ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តមណ្ឌលគិរី ៖ ​សិស្សប្រុស​ម្នាក់​បែក​ក្បាលស្លាប់​នៅ​នឹង​កន្លែង ម្នាក់​ទៀត​របួសធ្ងន់ ក្រោយពី​​ជួប​ហេតុ​ការណ៍​​រថយន្ត​កែ​ច្នៃ​​បុក​យ៉ាង​​ពេញទំហឹង​ ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​០៩ ​និង​៣០​នាទី​ព្រឹកថ្ងៃ​៣១ ​មក​រា ​២០១៦ ស្ថិតត្រង់​ចំណុច​ផ្លូវបំបែក​ចូល​​ភូមិ​ទី​០៤ ​​ក្នុងភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ​។

អ្នក​​ឃើញ​ហេតុ​ការណ៍​​បានឱ្យ​​ដឹង​ថា ​មុន​កើតហេតុ​ ​គេ​ឃើញក្មេង​សិស្សសាលា​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ ហើយ​ឡើង​មក​​ដល់​លើ​ផ្លូវ ក៏​ត្រូវ​គោ​យន្ត​ដឹក​ដំឡូង​មី​១​គ្រឿង​បោះពួយ​ពី​ទិស​ខាងកើត​បុក​ពេញទំហឹង និង​កិនតែ​ម្តង ​ប៉ុន្តែ​អ្នកបើកបរ​មិន​បាន​ឈប់​នោះ​ទេ ក៏​ព្យាយាម​​បើក​គេច​រហូត​ដល់​ចំនុច​អូរ​ប្លាយ ស្ថិត​ក្នុងភូមិ​ស្រែ​អំ​ពូ​ម ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ក៏​ឈប់​លាង​កង់​រថ​យន្ត​ដែល​ប្រឡាក់​ឈាម​ ដើម្បី​បំ​ភាន់​​ភ្នែក​សមត្ថកិច្ច ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ​។

នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ពេ​ជ្រា​ដា​បានឱ្យ​ដឹង​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឱ្យ​​ក្មេង​សិស្សសាលា​ម្នាក់​ បាន​ស្លាប់​ និង​ម្នាក់​ទៀត​​កំពុង​ត្រូវ​ជួយ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ​។ ​មន្ត្រី​រូប​នោះ​បន្ត​ថា ជន​រង​គ្រោះ​​ដែល​បាន​ស្លាប់​មានឈ្មោះ​
រ័​ត្ន ហេ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិ​ខ្មែរ ហើយ​ម្នាក់​ដែល​រង​របួសធ្ងន់​​មានឈ្មោះ​នី​ន រាជ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​វ៉េវ មាន​ទីលំនៅ​ក្បែរ​​កន្លែង​កើតហេតុ​ ។

​ចំណែក​អ្នកបើកបរ​មានឈ្មោះ​សេង វ​ណ្ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ ។​ បច្ចុប្បន្ន​នគរ​បាលបាន​ចាប់ខ្លួន​ជន​បង្ក​ និង​ប​ញ្ជួ​ន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​យាន​យន្ត​ខុស​បច្ចេកទេស​​នៅ​តែ​មាន​ចំនួន​ច្រើន​​ដដែលនៅ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ ហើយ​វា​បាន​បង្ក​​ឱ្យ​​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង និង​បាន​សម្លាប់​​មនុស្ស​ជា​រឿយ​ៗ​ផង​ដែរ ។