ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បើកទឹក​បារាយណ៍ បញ្ចូលស្រោចស្រព​ស្រូវ​ស្រែ​ប្រដេញទឹក ស្រែ​រនាម និង​ស្រែប្រាំង ជូន​ប្រជាពលរដ្ឋចំនួន​២.៦៤៧​ហិ​កតា ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​៧ ក្នុងស្រុក​ពួក និង​ក្រុង​សៀមរាប ​ក្នុង​ខែមករា ឆ្នាំ​២០១៦​ ​។

​តាម​សេចក្តីរាយការណ៍​របស់នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​បញ្ជាក់​ថា ឃុំ​ដែល​បាន​ស្នើ​សុំ​ទឹក​ប្រើប្រាស់ ក្នុង​ខែមករា​ ក្នុងស្រុក​ពួក ខេត្តសៀមរាប មាន​ចំនួន៤​ឃុំ​ គឺឃុំ​សំរោង​យា ស្រែ​បណ្តេញ​ទឹកចំនួន​៧៤០​ហិ​កតា​, ឃុំ​កែវ​ពណ៌ ស្រែប្រាំង​ចំនួន​៥៥៣​ហិ​កតា​, ឃុំ​ពួក ស្រែប្រាំង​៤០០​ហិ​កតា​, ឃុំ​ខ្នាត ស្រែប្រាំង និង​ស្រែ​រនាម​ចំនួន​៤០០​ហិ​កតា ​។ រីឯក្រុង​សៀមរាប មាន​ចំនួន​៣​សង្កាត់​ គឺ​សង្កាត់​ស្វាយ​ដង្គុំ ស្រែប្រាំង​ចំនួន​៣០​ហិ​កតា​, សង្កាត់​ក្របី​រៀល ស្រែប្រាំង​ចំនួន​២០០​ហិ​កតា និង​សង្កាត់​ស្រ​ង៉ែ ស្រែប្រាំង​ចំនួន​៣២៤​ហិ​កតា ​។

ចំណែក លោក ជូ រ៉ា​ឌី​ណា អនុប្រធាន​នាយកដ្ឋាន គ្រប់គ្រង​ទឹកនៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ការ​បើកទឹក​បារាយណ៍ជូន​ពួក​គាត់​ប្រើប្រាស់ គឺ​អាស្រ័យ​លើ​ការ​ស្នើ​សុំរបស់​ពួក​គាត់ តាម​រយៈ​សហគម​ន៍​ប្រើប្រាស់​ទឹក​ ។ ក្រោយ​ពី​ទទួល​បាន​សំណើសុំ​ប្រើប្រាស់​ទឹក​ពីប្រធាន​សហគមន៍ ក្រុម​ជំនាញដែល​ប្រចាំការ​នៅ​បារាយណ៍ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង ហើយ​ក៏​បើក​​ជូន​តែ​ម្តង ​ចៀស​វាង​មាន​សភាព​ការ​យឺតយ៉ាវ​ជូន​ដល់​ពួក​គាត់ ដែល​អាច​បង្ក​ភាព​ខូចខាតដល់​ដំណាំ​កសិកម្ម​។  

លោក​បាន​បន្ត​ថា ទោះបីជា​ឆ្នាំ​នេះ យើង​មាន​បរិមាណ​ទឹក​តិច​ក៏​ដោយ តែ​យើង​សង្ឃឹមថា ​​មិន​ខ្វះខាត ទឹក​នោះ​ទេ​ ។ លោក​បាន​បញ្ជាក់​ទៀត​ថា តាម​គោលការណ៍របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ជា​អ្នកគ្រប់គ្រង​ទឹក យើង​បាន​ព្យាយាម​សន្សំ​សំចៃ​ខ្ពស់ក្នុង​ការ​ប្រើប្រាស់​ទឹក និង​ប្រមែប្រមូល​ទឹក​ពីប្រភព​ផ្សេង​ៗ មក​ប​ញ្ជូ​លជា​បន្តបន្ទាប់ ដោយ​​ធ្វើ​យ៉ាងណាឱ្យ​មានទឹក​គ្រប់គ្រាន់ សម្រាប់​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ និង​រក្សា​ទឹកទុក​ក្នុង​បារាយណ៍សម្រាប់​ស្រោចស្រពដល់​ដំណាំ​កសិកម្ម ​​។

គួរ​បញ្ជាក់​ដែរ​ថា ដើម្បី​ប្រើប្រាស់​ទឹក​ឱ្យអស់ពី​លទ្ធភាព​នោះ តើ​អាជ្ញាធរ​ជាតិ​អប្សរា ដាក់​ឱ្យ​ដំណើរការ​នៅ​ទ្វារ​ទឹក និង​ប្រព័ន្ធ​ប្រឡាយ​មួយនៅ​ឃុំ​ដូន​កែវ ស្រុក​ពួក ​ដែល​ប្រឡាយ​នេះ អាច​ស្រោចស្រព​ផ្ទៃដីសរុប​ប្រមាណ​១.០០០​ហិ​កតា ​។ ​នាយកដ្ឋាន​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ដាក់​ចេញ​​​ផែនការ​ក្នុង​ការ​ជំរុញ​ប្រជាពលរដ្ឋឱ្យ​ចាប់​យក​ការ​ដាំ​ដុះ​ដំណាំ និង​បន្លែ​ផ្សេង​ៗ យក​ទៅ​លក់​នៅ​ផ្សារដែល​នាំ​មក​​នូវ​ប្រាក់​ចំណូល បាន​ឆាប់រហ័ស​ជាងដំណាំ​ស្រូវ​ ។ ទាំងនេះ​សុទ្ធតែ ជា​ការ​គិតគូររបស់អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការ​លើកកម្ពស់ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​គ្រួសាររបស់​ប្រជាពលរដ្ឋ ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់ទទួលផល​ប្រយោជន៍​ដោយ​ផ្ទាល់ ពី​វិស័យ​ទេសចរណ៍​យ៉ាងច្រើន​ផង​ដែរ​ ៕ ​