កីឡាករ​កម្ពុជា​១១​នាក់ បាន​ចាញ់​បរទេសក្នុង​ទឹក​ដី ខណៈ ផល សោភ័ណ្ឌ ខក​ចិត្ត​នៅ​លើ​ទឹក​ដី​ចិន

កីឡាករ​ម្ចាស់​ផ្ទះ​របស់​កម្ពុជា​ចំនួន​១១​នាក់ បាន​ចាញ់​អ្នក​ប្រដាល់​ថៃ និង​ឡាវ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ក្នុង​ការ​ប្រកួត​ជម្រុះ​ខ្សែ​ក្រវាត់ និង​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​លើ​សង្វៀនទាំង​៥ រួម​មានសង្វៀន​​បាយ័ន SEATV ស៊ីធីអិន PNN និង​សង្វៀន​អប្សរា កាល​ពី​​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ម្សិល​មិញ គឺ​មាន​តែ​៤​នាក់​ប៉ុណ្ណោះ ដែល​បាន​ឈ្នះ និង​១នាក់​ទៀត​បាន​ស្មើ ខណៈ​ជើង​ខ្លាំង ផល សោភ័ណ្ឌ ក៏​បាន​ជួប​ការ​ខក​ចិត្ត​នៅ​លើ​ទឹក​ដី​ចិន ផង​ដែរ។

boxing-1

សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ កាល​ពីយប់​​ថ្ងៃ​អាទិត្យ ម្សិល​មិញ​ជើង​ខ្លាំង​របស់​កម្ពុជា ម៉ឺន សុភា បាន​យក​ឈ្នះ​កីឡាករ​ថៃ Thorng Thai Mekthay ដោយ​ពិន្ទុ ហើយ បឺត ខាំ ក៏​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ​វិញ វង្ស ណយ និង ឯម វុត្ថា ត្រូវ​​បាន​ថៃ​វាយ​ឲ្យ​សន្លប់​ដូច​គ្នា គឺ វង្ស ណយ ត្រូវ​បាន​ជើង​ខ្លាំង​របស់​ថៃ Rarueng Lokchampachai វាយ​ឲ្យ​សន្លប់​ទឹក​ទី​១ ខណៈ ឯម វិត្ថា ដែល​ឡើង​ប្រកួត​ជំនួស ពេជ្រ សីហា ​ត្រូវ​បាន​ថៃ Chhork Chai Petch Pracha វាយ​ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២។

យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​៤​គូ​នៅ​សង្វៀន SEATV ជើង​ខ្លាំង ឡុង សុភី បាន​ចាញ់​អ្នក​ប្រយុទ្ធ​របស់​ថៃ Phuong Serisk ដោយ​ពិន្ទុ​ទាំង​មិនពេញ​ចិត្ត កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ ឈិន ក្វានើង៉ុយ ក៏​បាន​ចាញ់​អ្នក​លេង​កណ្តាប់​ដៃ Pravit ដោយ​ពិន្ទុ ក្នុង​ថ្ងៃ​នោះ​ដែរ។ រីឯ​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ កន ចន្ថា បាន​ចាញ់ជើង​ខ្លាំង​របស់​ថៃ ឈាងក្រៃ ដោយ​ពិន្ទុ ហើយ ឡុង សុវណ្ណឌឿន ត្រូវបាន​គេ​បង្វែ​លទ្ធ​ផល​ឲ្យ​ស្មើ​ជាមួយ​ថៃ Phich Bunchong បើទោះ​បី​ជា​ចៅ​ក្រម​៤​នាក់​ក្នុង​ចំណោម​៥​នាក់ បាន​ផ្តល់​ពិន្ទុ​ឲ្យ​ថៃ​ឈ្នះ​សុវណ្ណឌឿន ៤-១ ក៏​ដោយ។

boxing-3

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​ចំនួន​៤​គូ នៅ​លើ​សង្វៀន​ស៊ីអីអិន និង CNC កីឡាករ​កម្ពុជា វ៉ាន់ ចាន់វ៉េន ដែល​បាន​ឡើង​ប្រកួត​ជំនួស ឈាន ហុង ដោយ​មិន​បាន​ត្រៀម​ខ្លួន​នោះ បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Dinnapho Pakornphorn Sorin ខណៈ សរ រាជសីហ៍ បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Phith Namchhok Keatphath Ratanakphan ដាច់​តែ​ម្តង រីឯ ផាន់ គ្រាន់ បាន​ចាញ់​ពិន្ទុ​កីឡាករ​ឡាវ Numthip Sor. Rongravy ប៉ុន្តែ មឿន សុខហ៊ុច បាន​យក​ឈ្នះ​កីឡាករ​ថៃ Daki Sor. Virakvann ដោយ​ពិន្ទុ ដើម្បី​ស្តារ​ស្ថាន​ភាព​ការ​ប្រកួត​នៅ​លើ​សង្វៀន​នេះ។ សម្រាប់​ការ​ប្រកួត​សមរភូមិអ្នក​ប្រយុទ្ធ​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុងទម្ងន់​៦០​គីឡូក្រាម របស់​សង្វៀន PNN កីឡាករ​កម្ពុជា សូត្រ ប៊ុនធី បាន​ផ្តួល​កីឡាករ​ថៃ លាង ឆាយ ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣ ប៉ុន្តែ សារឿន ច័ន្ទ ត្រូវ​បាន​កីឡាករ​ថៃ Sam A ទាត់​ឲ្យ​ខូច​ដៃ និង​បោះ​បង់​ចោល​ការ​ប្រកួតនៅ​ត្រឹម​ទឹក​ទី​៣។

boxing-4

យ៉ាង​ណា​ក៏​ដោយ សារឿន ច័ន្ទ និង​កីឡាករ​ថៃ លាង ឆាយ បាន​ឡើង​ប្រកួត​​គ្រាន់​តែ​ជា​ការ​ប្រកួត​បង្រ្គប់​កិច្ច​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ សារឿន ច័ន្ទ បាន​ឡើង​ប្រកួត​ជាមួយ Sam A ជំនួស​ សេក គឹមផៃ ដែល​បាន​បោះ​បង់​ចោល​ការ​ប្រកួត​ដោយ​សារ​មាន​របួស ខណៈ លាង ឆាយ បាន​ឡើង​ប្រកួត​ជំនួស​មិត្ត​រួមជាតិ​របស់​គេ Jack Nondangyim ដែល​បាន​បង់​ចោល​ការ​ប្រកួត​ដូច​គ្នា។ ចំពោះ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២​គូនៅ​សង្វៀន​អប្សរា កាល​ពី​ថ្ងៃ​សៅរ៍ កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា កំពែង ខ្មៅ បាន​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​របស់​ថៃ Sen Tha Noung យ៉ាង​គ្រាំ​​គ្រា​ រីឯ ង៉ែត្រ រដ្ឋា បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Reda ដោយ​ពិន្ទុ​ដាច់​ដូច​គ្នា។ ដោយ​ឡែក កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ផល សោភ័ណ្ឌ ដែល​បាន​ចេញ​ទៅ​ប្រកួត​ពាន​មួយ នៅ​ប្រទេស​ចិន​នោះ ក៏​បានជួប​ការ​ខក​ចិត្ត​ផង​ដែរ ខណៈរូប​គេ​ត្រូវ​បាន​​ប្រកាស​ឲ្យ​​ចាញ់​ពិន្ទុ​កីឡាករ​ម្ចាស់​ផ្ទះ​របស់​ចិន ទាំង​មិន​អស់​ចិត្តនោះ៕

boxing-5

boxing-2