រដ្ឋមន្ត្រីក្រសួង​សាធារណការ មិន​ខ្វល់​ពី​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៣

ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​មជ្ឈដ្ឋាន​នានា​។ ដោយហេតុថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​មិន​ខ្វល់​ពី​ការទប់ស្កាត់​រថយន្ត​ដឹកទំនិញ ដឹក​ថ្ម ដឹក​ខ្សាច់ ដែល​ផ្ទុក​លើស​ទម្ងន់​នោះទេ គឺ​ពួកគេ​ចាំតែ​អង្គុយ​រាប់​ក្បាល​រថយន្ត​យកលុយ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​ទង្វើរ​បស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៣ ចំណុច​ភូមិ​កំពង់ទួល ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជាបន្ទាន់​បំផុត​។

អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ដឹក​ដី ដឹក​ខ្សាច់ ក្រួស​ថ្ម ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់ទួល បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ទាំងនោះ​មិនដែល​ត្រួតពិនិត្យ​ករណី​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​ឬ​បទដ្ឋាន​ប​ចេ្ច​ក​ទេស​អ្វី​ទាំងអស់​។ ពួកគេ​បាន​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ដឹកទំនិញ ដឹក​ដី ក្រួស​ខ្សាច់​ថ្ម បង់លុយ​ក្នុង​មួយ​ជើង​ចាប់ពី​២​ម៉ឺន​រៀល​រហូត​១០​ម៉ឺន​រៀល ដោយ​មិនអាច​តវ៉ា​បានឡើយ​។ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​កំពង់ទួល​មាន​លក្ខណៈ​ជា​កុងត្រូលជជុះ​សុទ្ធសាធ ព្រោះ​ពួកគេ​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ ដឹក​ក្រួស​ខ្សាច់​ដី​ថ្ម ស្រេច​តែ​អំពើ​ចិត្ត​តាមរបៀប​ពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​ក្រុមការងារ​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ជួរ ឈុន​ឡេង មាន​រថយន្ត​សម្រាប់​ប្រដេញ​រថយន្ត​ទាំងឡាយណា​ដែល​មិន​ចូល​បង់លុយ ហើយ​ក៏មាន​រថយន្ត​បើកបរ​តាម​ផ្លូវលំ​តាម​ចាប់​អ្នក​ដឹក​ខ្សាច់ ដឹក​ក្រួស​ថ្ម ដែល​គេច​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​ទៀតផង​។

មន្ត្រីរាជការ​នៅក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ទៀតថា ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣​ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល​។ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​កំពង់ទួល បង្កើតឡើង​សម្រាប់​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកទំនិញ​និង​ក្រុមអាជីវករ​ដឹក​ក្រួស​ខ្សាច់​ថ្ម ដឹក​ដី ដោយ​មិន​ខ្វល់​ថា​រថយន្ត​ទាំងនោះ​ផ្ទុក​លើស​ទម្ងន់​ឬក៏​អត់​នោះឡើយ​។ ប្រការ​នេះហើយ​ដែល​មជ្ឈដ្ឋាន​នានា​ធ្វើការ​រិះគន់​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ប្រសិនបើ​មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ​។ អ្វីដែល​អាក្រក់​បំផុត​គឺ​ក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​កំពង់ទួល បាន​ប្រើ​ពាក្យសំដី​អសីលធម៌​ហួសហេតុ​ក្នុងការ​គំរាមកំហែង​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​៕

1598384_554500151307837_1208648169_nលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន WAT-060117លោក ជួរ ឈុនឡេង អនុប្រធានមន្ទីរសាធារណការខេត្តកណ្ដាល WAT-060115