ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​ប្រដាល់​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​កីឡាករ​កម្ពុជា​២​រូប​កាលពី​ថ្ងៃអាទិត្យ​ទី​៣១ មក​រា បាន​បញ្ចប់​ទៅ​ខុស​ពី​ការ​ព្យាករ​ទុក​ទាំងស្រុង ។ កីឡាករ ផា​ន់ ផាត់​យុទ្ធ បាន​ក្លាយជា​កីឡាករ​ចុង​ក្រោយ​ដែល​ឡើង​អង្គុយ​កៅអី​វគ្គ​១៦​នាក់ ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក ខណៈ​ដែល​កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​ត្រូវ​គេ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដើម្បី​សងសឹក​ជំនួស​មិត្ត​រួម​ក្រុម​ឯណេះ​វិញ គឺ​ទទួល​ផ្លែផ្កា​មិន​ដូច​ចិត្ត​ទៅ​វិញ ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ មានការ​ចាប់អារម្មណ៍​មិន​តិច​ទេ​ចំពោះ​ការ​ប្រកួត​៤​នាក់​ចុង​ក្រោយ​ក្នុង​ចំណោម​៣២​នាក់​ដែល​ត្រូវ​ដណ្ដើម​គ្នា​ឡើង​អង្គុយ​កៅអី​១៦​នាក់ ដើម្បី​បោះ​ជំហាន​ទៅ​រក​ការ​ប្រកួត​ដណ្ដើម​ជើងឯក​របស់​ក្រុមហ៊ុន​Tiffy ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ កីឡាករ អីុ វ៉ា​ន់​ស័​ក្ដ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បាន​ក្លាយជា​អ្នក​ឈ្នះ​ទី​១៥ ក្នុង​ចំណោម​១៦​នាក់ បន្ទាប់​ពី​បាន​យកឈ្នះ​កីឡាករ​លី​ន ចំរើន មក​ពី​ក្លិប​បុរី​រាជសីហ៍​មានរិ​ទ្ធ តាម​រយៈ​ការ​ប្រកួត​ស្វិតស្វាញ​ពេញ​រយៈពេល​៣​ទឹក ។

ដោយឡែក​ចំពោះ​ការ​ប្រកួត​របស់​២​នាក់​ចុង​ក្រោយ​ដើម្បី​ដណ្ដើម​គ្នា​ឡើង​វគ្គ​១៦​នាក់ រវាង​កីឡាករ​ផា​ន់ ផាត់​យុទ្ធ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ ផា​ន់ ពិសិដ្ឋ មក​ពី​ក្លិប​គជសារ​កីឡា ត្រូវ​គេ​មើលឃើញ​ថា មាន​ភាពស្វិតស្វាញ​ខ្លាំង​ជាង​គូប្រកួត​ខាងលើ​ទៅ​ទៀត ដោយសារ​តែ​ភាគី​ម្ខាង​ៗ​សុទ្ធតែ​ចង់​ឈ្នះ និង​មិន​ចង់​ធ្លាក់​ដូច​គ្នា ។ នេះ​ជា​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ៗ និង​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​បន្ត​។

អ៊ីចឹង​ហើយ​ទើប​ទាំង​កីឡាករ​បង្គោល​ក្រហម និង​បង្គោល​ខៀវ សុទ្ធតែ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ស្វាហាប់​នៅ​លើ​រេញ ។ កីឡាករ ផា​ន់ ផាត់​យុទ្ធ គឺជា​អ្នក​ឈ្នះ​ពិន្ទុ​ហើយ​ក៏​ជា​អ្នក​ឡើង​អង្គុយ​កៅអី​១៦​នាក់​ចុង​ក្រោយ​ផង​ដែរ ដើម្បី​បន្ត​ឱកាស​ទៅ​កាន់ការ​ប្រកួត​ជម្រុះ​យក​៨​នាក់​បន្ថែម​ទៀត​ក្នុង​ពេល​ខាង​មុខ ។ ជ័យជម្នះ​របស់​កីឡាករ​រូប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ស្នេហា​ការ​ប្រដាល់​កោតសរសើរ​ចំពោះ​គេ​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​ដែល​កីឡាករ ផា​ន់ ពិសិដ្ឋ ក៏​បញ្ចេញថ្វីដៃ​បាន​ល្អ​ដូច​គ្នា​នោះ ។ យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា កីឡាករ ផា​ន់ ផាត់​យុទ្ធ នឹង​បោះ​ជំហាន​ក្លាយជា​ម្ចាស់​ជើងឯក​នៅឡើយ​ទេ បើ​ទោះជា​គេ​បាន​ឡើង​កៅអី​មួយ​ក្នុង​ចំណោម​១៦​នាក់​ក្នុង​ការ​ជម្រុះ​លើក​ទី​១​សម្រាប់​ព្រឹត្តិការណ៍​នេះ ។

