ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត ដោយ​មានការ​ចូលរួម​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ខេត្ត ព្រម​ទាំង​មានការ​សហការ​ល្អ​ពី​ធនាគារ ABA បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​​ជនបរទេស​ជា​ជនជាតិ រ៉ូ ម៉ា​នី ម្នាក់ រួច​បន្ត​ទៅ​យក​ជនជាតិ​ប៊ុល​ហ្គា​រី​ម្នាក់​ទៀត ដោយ​ចោទ​ពី​បទ​លួច​លេខ​កូដ​កាត​តាម​ទូ ATM របស់​ធនាគារ ABA ដែល​មា​នទី​តាំងនៅ​ផ្សា​រអា​ថ សិន ធម៌ ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀម
រាប ។

ហេតុការណ៍​ឃាត់ខ្លួន​ជនបរទេស​ចំនួន​២​នាក់​នោះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៥ និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៣០ មក​រា ២០១៦ ស្ថិត​នៅ​ផ្សារ អា​ថ សិន ធម៌ ដែល​ដឹកនាំ​ដោយ​លោក​វរ​សេនី​ឯក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ខេត្ត ។

លោក​វរ​សេនី​ឯក ភឹង ចិន្តា​រ៉េ​ត បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ២០១៦ នេះ​ថា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ធនា​គារ ABA ដែល​មា​នទី​តាំងនៅ​ផ្សារ អា​ថ សិន ធម៌ កាលពី​ថ្ងៃ​ទី​៥ និង​ទី​៦ ធ្នូ ២០១៥ និង​អតិ​ថ​ជន​របស់ ABA នៅ​ភោជ​នីយ​ដ្ឋាន​មនោ​រម្យ​ចាស់​កន្លង​ទៅ ស្ថិត​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​បន្ត​ថា ជនសង្ស័យ​បរទេស​ទាំង​២​នាក់​នេះ មក​ជា​ភ្ញៀវ​ទេសចរ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​​ជា​ជនជាតិ​បរទេស​ទាំង​២​នាក់ (​ម្នាក់​ជា​ជនជាតិ រ៉ូ​ម៉ា​នី និង​ម្នាក់​ទៀត​ជា​ជនជាតិ​ប៊ុល​ហ្គា​រី​) ពួក​គេ​ទាំង​២​នាក់​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ចូល​ទៅ​លួច​លេខ​កូដ​កាត​តាម​ទូ ATM នៅ​ផ្សា​រអា​ថ សិន ធម៌ របស់​អតិ​ថ​ជន​របស់ ABA នៅ​ភោជនីយដ្ឋាន​មនោ​រម្យ​ចាស់​កន្លង​ទៅ​ពិតប្រាកដ​មែន​បាន​ចំនួន​២១.០០០​ដុល្លារ នៅ​ថ្ងៃ​ទី​២៦ ធ្នូ រួច​បន្ត​ទៅ​ធ្វើ​សកម្មភាព​ដក​លុយ​នៅ​ប្រទេស​ឡាវ ក្នុង​អំឡុង​ឆ្នាំ​២០១៥ បាន​១៣.៧០០​ដុល្លារ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​ជនបរទេស​ទាំង​២​នាក់​នេះ​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ កុម្ភៈ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