សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​រកឃើញ​ឈើ​ប្រណីត​ក្នុង​ដី​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឧកញ៉ា តុ​ប វី​យ៉ា​ដា​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​ដែល​បាន​តាមដាន​ពី​សកម្មភាព​របស់​កង​កម្លាំងប្រដាប់អាវុធ​ចុះ​ស្វែងរក​ឈើ​ខុសច្បាប់​បានបញ្ជាក់​ថា នៅ​ដើម​សប្តាហ៍​នេះ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ដល់​បរិវេណ​ក្រុមហ៊ុន យូ​នី​ហ្គ្រី​ន ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​កន្លងមក​កម្លាំង​ប្រដាប់អាវុធ​បាន​រកឃើញ​ឈើ​ប្រណីត និង​ឈើ​លេខ​១​ប្រមាណ​ជាង​២​ពាន់​ម៉ែត្រគូប និង​ឈើ​ផ្សេងៗ​ទៀត​គេ​លាក់ទុក​នៅក្បែរ​ទីស្នាក់ការ​ដី​ក្រុម ហ៊ុន​ជិត​១​ពាន់​កំណាត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា នៅពេលដែល​កម្លាំងប្រដាប់អាវុធ​ចុះ​ឆែកឆេរ​ជាក់ស្តែង​ទើប​ដឹងថា​បទល្មើស​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ​ភាគច្រើន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ​មាន​ឥទ្ធិ​ល​ដែលមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​មានអំណាច​។​

សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​បង្ហើប​ថា ឈើ​ដែល​រកឃើញ​ក្នុងករណី​ខាងលើ​មាន​ជិត​១​ពាន់​ម៉ែត្រគូប ដោយមាន​វាយ​ត្រា​មេ ព្រៃ​ភាគច្រើន មានន័យថា ជា​ឈើ​មានច្បាប់​បង់ពន្ធ​ហើយ និង​ឈើ​ជាច្រើន​ទៀត គេ​រកឃើញ​នៅក្នុង​ឃ្លាំង​ក្រុមហ៊ុន មាន​ទីតាំងនៅ​ភូមិ​ក្រោល ឃុំ​ស្រែ​សង្គម មាន​ចម្ងាយ​ពី​ក្រុមហ៊ុន​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ​ជា​ឈើ​អារច្រៀក​រួច​។ ក្នុងនោះ​ក្រៅពី​ឈើ​មានច្បាប់​ខាងលើ​គេ​ដឹងថា មាន​ឈើ​ជិត​១​ពាន់​ម៉ែត្រគូប​ទៀត ជា​ប្រភេទ​ឈើមូល​អត់​ច្បាប់ ត្រូវបាន​គេ​បន្លំ​ដាក់​ជាមួយ​ឈើ​មានច្បាប់​ដែល​ភាគច្រើន​ជា​ឈើ​ប្រណីត​មានមុខ​កាត់​ធំៗ​។ ប្រភព​ដដែល​បាន​បង្ហើប​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​យូ​នី​ហ្គ្រី​ន​ដែល​រកឃើញ​ឈើ​ខុសច្បាប់ និង​ស្របច្បាប់​ខាងលើនេះ គ្រប់គ្រង​ដោយ​ឧកញ៉ា តុ​ប វី​យ៉ា​ដា​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ឈ្មួញ​រកស៊ី​ឈើ​តូចតាច​នៅ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា តាំងពីដើម​មកម្ល៉េះ​បទល្មើស​ព្រៃឈើ​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​មានអំណាច និង​ឈ្មួញ​មានអំណាច ព្រោះ​បើ​ឈ្មួញ​តូចតាច​ក៏​ជួញដូរ​ឈើ​បានត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​កន្លងមក​បើទោះជា​បទល្មើស​ព្រៃឈើ​ត្រូវគេ​រកឃើញថា​ប្រព្រឹត្ត​ដោយ​ឈ្មួញ​មាន​ឥទ្ធិពល​ក៏ដោយ ក៏​ឈ្មួញ​ទាំងនោះ​មិន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​ឡើយ តែ​ផ្ទុយទៅវិញ​បើ​ឈ្មួញ​តូចតាច​សមត្ថកិច្ច​ចាប់​ទាំង​ឈើ ទាំង​រថយន្ត និង​មនុស្ស​តែម្តង​៕

12647004_1551627748484924_8142078339524612007_n