់សព​ចៅស្រី​ម្នាក់​របស់​ព្រះ​មហាម៉ាត់ ។ ជន​អត្តឃាត​២​នាក់ បន្ទាប់​មក​បាន​បំផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​ពួក​គេ​ពេល​មនុស្ស​ម្នា​លើកគ្នា​ចោមរោម​កន្លែង​បំផ្ទុះ​រថយន្ត ។

OSDH និយាយ​ថា ការ​ផ្ទុះ​ទាំង​៣​លើក​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧១​នាក់ ក្នុង​នោះ​មាន​កុមារ​៥​នាក់ ។ ចំណែក​បណ្តាសារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី​រៀបរាប់​ពី​តុល្យការ​អ្នក​ស្លាប់​យ៉ាងតិច​៥០​នាក់ និង​របួស​ជាង​១០០​នាក់ ។

អ្នក​ថតរូប AFP ម្នាក់​និយាយ​ថា ការ​ផ្ទុះ​ទាំង​៣​លើក​នេះ​បណ្តាល​ឱ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ដោយ​ជីករណ្តៅ​មួយ​លើ​ទ្រូង​ថ្នល់ ហើយ​ផ្នែក​ខាង​មុខ​នៃ​អគារ​មួយ​ត្រូវ​ភ្លើង​ឆេះ​រោល ។ ផ្សែង​បាន​ហុយ​ចេញពី​រថយន្ត​ជា​ច្រើន​សិប​គ្រឿង​ដែល​ត្រូវ​ភ្លើង​ឆេះ ចំណែក​បណ្តា​រថយន្ត​សង្គ្រោះ​ដឹក​អ្នក​របួស​ទៅ​មន្ទីរពេទ្យ ។

ការ​វាយប្រហារ​នេះ​នៅ​តំបន់​ត្រួតត្រា​ដោយ​របប​ក្រុង​ដា​ម៉ាស់​ត្រូវ​បាន​ប្រកាស​ទទួលខុសត្រូវ​ភ្លាម​ៗ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​សេចក្តី​ប្រកាស​មួយ​ផ្សាយ​តាម​បណ្តាញ​សង្គម។ ក្រុម​រ៉ា​ឌី​កាល់​រដ្ឋ​អ៊ិ​ស្លា​ម​គូសបញ្ជាក់​ថា ទាហាន​២​នាក់​របស់​រដ្ឋ​កាលី​ហ្វា​ត​បាន​ធ្វើ​ប្រតិបត្តិការ​អត្តឃាត​នៅ​តំបន់​របស់​ពួក​សត្រូវ​គឺ​តំបន់ SAYEDA ZEINAB ។

ពួក​ស៊ី​អីុ​ត​តែង​ជា​គោលដៅ​វាយប្រហារ​របស់​បណ្តា​ក្រុម​ជី​ហា​ដ​ស៊ុន​នី​ត ពិសេស​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ក្រុម​ទាំងនេះ​ចាត់​ទុក​បណ្តា​សមាជិក​សហគមន៍​នោះ​ថា ជា​ពួក​សត្រូវ។ ពួក​អ្នក​ធ្វើ​ធម្ម​យាត្រា​ស៊ី​អីុ​តម​ក​ពី​អីុ​រ៉​ង់ អីុ​រ៉ា​ក់ តំបន់​ឈូង​សមុទ្រ និង​លី​បង់​បាន​លើកគ្នា​រាល់ថ្ងៃ​មក​ធ្វើ​ធម្ម​យាត្រា​នៅ​ទីតាំង​SAYEDA ZEINAB​។ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥ ព្រះ​វិហារ​នេះ​រង​ការ​វាយប្រហារ​អត្រា​អត្តឃាត​ម្តង​រួច​មក​ហើយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួស​១៣​នាក់ ។ នា​ខែ​នោះ​ដែរ ការ​ផ្ទុះ​មួយ​សំដៅលើ​រថយន្ត​បឺស​ដឹក​ពួក​អ្នក​ធ្វើ​ធម្ម​យាត្រា​ស៊ី​អីុ​ត​លី​បង់ ដែល​មក​កាន់​ទីនោះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៩​នាក់ ក្នុង​ការ​វាយប្រហារ​មួយ​របស់​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​ជា​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី ។

ការ​វាយប្រហារ​ភេរវកម្ម​លើក​នេះ​ធ្វើ​ឡើង​ពេល​ដែល​បណ្តា​តំណាង​របស់​ស៊ី​រី និង​ពួក​ប្រឆាំង​ស្ថិត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ដើម្បី​ធ្វើការ​ចរចា​ដោយ​ប្រយោល​រៀបចំ​ឡើង​ដោយ អ​.​ស​.​ប ដើម្បី​ប៉ុនប៉ង​បញ្ចប់សង្គ្រាម​យ៉ាង​បង្ហូរឈាម​រយៈពេល​ជិត​៥​ឆ្នាំ​មក​ហើយ ៕