ជប៉ុន​ផ្តល់​រថយន្តក្រុង ចំនួន ១៨០ គ្រឿង​ដើម្បី​ព​ង្រឹ​ក​សេវាសាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​

Doliprane TVC

​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប្រទេស​ជប៉ុន បានប្រកាសថា នឹង​ផ្តល់​ជំនួយឥតសំណង​នូវ​រថយន្តក្រុង​ចំនួន ១៨០ គ្រឿង​ដល់​កម្ពុជា ដើម្បី​ពង្រីក​សមត្ថភាព​សេវាសាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ។​ ​ការប្រកាស​នេះ​បានធ្វើ​ឡើង ក្នុង​ពិធី​ចុះហត្ថលេខា លើ​កំណត់ហេតុ​ពិភាក្សា​ស្តីពី​ការសិក្សា​អង្កេត​បឋម​សម្រាប់​គម្រោង​ព​ង្រឹ​ក​សមត្ថភាព​សេវា​ដឹកជញ្ជូន​សាធារណៈ ដោយ​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ រវាង​សាលា​រាជធានី​ភ្នំពេញ និង ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ។​

​គម្រោង​ព​ង្រឹ​ក​សមត្ថភាព សេវា​ដឹកជញ្ជូន​សាធារណៈ​នេះ នឹងត្រូវ​ផ្តោតលើ ៤ ចំណុច​សំខាន់ មានដូចជា ទី ១ ការសិក្សា​តំបន់​ខ្សែ​រថយន្ត​ដែលមាន​កម្មករ សិស្ស​និស្សិត អ្នកធ្វើការ និង អាជីវករ ទី ២ ចំនួន និង ប្រភេទ​រថយន្ត ដែល​ធានាបាន​ឲ្យ​សមស្រប ទៅនឹង​ចំនួន​មនុស្ស ទីកន្លែង និង ផ្លូវ​ដែល​រថយន្ត​ចល័ត​ទៅមក ទី ៣ ការសិក្សា​ពី​ចំណតរថយន្ត​ក្នុង​ក្រុង ហើយ​ភ្ជាប់​ទៅនឹង​ចំណតរថយន្ត​ដែល​មកពី​តាម​បណ្តា​ខេត្ត និង ទី ៤ ការងារ​គ្រប់គ្រង​ទាំង​បុគ្គលិក និង រថយន្ត ។​

បើតាម​ផែនការ​ឆ្នាំ ២០១៦ របស់​សាលា​រាជធានី​ភ្នំពេញ នឹង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​ការ​ឆូត​កាត​នៅពេល​ឡើង​ជិះ​រថយន្ត ដើម្បី​កាត់បន្ថយ​ចំនួន​បុគ្គលិក ព្រម​ជាមួយនឹង​ការពិនិត្យ​ឡើងវិញ ពី​គោលនយោបាយ​អនុគ្រោះ​មិន​យក​ថ្លៃ​ចំពោះ​កូនសិស្ស ព្រះសង្ឃ ជនពិការ និង ចាស់ជរា​។​ ​កាលពី​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ ជប៉ុន​ក៏បាន​ផ្តល់ជំនួយ ឥត​សំណង​នូវ​​អគារសិក្សា​ចំនួន ៤ ខ្នង ដល់​អនុវិទ្យាល័យ​ចំនួន ៤ នៅ​រាជធានី​ភ្នំពេញ ដោយ​ចំណាយ​​ថវិកា​ប្រមាណ​ជាង ២ លាន​ដុល្លារ​អាមេរិក ៕​សុថា​ត់​