ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង ​​កសាង​សំណុំរឿង​បញ្ជូន​ទៅការិយាល័យ​នគរបាល​​​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១ ​កុ​ម្ភៈ ២០១៦ ដោយ​ចោទប្រកាន់​ពី​បទ​លួច​មង​អ្នក​ភូមិ​ ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី៣១ ​មករា ​២០១៦ នៅ​ចំណុច​បឹង​ទួល​អំពិល ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ។

​លោក ​ម៉ា យន្ត នាយ​នគរបាល​ព្រហ្មទណ្ឌក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង៤​នាក់ ត្រូវ​បាន​អ្នក​ភូមិ និង​ម្ចាស់​មង ​នាំ​គ្នា​ព័​ទ្ឋ​ចាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​មង ចំនួន​២​កា​រុង​ ស្មើ​នឹង​ប្រវែង​២.១០០​ម៉ែត្រ ។ លោក​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់​មាន ​១-​ឈ្មោះ យឹ​ម ធា​រ៉ា អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​កោះក្របី ២-​ឈ្មោះ ម៉ក់ អៀង អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​សំរោង ៣-​ឈ្មោះ ជៀម ចាន់​ធឿ​ន អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ដី​ដុល និង​៤-​ឈ្មោះ នួន ម៉ា​និ​តុ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​កោះក្របី ទាំង៤​នាក់ រស់​នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ​។ ចំណែក​ម្ចាស់​មង​វិញ ​ឈ្មោះ អុំ ចក់ អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៤​នាក់ ក្នុង​នោះ​ម្នាក់​ជា​មុខសញ្ញា​ចាស់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ជាមួយ​វត្ថុ​តាង ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ជា​បន្តបន្ទាប់​ទៅ​​សាលាដំបូង​ខេត្ត ៕