ផ្ទុយ​ពី​កីឡាករ​ផា​ន់ ផាត់​យុទ្ធ ដែល​បាន​ឡើង​កាលី​ប​ដោយសារ​បាន​ឈ្នះ​គូប្រកួត​ហើយ​បាន​បន្ត​ទៅ​កាន់​វគ្គ​១៦​នាក់​សម្រាប់​ការ​ប្រកួត​ជើងឯក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ឯណេះ​វិញ កីឡាករ​២​រូប​គឺ​កន ច​ន្ថា និង​ឡុ​ង សុវណ្ណ​ឌឿ​ន មិន​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ ក្នុង​ការ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ។ យ៉ាងណា​ក៏​ដោយ​មានការ​កត់សម្គាល់​ចំពោះ​ការ​ប្រកួត​របស់​កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន ខ្លាំង​ជាង ដោយសារ​តែ​ការ​ប្រកួត​របស់​គេ គឺជា​ការ​ប្រកួត​ដែល​ត្រូវ​គេ​មើលឃើញ​ថា​ដើម្បី​ឡើង​សងសឹក​ឱ្យ​កីឡាករ​កម្ពុជា​កន្លង​មក ប៉ុន្តែ​បែរជា​ធ្វើ​មិន​បាន​។

គូប្រកួត​របស់​គេ​គឺ​PhichBunchong ដែល​ការ​ប្រកួត​កន្លង​មក គឺ​មិន​ដែល​ចាញ់​នោះ​ទេ ទោះជា​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ល្អ​ៗ​កម្រិត​ណា​របស់​កម្ពុជា​ក៏​ដោយ ។ កីឡាករ Phich Bunchong ត្រូវ​គេ​ដឹង​រួច​មក​ហើយ​ថា​ខ្លាំង និង​មិន​ទាន់​មាន​ជើង​ខ្លាំង​កម្ពុជា​ណា​ម្នាក់​យកឈ្នះ​បាន​នោះ​ទេ គ្រប់ពេល​ដែល​គេ​មក​ប្រកួត​នៅ​លើ​សង្វៀន​ប្រទេស​កម្ពុជា ។ ការ​ប្រកួត​លើក​ទី​១​របស់​កីឡាករ​រូប​នេះ គេ​ឈ្នះ​ជើង​ខ្លាំង​ពេជ្រ សីហា ដែល​អ្នក​ណា​ក៏​ទទួលស្គាល់​ថា​ជា​កីឡាករ​ល្បីឈ្មោះ​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។ ឡើង​មក​ប្រកួត​លើក​ទី​២ នៅ​កម្ពុជា​គេ​បាន​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ រឿង សោ​ភ័​ណ្ឌ ក្នុង​ពេល​ដែល​អ្នក​ទស្សនាការ​ប្រកួត​សុទ្ធតែ​មើលឃើញ​ថា​រឿង សោ​ភ័​ណ្ឌ ត្រូវ​គេ​ឱ្យ​ស្មើ​ដោយសារ​តែ​បាន​តែម​ជា​កីឡាករ​កម្ពុជា ។ ការ​មក​ប្រកួត​លើក​ទី​៣ គេ​ក៏​បាន​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ ឡុ​ង សុ​ភី នោះ​ផង​ដែរ ដែល​ក្នុង​នោះ​លទ្ធផល​វាយ​ចេញ​របស់​គេ​ក៏​មើលទៅ​ដូច​ជា​មាន​ទម្ងន់​ជាង​កីឡាករ​កម្ពុជា​ដូច​គ្នា ។ លើក​ទី​៤​កីឡាករ​ពេជ្រ សីហា សុំ​ឡើង​សងសឹក ហើយ​ក៏​ត្រូវ​កីឡាករ​រូប​នេះ​វាយ​ឱ្យ​ចាញ់​យ៉ាង​អាម៉ាស់​ម្ដងទៀត ។ អ៊ីចឹង​ហើយ​ទើប​គណៈកម្មការ​ប្រដាល់​បាន​សម្រេច​ដាក់​ឱ្យ​ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​ជា​ជើង​ខ្លាំង​លេចធ្លោ​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​ដោយ​រំពឹង​យ៉ាង​ខ្លាំង​ថា​ឡុ​ង សុ​ណ្ណ​ឌឿ​ន ពិតជា​អាច​សងសឹក​កីឡាករ​ថៃ Phich Bunchong​សម្រាប់​ការ​ប្រកួត​នោះ ។ ក្នុង​ទឹក​ទី​១ គេ​ឃើញ​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​មាន​សមត្ថភាព​ប្រហែល​គ្នា ដោយ​អាច​និយាយ​បាន​ថា មើល​មិនដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ។

