​រថយន្ត​បុក​ទម្លុះ​ទ្វាររបង ​ចូល​ទៅ​ក្នុងផ្ទះ ​បុក​​ក្មេង​ប្រុស​អាយុ៣​ឆ្នាំ​ម្នាក់ ​ស្លាប់​​គួរ​ឱ្យ​សង្វេគ

រាជ​ធានី​ភ្នំពេញ ៖ ​សន្តិសុខ​​​ម្នាក់​​បើករថយន្ត​​​ បុក​​ទម្លុះ​ទ្វាររបង​ផ្ទះ​​​​ និង​​បុក​ក្មេង​ប្រុស​អាយុ៣​ឆ្នាំ​ម្នាក់​ ​ដែល​​អង្គុយ​​លេង​​នៅ​ខាង​មុខ​ផ្ទះ​​ក្នុង​របង​បណ្តាលឱ្យ​​ស្លាប់ ​យ៉ាង​​អាណោច​​​អាធ័ម ​​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ ​កុម្ភៈ ​​២០១៦ នេះ ស្ថិត​​នៅ​ក្នុងផ្ទះ​លេខ​៦៩ ផ្លូវ​លេខ​២៨៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ​។

​មន្ត្រី​នគរបាល​​បាន​​​ឱ្យ​ដឹង​ថា បុរស​ជា​សន្តិសុខ​​ឈ្មោះ ព្រំ ចាន់ អាយុ៣១​ឆ្នាំ​ ​​​បម្រើ​ការ​និង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​​​ក្បែរ​ផ្ទះ​​កើតហេតុ​ខាងលើ​ ។​ ​ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​​ឈ្មោះ ទា ជី​ន​ឡុ​ង អាយុ៣​ឆ្នាំ ​ខណៈ​​ឪពុកម្តាយ​​​ដាក់​ឱ្យ​​អង្គុយបត់ជើង​លេង​នៅ​ខាង​មុខ​ផ្ទះ ​​ត្រូវ​រថយន្ត​ម៉ាក​ហា​យ​ប្រ៊ី​ដ ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២A-០៦២៧ មួយ​គ្រឿង​​ បុក​​បណ្តាល​ឱ្យ​​ស្លាប់​​នៅ​នឹង​កន្លែង​​​កើតហេតុ​ ​។

​មន្ត្រី​នគរបាល​​បាន​​​​បន្ត​​ថា មុន​ពេល​កើតហេតុ​ ​សន្តិសុខ​រូប​​នេះ​បាន​បើករថយន្ត​​​របស់​ភ្ញៀវ​ក្នុង​បំណង​រក​កន្លែង​បត់​ដើម្បី​ចូល​ចំណត លុះ​បើក​មក​ដល់​ខាង​មុខទ្វារ​របង​របស់​ផ្ទះ​​កើតហេតុ​ ក៏​​បើក​បត់​ត្រឡប់​ទៅ​ក្រោយ​វិញ ​​​​ស្រាប់​តែ​ជ្រុល​​ទៅ​​​បុក​ទម្លុះ​ទ្វាររបង​ចូល​ទៅ​ខាងក្នុង​ផ្ទះ​​បុក​ក្មេង​ប្រុស​​ស្លាប់​តែ​ម្តង ។​

ក្រោយ​ពេល​កើតហេតុ​ សព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​​រៀប​ចំ​​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ​ក្រោមតំណក់​​ទឹក​ភ្នែក និង​​ក្តី​អាណិត​អាសូរ​ពី​ឪពុក​ម្តាយ ។ ចំណែក ​​​​អ្នកបើកបរ​រថយន្ត​​បង្ក​ និង​រថយន្ត​​ ត្រូវ​បាន​​សមត្ថ​កិច្ច​បញ្ជូន​​ទៅ​រក្សា​ទុ​ក​នៅ​ការិយាល័យ​ នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ៕

​រថយន្ត​បុក​ទម្លុះ​ទ្វាររបង ​ចូល​ទៅ​ក្នុងផ្ទះ ​បុក​​ក្មេង​ប្រុស​អាយុ៣​ឆ្នាំ​ម្នាក់ ​ស្លាប់​​គួរ​ឱ្យ​សង្វេគ
​រថយន្ត​បុក​ទម្លុះ​ទ្វាររបង ​ចូល​ទៅ​ក្នុងផ្ទះ ​បុក​​ក្មេង​ប្រុស​អាយុ៣​ឆ្នាំ​ម្នាក់ ​ស្លាប់​​គួរ​ឱ្យ​សង្វេគ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត