ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា ជា​មន្ត្រី​គយ​នៅ​ព្រំដែន​បាន​បើករថយន្ត​បុក​រះ​ម៉ូតូ រថយន្ត និង​កន្លែង​លក់​ផ្លែ​ឈើ បណ្ដាល​ឱ្យ​ដូ​ល​បែក​ខ្ទេចខ្ទី​អស់ ខណៈ​រ៉ឺ​យ៉ែ​ថយក្រោយ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣១ មក​រា ២០១៦ ស្ថិត​នៅ​ជាប់​របង​កាស៊ីណូ​មួយ​កន្លែង​ក្បែរ​ច្រក​អន្តរជាតិ​ដូង ក្នុង​ឃុំ​បឹង​រាំ ស្រុក​កំ​រៀង ដែល​សាមីខ្លួន​អះអាង​ថា ដោយសារ​រថយន្ត​ជាប់​ហ្គែ​រ និង​ជាប់​ហ្វ្រាំង ។

ប្រភព​បន្ត​ថា រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-1771 តែ​គេ​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​បុរស​នោះ​ទេ គ្រាន់តែ​ដឹង​ថា ម្ចាស់​រថយន្ត​ជា​មន្ត្រី​គយ​នៅ​ច្រកព្រំដែន ។

បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា រថយន្ត​របស់​មន្ត្រី​គយ​នោះ​ជាប់​ហ្គែ​រ និង​ជាប់​ហ្វ្រាំង ខណៈ​ម្ចាស់​ឡើង​បើក​ចេញពី​កន្លែង​ដូរ​លុយ ដូច្នេះ​ហើយ​ទើប​ថយក្រោយ​បុក​រះ​គ្មាន​ប្រណី ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រត់​ប្រសាច​ពេញ​ថ្នល់ ។ សំណាងល្អ ហេតុការណ៍​នេះ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ តែ​ធ្វើ​ឱ្យ​ខូចខាត​ម៉ូតូ​ចំនួន​៥​គ្រឿង​, រថយន្ត​២​គ្រឿង និង​កន្លែង​លក់​ផ្លែ​ឈើ​ផង​ដែរ ។

បច្ចុប្បន្ន រថយន្ត​បាន​យក​ទៅ​កាន់​អធិការ​ស្រុក​ហើយ ពេល​នេះ​ភាគី​បង្ក​និង​ភាគី​រង​គ្រោះ​ទាំងអស់​កំពុង​ច​ចារ​គ្នា​ដោះស្រាយ​សំណង​​ហើយ ដោយ​ម្ចាស់​រថយន្ត​យល់ព្រម​បង់​សំណង​ការ​ខូចខាត​ទាំងស្រុង ។