លោកខៀវ កាញារីទ្ធ៖ នៅពេលច្បាប់សិទ្ធិទទួលព័ត៌មាន ដាក់ឲ្យដំណើរការ នឹងមិនប្រទាំងប្រទិស ដូចច្បាប់ចរាចរណ៍ថ្មី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន នៅពេលដែលដាក់ឲ្យ ដំណើរនាពេលខាងមុខ នឹងមិនមានការរិះគន់ដូចទៅនឹង ច្បាប់ចរាចរណ៍ថ្មីឡើយ។

 ការអះអាងរបស់រដ្ឋមន្ត្រី ក្រសួងព័ត៌មានបែបនេះ បានធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាល ក្រុមការងារបច្ចេកទេស(A2I- TWG)  រៀបចំតាក់តែងសេចក្តី ព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន ក្រោមប្រធានបទ «ការចូលរួមរបស់ប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធទៅក្នុង ដំណាក់កាលនៃការតាក់ តែងសេចក្តីព្រាងច្បាប់» នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នា២០១៦ នៅសណ្ឋាគារភ្នំពេញ ។

លោករដ្ឋមន្ត្រីបន្តថា សេចក្តីព្រាងច្បាប់នេះ នឹងពិភាក្សាលើមាត្រាបន្តបន្ទាប់ ឲ្យល្អិតល្អន់ហើយ ខិតខំធ្វើឲ្យចប់ក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ ។ លោកបន្ថែមថា នៅពេលច្បាប់ សិទ្ធិ ទទួលបានព័ត៌មានចេញ ជារូបរាងហើយ នឹងមិនមានការរិះគន់ដូចច្បាប់ ចរាចរណ៍ផ្លូវគោកនោះទេ ផ្ទុយទៅវិញប្រសិនបើមានអ្នករិះគន់នោះ មានន័យថាអ្នកនោះ មិនយល់ដឹងអ្វីទំាងអស់ ព្រោះ ក្រុមការងារ បានធ្វើការផ្សព្វផ្សាយ រហូតដល់បង្កើត ឲ្យមានគេហទំព័រមួយ ដើម្បីចូលរួមផ្តល់មតិថែមទៀត ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «នេះជាលើកទី៣ហើយ នៃកិច្ចពិភាក្សាច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាននេះ ។សួរថាហេតុអ្វីបានយើងធ្វើច្រើនដងម្ល៉េះ ?  ចំពោះច្បាប់នេះ មូលហេតុនោះពីព្រោះថា ច្បាប់នេះជាច្បាប់គោលមួយ នៅក្នុងប្រទេសជាធិបតេយ្យ នេះជាច្បាប់ដ៏សំខាន់ណាស់ »។

លោក ខៀវ កាញារីទ្ធបានសង្កត់ធ្ងន់ថា កន្លងមក មានអ្នកចោទសួរថាច្បាប់នេះនឹងជួយ សម្រួលអ្វីខ្លះដល់អ្នកកាសែត  ព្រោះពួកគាត់យល់ថា សិទ្ធិទទួលបានព័ត៌មាននេះ សម្រាប់តែអ្នកកាសែតប៉ុណ្ណោះ ប៉ុន្តែតាមការពិតសម្រាប់អ្នកកាសែតក៏ដូច ជាសាធារណជនទូទៅ ឲ្យទទួលបានព័ត៌មាន ក្នុងនោះអ្នកកាសែតមាន ភារកិច្ចសំខាន់ក្នុងការ រាយការណ៍ព័ត៌មាននានា ដល់ប្រជាពលរដ្ឋទាំងអស់។

ចំណែកលោកស្រី Anne Lemaistre  តំណាងអង្កកាយូណេស្កូ ប្រចាំនៅកម្ពុជា មានប្រសាសន៍ ថាដើម្បីទទួលបានផលល្អលើ ច្បាប់សិទ្ធិទទួលព័ត៌មាននោះ គ្រប់ភាគីដែលជាដៃគូ ពិភាក្សាបានចុះទៅតាមបណ្តាលខេត្តនានាក្នុងប្រទេស ដើម្បីឲ្យសង្គមស៊ីវិល អ្នកមានវិជ្ជាជីវៈខាងព័ត៌មានឲ្យមតិ ហើយក៏ប្រមូលដាក់ បញ្ចូលគ្នាទៅក្នុងច្បាប់នេះផងដែរ ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ មាន៩ជំពូក និង៣៧មាត្រា ហើយរហូតមកដល់ បច្ចុប្បន្ននេះ ក្រុមការងារបាន នឹងកំពុងពិភាក្សាគ្នា លើជំពូកនីមួយៗយ៉ាងម៉ត់ចត់ ។ បើតាមលោកខៀវ កាញារីទ្ធ ច្បាប់នេះប្រើពេលវេលារយៈពេល៣ឆ្នាំ មកទល់ពេលនេះបាន១ឆ្នាំហើយ  ហើយយ៉ាងយូរ២ឆ្នាំទៀត នឹងលេចចេញជារូបរាង៕

លោកខៀវ កាញារីទ្ធ៖ នៅពេលច្បាប់សិទ្ធិទទួលព័ត៌មាន ដាក់ឲ្យដំណើរការ នឹងមិនប្រទាំងប្រទិស ដូចច្បាប់ចរាចរណ៍ថ្មី

លោកខៀវ កាញារីទ្ធ៖ នៅពេលច្បាប់សិទ្ធិទទួលព័ត៌មាន ដាក់ឲ្យដំណើរការ នឹងមិនប្រទាំងប្រទិស ដូចច្បាប់ចរាចរណ៍ថ្មី