ក្នុង​ទឹក​ទី​២ កីឡាករ​ថៃ​មានឱកាស​វាយ​កែង​បាន​ល្អ ស្រូប​ពិន្ទុ​នាំមុខ​កីឡាករ​កម្ពុជា ។ ក្នុង​ទឹក​ទី​៣ កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន ទទួល​បាន​ឱកាស​វាយតប​បាន​ល្អ​សង​វិញ តាម​រយៈ​ការ​វាយ​កែង និង​ទាត់​ជើង​ក្រោម​បាន​ចំ​គោលដៅ ប៉ុន្តែ​កីឡាករ​ថៃ ក៏​មានឱកាស​បញ្ចេញ​កណ្ដាប់ដៃ និង​កែង​បាន​ល្អ​ម្ដង​ៗ​ផង​ដែរ ។ ក្នុង​ទឹក​ទី​៤ កីឡាករ​ទាំង​ពីរ​មាន​ប្រៀប​រៀងខ្លួន ហើយ​ក្នុង​ទឹក​ទី​៥ កីឡាករ​កម្ពុជា​ចាប់ផ្ដើម​មាន​សន្ទុះ​ប៉ុន្តែ​ទំនងជា​កម្លាំង​របស់​គេ​ចុះ​ខ្សោយ​ក្នុង​ការ​វាយលុក​ទើប​មិន​អាច​ធ្វើ​អ្វី​ចំពោះ​កីឡាករ​ថៃ​បាន ។ ឡុ​ង សុវណ្ណ​ឌឿ​ន ត្រូវ​គេ​ឱ្យ​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​Phich Bunchong បើ​ទោះជា​ការ​ថ្លឹងថ្លែង​គឺ​កីឡាករ​កម្ពុជា​អាច​ចាញ់​ប្រៀប​បន្តិចបន្តួច​សម្រាប់​ការ​ប្រកួត​ទាំងមូល ។

លទ្ធផល​ត្រឹម​ស្មើ​របស់ ឡុ​ង សុវណ្ណ​ឌឿ​ន បាន​បង្ហាញ​តួលេខ​ជា​ថ្មី​ថា ជើង​ខ្លាំង​Phich Bunchong មិន​មាន​គូប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​មាន​ន័យ​ថា​ជើង​ខ្លាំង​ឡុ​ង សុវណ្ណ​ឌឿ​ន ប៊ិះ​នឹង​ខកខ្លួន​សម្រាប់​ការ​បង្ហាញខ្លួន​សុំ​សងសឹក​ជំនួស​មិត្ត​រួម​ក្រុម គឺ​ពេជ្រ សីហា ,​រឿង សោ​ភ័​ណ្ឌ និង​ឡុ​ង សុ​ភី​នោះ ។ យ៉ាងណា​ក៏​ដោយ​គេ​រំពឹង​ថា ក្នុង​ពេល​ខាង​មុខ គឺ​នឹង​មាន​ជើង​ខ្លាំង​កម្ពុជា​ណា​ម្នាក់​មាន​សមត្ថភាព​យកឈ្នះ​កីឡាករ​ថៃ​រូប​នេះ​បាន​មិន​ខាន បើ​ទោះជា​លក្ខខណ្ឌ​នៃ​ការ​រស់នៅ និង​ការ​ហ្វឹកហាត់​ជា​កត្តា​ជំរុញ​ឱ្យ​កីឡាករ​Phich Bunchong កាន់តែ​ល្អ​ឡើង​ៗ ។ កីឡាករ​កន ច​ន្ថា ក៏​មាន​អ្នក​ស្នេហា​ការ​ប្រដាល់​ចាប់អារម្មណ៍​ច្រើន​បន្ទាប់​ពី​គេ​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព​ទៅ​ហើយ​នៅ​តែ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​Chheng Krai នៅ​ថ្ងៃអាទិត្យ​នោះ ៕