ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

លោក​រ៉ា​អ៊ុ​ល កា​ស្ត្រូ ប្រធានាធិបតី​គុយ​បា នា​ថ្ងៃ​ទី​១ កុម្ភៈ ត្រូវ​ទទួល​ជា​កិត្តិយស​នៅ ARC DE TRIOMPHE ដែល​នោះ​ជា​ដំណាក់កាល​ដំបូង​នៃ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​២​ថ្ងៃ​របស់​លោក​នៅ​បារាំង ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម តែ​ពិសេស​បង្ហាញ​ពី​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​របស់​គុយ​បា​ជាមួយ​ពួក​លោក​ខាងលិច ។

មាន​វត្ត​មាននៅ​ក្រុងប៉ារីស​ចាប់តាំងពី​ថ្ងៃ​ទី​៣០ មក​រា មក សម្រាប់​ការ​ស្នាក់​ជា​ឯកជន លោក​រ៉ា​អ៊ុ​ល កា​ស្ត្រូ ត្រូវ​ជួប​គ្នា​កំពូល​នៅ​វិមាន​ប្រធានាធិបតី​អេ​លី​ហ្សេ ជាមួយ​ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ ។ នេះ​ជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​របស់​ប្រមុខរដ្ឋ​គុយ​បា​មួយ​រូប នៅ​រដ្ឋធានី​បារាំង ចាប់តាំងពី​ទស្សនកិច្ច​របស់​លោក​ហ្វី​ដែល កា​ស្ត្រូ កាលពី​២១​ឆ្នាំ​មុន​មក ។

កាលពី​ខែឧសភា ឆ្នាំ​២០១៥ លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ជា​ប្រមុខរដ្ឋ​លោក​ខាងលិច​ដំបូង​គេ​ទៅ​កាន់​គុយ​បា​ចាប់តាំងពី​ជ័យជម្នះ​នៃ​បដិវត្តន៍​កា​ស្ត្រូ​លើ​របប​បាទី​ស្តា​កាលពី​ឆ្នាំ​១៩៥៩​មក ។

ប្រមុខរដ្ឋ​ទាំង​២​ត្រូវ​ជួប​ពិភាក្សា​គ្នា​នា​វេលា​ម៉ោង​១៧ ម៉ោង​ក្នុងស្រុក​នៅ​វិមាន​អេ​លី​ហ្សេ​រួច​មួយ​ម៉ោង​ក្រោយមក បើ​តាម​កម្មវិធី​នឹង​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​១២ និង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ ។

យោង​តាម​វិមាន​អេ​លី​ហ្សេ​ថា បារាំង​មាន​បំណង​បញ្ជាក់​នា​ឱកាស​នោះ​ថា ជា​ដៃគូ​នយោបាយ និង​សេដ្ឋកិច្ច​អឺរ៉ុប​ដំបូង​គេ​របស់​គុយ​បា ។ បារាំង​មាន​បំណង​ពង្រឹង​វត្តមាន​នៃ​បណ្តា​សហគ្រាស​ខ្លួន​ក្នុង​ប្រទេស​មួយ ដែល​បើកចំហ​បន្តិច​ម្តង​ៗ​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារ ដោយ​ចាប់តាំងពី​ថ្ងៃ​ទី​១ កុម្ភៈ នេះ​ទៅ នឹង​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​ទេសចរណ៍ ដឹក​ជញ្ជូន ឬ​ពាណិជ្ជកម្ម ។

ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៤ មក ក្រុង​ឡា​ហា​វ៉ា​ន​ក៏​បាន​ពិភាក្សា​ផង​ដែរ​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​បង្កើត​ក្រប​ខណ្ឌ​ចរចា​នយោបាយ និង​កិច្ច​សហប្រតិបត្តិការ​មួយ​ក្នុង​ចំណង​បិទ​ទំព័រ​នៃ​ជម្លោះ​ចាស់​ៗ​លើ​សិទ្ធិ​មនុស្ស ៕