ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ​៖​ ប្រជាពលរដ្ឋ​កម្ពុជា​​ក្មេង​​ ចាស់​ ប្រុស​ ស្រី​​ជាង​៩០%​ បាន​នាំ​គ្នា​គោរព​ប្រតិបត្តិ​តាមឱ​វាទ​ព្រះពុទ្ធ​សាសនា តាំង​តែ​ពី​បុរាណ​កាល​ ​រហូត​មក​ដល់​សព្វថ្ងៃ ព្រោះតែ​ការ​ប្រៀនប្រដៅ​មនុស្ស​ឱ្យ​​ចេះ​ប្រ​ព្រិ​ត្តិ​អំពើ​ល្អ ។ 

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ មាន​បុគ្គល​មួយ​ចំនួន​តូច​ បាន​យក​​សាសនា​ធ្វើជា​ឈ្នាន់​ ដើម្បី​បិទ​បាំង​ពី​ទ​ង្វើ​​អាក្រក់​របស់​ខ្លួន ជាមួយ​នោះ​លោក​ស្រី សុ​ភ័ក្ត្រ ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​​ខេត្ត ​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ដើមឆ្នាំ​២០១៦​ នេះ​ថា ទើបតែ​មាន​បុគ្គល​២​រូប​ប៉ុណ្ណោះ​ដែល​​បាន​ក្លែង​ធ្វើជា​សង្ឃ​​ដើរ​គោចរ​​បិណ្ឌបាតបច្ច័យ ហើយ​ត្រូវ​បាន​ចាប់​បក​ស្បង់​ចីវរ​ចេញ ដើម្បី​​កុំ​ឱ្យ​​ប៉ះពាល់ដល់​សាសនា​​របស់​ជាតិ​យើង ដែល​មនុស្ស​ផង​ទាំងពួង​កំពុង​​តែ​គោរព ។

មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀលថ្ងៃ​ទី​៣០ ​មក​រា ២០១៦ មាន​បុគ្គល​ឈ្មោះ ប្រាក់ ផា​ន​ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ប្ញស្សី​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ បាន​ពាក់​ស្បង់​ចីវរ​ក្លែង​​ជា​​សង្ឃ​ក្លែងក្លាយ​និមន្ត​ដើរ​បិណ្ឌបាត​បច្ច័យ​ទៅ​តាម​ទីប្រជុំជន​ក្នុង​ក្រុង​កំពង់ចាម រួម​ជាមួយនឹង​អាចារ្យ​២​នាក់ ព្រមទាំង​ប្រាប់​គេឯង​ថាយក​បច្ច័យ​មក​សម្រាប់​​កសាង​ដងទង់​វត្ត​បឹង​កុក ស្ថិត​នៅ​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។

មន្ត្រី​នគរបាល​បាន​​ប្រាប់​បន្តឱ្យ​​ដឹង​ទៀត​ថា ស្រប​​ពេល​ដែល​សង្ឃ​ក្លែងក្លាយ​នេះ​និមន្ត​មក​ដល់​ត្រង់​​ក​ន្លែង​លក់ដូរ​មួយ​កន្លែង​នៅ  ត្រង់​ចំណុច​​សាល​មហោស្រព ក្រោយ​មន្ទីរ​​អប់រំ​យុវជន ​និង​កីឡា​ខេត្ត ដោយ​មាន​​ទាំង​កាន់​ក្រដាស​​បង្ហាញ​គេឯង​ទៀត ស្ថិត​នៅ​ក្នុង​ការ​​សង្ស័យ​មន្ត្រី​នគរបាល​ក្រុង​កំពង់ចាម ក៏​ប្រ​ញាប់​​ទូរស័ព្ទ​ទាក់ទង​ទៅ​ចៅអធិការ​វត្ត​បឹង​កុក​ជា​បន្ទាន់ ត្រូវ​បាន​ចៅអធិការ​វត្ត​បដិ​សេធ​ថា​ព្រះ​អង្គ​មិន​ចាត់ឱ្យ​​សង្ឃ​អង្គ​ណាមួយ​ចេញ​បិណ្ឌបាតបច្ច័យ​ឡើយ ។ ដល់អ៊ីចឹងទើប​ដឹង​ថា​ អាច​ជា​សង្ឃ​ក្លែងក្លាយ ក៏​បាន​ឱ្យ​​ទៅវត្ត​បឹង​កុក​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​មើល​គ្មាន​ឆាយា​សម្គាល់​ខ្លួន​ទេ ។

ចៅអធិការ​វត្ត​បឹង​កុក ព្រះ​តេជគុណ ខាន់ ខាត់  មាន​ថេរ​ដីកា​ឱ្យ​ដឹង​នៅ​ព្រឹកថ្ងៃ​ទី​១ ​កុម្ភៈ ​នេះ​ថា ​នៅ​វត្តបឹង​កុក ​គឺ​មិន​មានការ​កសាង​​ដងទង់​អ្វី​នោះ​​ទេ ចំពោះ​បុគ្គល​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ គឺ​ពិតជាយក​វត្ត​របស់​ព្រះ​អង្គជា​ឈ្នាន់ សំរាប់​បិទ​បាំង​នូវ​
ទ​ង្វើ​របស់​​ខ្លួន ។ បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ដដែល​​នោះ (៣០​មក​រា) ក៏​បាន​ចាប់​បក​​ស្បង់ចីវរ​​ចេញ ​និង​បាន​ធ្វើ​កិច្ចសន្យា​​បញ្ឈប់​មិន​ឱ្យ​​មាន​បន្ត​ទៀត ។​ ហើយ​បុគ្គល​នេះ​មិន​មានឈ្មោះ​ក្នុង​បញ្ជី​​វត្ត​បឹង​កុក​ទេ នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ​ ក៏​គ្មាន​ដែរ ។ 

លោកស្រី សុ​ភ័ក្ត្រ ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ប្រាប់ឱ្យ​​ដឹង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​​កន្លង​ទៅ មិន​មាន​ករណី​​សង្ឃ​ក្លែងក្លាយ​ដើរ​បិណ្ឌ​បាត​បច្ច័យ​នោះ​ទេ  ទើបតែ​នៅ​ដើមឆ្នាំ​២០១៦​នេះ ​មាន​២​ករណី​ដោយ​កា​ល​ពី​កន្លះ​ខែ​មុខ​មាន​បុគ្គល​ម្នាក់ បាន​ដើរ​បិណ្ឌបាត​គ្រប់​ខេត្ត​ក្រុង មក​អស់​លក្ខណ៍​នៅ​ខេត្តកំពង់ចាម​ ។